Close

ដង្កូវហ្វូង និងដង្កូវមូស្លឹក កំពុងបំផ្លាញស្រូវ និងដំឡូងមីលើផ្ទៃដីរាប់ម៉ឺនហិកតានៅក្នុងខេត្តចំនួន ៤

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ដង្កូវហ្វូង និងដង្កូវមូស្លឹក កំពុងបំផ្លាញស្រូវ និងដំឡូងមីលើផ្ទៃដីរាប់ម៉ឺនហិកតានៅក្នុងខេត្តចំនួន ៤ ដង្កូវហ្វូង និងដង្កូវមូស្លឹក កំពុងបំផ្លាញស្រូវ និងដំឡូងមីលើផ្ទៃដីរាប់ម៉ឺនហិកតានៅក្នុងខេត្តចំនួន ៤

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៤នេះ ដង្កូវហ្វូងនិងដង្កូវមូស្លឹក កំពុងបំផ្លាញស្រូវ និងដំឡូងមីរបស់ប្រជាកសិករ លើផ្ទៃដីរាប់ម៉ឺនហិកតា នៅក្នុងខេត្តចំនួន រួមមានខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំ។

បើតាមទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានកសិកម្ម នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២៤ បញ្ជាក់ថា ការរងផលប៉ៈពាល់ដោយសត្វល្អិតចង្រៃខាងលើនេះ មាន ខេត្តព្រះវិហារ ដំណាំស្រូវចំនួន ១ ២២១ហិកតា និងដំណាំដំឡូងមីចំនួន ៣ ៣៧១ហិកតា ខេត្តកំពង់ធំ ដំណាំស្រូវចំនួន ៣ ៦៣៦ហិកតា ខេត្តកំពង់ចាម ដំណាំស្រូវចំនួន ១១៨ហិកតា និង ខេត្តកំពង់ឆ្នាំង ដំណាំស្រូវចំនួន ១១,៣០ហិកតា

ប្រភពដដែលបន្ថែមថា ស្ថានភាពនៃការបំផ្លាញដោយប្រជាករដង្កូវហ្វូងនិងដង្កូវមូស្លឹក នេះ កំពុងតែស្ថិតនៅក្នុងស្ថានភាពតាមដាន និងអន្តរាគមន៍បន្ត ដើម្បីឈានទៅរកស្ថានភាពដែលអាចគ្រប់គ្រងបាន។

ក្រុមការងារជំនាញនៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាកដ្ឋានកសិកម្ម នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៤ បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រះវិហារ កំពង់ចាម កំពង់ឆ្នាំង និងខេត្តកំពង់ធំ ព្រមទាំងអាជ្ញាធរដែនដីតាមមូលដ្ឋានក្នុងខេត្តគោលដៅ បានបន្តចុះពិនិត្យ និងអន្តរាគមន៍កម្ចាត់ដង្កូវហ្វូងបំផ្លាញដំណាំស្រូវ និងដំឡូងមី ។

ក្រុមការងារនេះ បានចូលរួមយុទ្ធនាការផ្សព្វផ្សាយស្តីពី “វិធានការការពារ និងកម្ចាត់ដង្កូវហ្វូងដែលស៊ីបំផ្លាញដំណាំកសិកម្ម របស់ប្រជាកសិករ” ក្នុងគោលបំណង គឺដើម្បីផ្សព្វផ្សាយពីវិធីការពារ និងកម្ចាត់ដង្កូវហ្វូងដែលស៊ីបំផ្លាញដំណាំស្រូវនិងដំឡូងមីនៅខេត្តព្រះវិហារ ដែលមានអ្នកចូលរួមសរុបចំនួន ១៥៦ នាក់ (ស្រី ១១៩នាក់)។
ជាមួយគ្នានេះ ក្រុមការងារនេះ ក៏បានណែនាំកសិករឱ្យបន្តតាមដានវត្តមានរបស់សមាសភាពចង្រៃដែលកំពុងកើតមាននៅក្នុងស្រែ-ចម្ការជាប្រចាំ និងធ្វើការរាយការណ៍ដល់មន្រ្តីបច្ចេកទេសកសិកម្ម។ និងបានណែនាំដល់បងប្អូនប្រជាកសិករអំពីវិធានការការពារលើការប្រើប្រាស់អន្ទាក់ជូរអែម ប្រើប្រាស់វិធីសាស្រ្តមេកានិចដោយយកប្រេងម៉ាសូតលាយជាមួយដីខ្សាច់ដើម្បីបាចចំពោះស្រែមានទឹក និងកម្ចាត់ដង្កូវហ្វូង ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។

បន្ថែមពីនេះ ក្រុមការងារនេះ បានណែនាំដល់កសិករដែលកំពុងប្រើប្រាស់ថ្នាំកសិកម្មក្នុងការកម្ចាត់សត្វល្អិតចង្រៃត្រូវជ្រើសរើស និងប្រើប្រាស់ថ្នាំកសិកម្មឱ្យបានត្រឹមត្រូវ និងផ្លាស់ប្តូរសារធាតុសកម្មដើម្បីកុំឱ្យសត្វល្អិតចង្រៃមានភាពស៊ាំនឹង ថ្នាំកសិកម្ម។ និង បានចែកជូនសៀវភៅ និងឯកសារបច្ចេកទេសស្តីពីវិធានការការពារនិងកម្ចាត់សមាសភាពចង្រៃលើដំណាំស្រូវ ជូនដល់មន្ត្រីមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង មន្ត្រីកសិកម្មឃុំ ព្រមទាំងបងប្អូនប្រជាកសិករ។

ក្រៅពីនេះ ក្រុមការងារនេះ ក៏បានបណ្តុះបណ្តាលស្តីពីដង្កូវហ្វូង និងវិធានការកម្ចាត់ ដល់មន្ត្រីកសិកម្មឃុំ ក្រុមប្រឹក្សាឃុំ និងជំនួយការឃុំ ក្នុងភូមិសាស្រ្តស្រុកព្រះនេត្រព្រះ ដោយមានអ្នកចូលរួមសរុបចំនួន៣០នាក់៕


អត្ថបទទាក់ទង