ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្តេជ្ញាបង្ក្រាបក្មេងទំនើងឱ្យអស់នៅរាជធានីភ្នំពេញ
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ បានប្រកាសមិនរាថយចំពោះការបង្ក្រាបក្មេងទំនើងនៅក្នុងរាជធានីភ្នំពេញ និងរឹងតែធ្វើការបង្ក្រាបកាន់តែក្តៅជាងមុនថែមទៀត កុំឱ្យក្មេងទំនើងទាំងនោះ មានសកម្មភាពផ្គើនចំពោះសមត្ថកិច្ច និងផ្គើនចំពោះប្រសាសន៍របស់ថ្នាក់ដឹកនាំនោះទេ ។
ការប្រកាសពីការប្តេជ្ញាចិត្តរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯកជួន ណារិន្ទនេះ ធ្វើឡើងក្នុងពេលអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយពីផែនការនិងលិខិតបង្គាប់ការ ចាត់តាំងលោកស្នងការរង លោកនាយការិយាល័យជំនាញមួយចំនួននិងលោកអធិការនៃអធិការដ្ឋានគរបាលខណ្ឌទាំង១៤ ដឹកនាំកម្លាំងដើម្បីចេញប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងឲ្យមានប្រសិទ្ធភាពអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៣។
ក្នុងពេលធ្វើសន្និសីទសារព័ត៌មានបង្ហាញពីការប្តេជ្ញាចិត្តបង្ការទប់ស្កាត់និងបង្ក្រាបក្មេងទំនើងដោយម៉ឺងម៉ាត់ហ្មត់ចត់បំផុតនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯកជួន ណារិន្ទ ក្នុងនាមអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា លោក នឹងបញ្ជាកម្លាំងជំនាញទាំង១៤ ខណ្ឌ ចុះទៅតាមចាប់ និងស្វែងរកមុខសញ្ញា នៃក្មេងទំនើងទាំងនោះ ខណៈមកទល់នេះ កម្លាំងសមត្ថកិច្ចបានកំណត់មុខសញ្ញាមួយចំនួន និងមាននៅក្នុងដៃរួចហើយ ។
ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯកជួន ណារិន្ទ បានស្នើដល់អាណាព្យាបាលទាំងអស់សូមគ្រប់គ្រង និងណែនាំដល់កូនចៅរបស់ខ្លួនឱ្យបានល្អ ដោយកុំឱ្យអនុញ្ញាតដើរផ្លូវខុស និងធ្វើជាក្មេងទំនើង ជាពិសេស អ្នកដែលចំណាកស្រុកមករស់នៅក្នុងទីក្រុងភ្នំពេញ ក៏សូមកុំដើរប៉ោឡែ ឬ បង្កើតក្រុម និងបក្ខពួកធ្វើឱ្យសង្គមជាតិស្អប់ខ្ពើម ជាពិសេសធ្វើឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មិនសប្បាយចិត្ត ខណៈដែលប្រទេសជាតិ ជាពិសេសេរាជធានីភ្នំពេញបាននឹងកំពុងមានការអភិវឌ្ឍន៍ ទាំងហេដ្ឋារចនាសម្ព័ន្ធ និងកំណើនអ្នកវិនិយោគ។
ឯកឧត្តម ឧត្តមសេនីយ៍ឯកជួន ណារិន្ទ ព្រមានថា៖« នៅពេលនេះ យើងធ្វើដល់ឬស្សគល់ ហើយសុំអធ្យាស្រ័យ យើងឱ្យដំបូន្មាន ម្តងហើយ គឺត្រជាក់ តែម្តងនេះ ក្តៅហើយ គឺចូលទៅដល់ផ្ទះ កន្លែងណាក៏ចូលដែរ ។ ហើយកន្លែងដែលមានផ្ទះសំណាក់និងផ្ទះជួល សូមឱ្យមានការសហការជាមួយអាជ្ញាធរមូលដ្ឋាន បើមានការស៊ុំក្រលំបិតបាំង ដល់ក្រុមជនសង្ស័យ បើសមត្ថកិច្ចរកឃើញ យើងនឹងធ្វើទៅតាមច្បាប់»។
ក្រៅពីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯកជួន ណារិន្ទ ក៏បានប្រាប់ទៅដល់ក្រុមក្មេងទំនើងដែលធ្លាប់ប្រព្រឹត្តិមិនល្អនៅក្នុងសង្គម សុំចូលសារភាព គឺអាចសម្រាលទោសបាន តែមិនមែនរួចខ្លួនទេ។ ទោះជាគេចខ្លួន ក៏សមត្ថកិច្ចក៏មិនលើកលែងនោះទេ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗនេះ បានចេញបញ្ជាឱ្យអភិបាលនៃ គណៈអភិបាលរាជធានី ខេត្ត និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ទូទាំងប្រទេសត្រូវមានវិធានបង្ក្រាបចំពោះក្មេងទំនើង និងអនុវត្ដន៍ឱ្យបានម៉ឺងម៉ាត់បំផុត។
ការចេញបទបញ្ជានេះ ត្រូវបានសម្តេចធិបតីបានមើលឃើញថា មានសកម្មភាពក្មេងទំនើងធ្វើសកម្មភាពកាប់ចាក់គ្នាជាបន្តបន្ទាប់នៅក្នុងរាជធានីភ្នំពេញតាមបណ្តាញសង្គមរហូតដល់ធ្វើឱ្យខូចទ្រព្យសម្បត្តិភាគីម្ខាងទៀតផងដែរ៕