ធនាគារពិភពលោកអនុម័តការវិនិយោគចំនួន ១៤៥ លានដុល្លារ សម្រាប់គម្រោងសន្តិសុខទឹកនៅកម្ពុជា
វ៉ាស៊ីនតោន៖ ធនាគារពិភពលោក នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤បាន អនុម័តការ វិនិយោគ ថ្មី មួយ ទៀត ចំនួន ១៤៥ លានដុល្លារអាមេរិក សម្រាប់ គម្រោងកែលម្អ ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកនៅកម្ពុជា ដែលគេរំពឹង ថានឹង ផ្តល់ អត្ថប្រយោជន៍ ដល់ ប្រជាជនជាង ១១៣ ០០០នាក់។
ក្រោមជំនួយឥណទានចំនួន ១៤៥ លានដុល្លារអាមេរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) របស ធនាគារ ពិភពលោក “គម្រោងកែលម្អសន្តិសុខទឹកនៅកម្ពុជា” (Cambodia Water Security Improvement Project) នឹងធ្វើឱ្យសន្តិសុខទឹកកាន់ តែ មាន ភាព ប្រសើរឡើង, ជួយបង្កើនផលិតភាពកសិកម្ម និងកសាងភាពធន់ទៅ នឹង ហានិភ័យអាកាសធាតុ។
លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅ កម្ពុជា មានប្រសាសន៍ថា៖“គម្រោង នេះ នឹង ជួយប្រទេសកម្ពុជាឱ្យ មានសន្តិសុខទឹកប្រកបដោយចីរភាព និងសម្រេច បាន ផលិតភាពកសិកម្មកាន់តែ ច្រើន”។
លោក ស្រី មាន ប្រសាសន៍ បន្ថែម ថា៖”ការវិនិយោគនៅពេលនេះទៅ លើភាពធន់ទៅ នឹងអាកាស ធាតុ, ការធ្វើផែនការ និងការ រៀបចំ ហេដ្ឋារចនាសម្ព័ន្ធឱ្យ កាន់តែប្រសើរឡើង មិនត្រឹមតែអាច ឆ្លើយ តប បានភ្លាម ៗ ទៅនឹងតម្រូវការទឹករបស់កសិករ និងគ្រួសារ កម្ពុជា ប៉ុណ្ណោះ ទេ ប៉ុន្តែថែមទាំងធ្វើ ជាមូលដ្ឋានគ្រឹះសម្រាប់ការផ្តល់ សេវា ទឹករយៈពេលវែង ផងដែរ។”
ទោះបីជាប្រទេសកម្ពុជាមានប្រភពទឹកច្រើនក៏ដោយ ភាពខុសគ្នានៃ ការ ធ្លាក់ ភ្លៀងតាមរដូវ និងតាម តំបន់នៅក្នុង ប្រទេស បាន បង្កបញ្ហា ប្រឈមជា ច្រើន ដល់ ការផ្គត់ផ្គង់ទឹកនៅ ក្នុងទីក្រុង និងនៅ តាម ទី ជនបទ។ ព្យាករណ៍ អាកាស ធាតុបាន ឱ្យ ដឹង ថា ទឹកជំនន់ និងភាព គ្រោះរាំងស្ងួត នឹងមាន កាន់តែញឹកញាប់ និងសភាព កាន់ តែ ធ្ងន់ធ្ងរ ដែលដាក់សម្ពាធកាន់តែ ខ្លាំងទៅ លើ សមត្ថភាព របស់ ប្រទេស ក្នុងការគ្រប់គ្រងធនធានទឹកសាបរបស់ខ្លួន។ បញ្ហា នេះនឹងជះឥទ្ធិពល ទៅលើផលិតកម្ម ស្បៀង និងកំណើន សេដ្ឋកិច្ច។
គម្រោងនេះនឹងត្រូវអនុវត្តក្នុងរយៈពេលប្រាំឆ្នាំ ដោយក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ។ គម្រោងនឹងពង្រឹងការគ្រប់គ្រងធនធានទឹក តាមរយៈការពង្រីកស្ថានីយជលសាស្ត្រ, ការ ធ្វើបច្ចុប្បន្ន ភាព គោលនយោបាយ និងបទប្បញ្ញត្តិ, ការរៀបចំផែនការគ្រប់គ្រងអាងទន្លេដែលមានព័ត៌មានអំពី អាកាសធាតុ និងការ ពង្រឹង ការបំពេញមុខងាររបស់អាជ្ញាធរទឹកថ្នាក់ ជាតិ និងថ្នាក់ ខេត្ត។
ប្រព័ន្ធផ្គត់ផ្គង់ទឹកសម្រាប់គ្រួសារ និងប្រព័ន្ធធារាសាស្រ្ត នឹង ត្រូវ បាន ស្តារឡើងវិញ និងកែលម្អឱ្យ ប្រសើរឡើង ហើយ សហគមន៍កសិករ អ្នកប្រើប្រាស់ទឹក នឹងទទួល បាន ការ បណ្តុះបណ្តាល និង ជំនួយបច្ចេកទេស តាម រយៈគម្រោង សម្រាប់ធ្វើ ប្រតិបត្តិការ និងការថែទាំហេដ្ឋារចនាសម្ព័ន្ធដែល ត្រូវ បាន កែលម្អឡើងវិញ។
តាម រយៈ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ជាតិ និងថ្នាក់ ខេត្ត វិធានការនានានឹងត្រូវធ្វើឡើងដើម្បីជួយកសិករឱ្យ ចេះ ចាប់ យកបច្ចេកវិទ្យាឆ្លាតវៃអាកាសធាតុ សម្រាប់ បង្កើន ផលិតភាព និងកាត់បន្ថយការបំភាយឧស្ម័ននៅ ក្នុងវិស័យ កសិកម្ម។