សិស្សជ័យលាភីលេខ ១ នៃការប្រឡងសិស្សពូកែទូទាំងប្រទេសផ្នែកគណិតវិទ្យាថ្នាក់ទី៩ ចែករំលែកបទពិសោធន៍
សៀមរាប៖ “កត្តាខ្លួន” ជាកត្តាដ៏សំខាន់បំផុតក្នុងការជួយខ្លួនឲ្យទទួលបានជ័យលាភី និងដណ្ដើមបានមេដាយមាស សម្រាប់ការប្រឡងប្រជែងកន្លងទៅនេះ។នេះ គឺជាការចែករំលែករបស់ សិស្សជ័យលាភីមេដាយមាស ចំណាត់ថ្នាក់លេខ១ នៃការប្រឡងសិស្សពូកែទូទាំងប្រទេសផ្នែកគណិតវិទ្យាថ្នាក់ទី៩ ឆ្នាំ២០២៤ ឈ្មោះ ឡាយ ទីទី ដែលបច្ចុប្បន្ននកំពុងរៀនថ្នាក់ទី៩ នៃវិទ្យាល័យ ១០មករា ១៩៧៩ ខេត្តសៀមរាប។
ទីទី លើកឡើងថា ក្នុងការទទួលបានជោគជ័យនៃការសិក្សា ពិតណាស់គឺមានកត្តាជាច្រើនរួមផ្សំគ្នា ទើបជួយឲ្យការសិក្សាយើងទទួលបានលទ្ធផលល្អ ហើយ “កត្តាខ្លួន” គឺជាកត្តាមួយដែលសំខាន់ជាងគេ ដោយយើងម្នាក់ៗ ត្រូវមានឆន្ទះ មានស្មារតីឲ្យមោះមុតនៅក្នុងការសិក្សា ត្រូវកំណត់នូវគោលដៅដែលយើងចង់បាន ជាពិសេសគឺការប្រឹងប្រែងសិក្សារៀនសូត្រស្វ័យសិក្សាឲ្យបានច្រើន ដើម្បីសម្រេចនូវគោលដៅទាំងនោះ។
ក្រៅពីម៉ោងសិក្សានៅសាលា យើងគួរបន្ថែមការសិក្សាតាមរយៈការរៀនគួរខ្លះ ហើយពង្រឹងសមត្ថភាពបន្ថែមទៀតនៅពេលដែលយើងនៅផ្ទះ ឬពេលទំនេរ។
ទីទី បញ្ជាក់ថា ក្រៅពី “កត្តាខ្លួន” គឺយើងមានកត្តា៣ទៀត ដែលបានជួយដល់ការសិក្សា នោះគឺ កត្តាឳពុកម្តាយ ចាំបាច់ណាស់ដែលពួកគាត់តែងតែជួយលើកទឹកចិត្ត ដាស់តឿន ប្រៀនប្រដៅហើយក៏ផ្គត់ផ្គង់នូវសម្ភារៈសិក្សា។
កត្តាសាលារៀន រួមមានលោកគ្រូអ្នកគ្រូ ដែលជួយបង្រៀនយើង ផ្តល់ជាតិចនិច្ចក្នុងការសិក្សា និងផ្តល់ចំណេះដឹងថ្មីៗផ្សេងៗ។ ជាមួយនោះ កត្តាមិត្តភក្តិ ក៏ជាកត្តាចាំបាច់ ព្រោះការសេពគប់មិត្តភក្តិ គឺសំខាន់ណាស់ក្នុងការសិក្សា បើយើងសេបគប់នូវមិត្តល្អ វានឹងផ្តល់ជាផលប្រយោជន៍ដល់ការសិក្សារបស់យើង ព្រោះមិត្តល្អតែងតែនាំយើងខិតខំរៀនសូត្រ ជួយបង្ហាត់បង្រៀន រំលឹកដាស់តឿន ផ្លាស់ប្តូរបទពិសោធន៍ ឬគំនិតគ្នា តែបើយើងសេពគប់នូវមិត្តមិនល្អ នោះនឹងនាំឲ្យយើងខាតពេលវេលា ហើយក៏អាចនាំឲ្យយើងប្រព្រឹត្តនៅអំពើអប្បាយមុខផ្សេងៗផងដែរ។
យុវសិស្សខាងលើ បង្ហាញទៀតថា នៅពេលខាងមុខ រូបគេនឹងចូលរួមប្រលងក្នុងកម្មវិធីដទៃទៀត ពីព្រោះគេចង់ទទួលបាននូវបទពិសោធន៍ថ្មីៗឲ្យបានច្រើន ហើយនឹងដណ្ដើមយកជ័យលាភី យកកិត្តិយសសម្រាប់ខ្លួនឯង ជូនគ្រួសារ រួមនឹងសាលាថែមទៀតផងដែរ។
លោក អៀម ភារៈ នាយករង វិទ្យាល័យ ១០មករា ១៩៧៩ ខេត្តសៀមរាប បានឲ្យដឹងថា កាលពីឆ្នាំមុនៗ សិស្សសាលា ១០មករា គឺទទួលបានត្រឹមជ័យលាភីលេខ៥ ឡើងទៅតែប៉ុណ្នោះ ប៉ុន្តែសម្រាប់ឆ្នាំនេះសាលាបានកាត់បន្ថយចំនួនសិស្សចូលរួម តែយុវសិស្ស ឡាយ ទីទី គឺទទួលបានជ័យលាភីលេខ១ មេដាយមាសនៃការប្រឡងសិស្សពូកែទូទាំងប្រទេសផ្នែកគណិតវិទ្យាថ្នាក់ទី៩។
លោកថា ឡាយ ទីទី ជាសិស្សម្នាក់ដែលមានផែនការសិក្សាច្បាស់លាស់ មានការយកចិត្តទុកដាក់ក្នុងការសិក្សា ជាពិសសគឺការគោរពពេលវេលានៃការសិក្សាបានច្បាស់លាស់ និងត្រឹមត្រូវ៕