Close

នាវាមួយគ្រឿងទៀត ដឹកភ្ញៀវទេសចរជិត ២០០ នាក់ចូលចតធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ
នាវាមួយគ្រឿងទៀត ដឹកភ្ញៀវទេសចរជិត ២០០ នាក់ចូលចតធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ នាវាមួយគ្រឿងទៀត ដឹកភ្ញៀវទេសចរជិត ២០០ នាក់ចូលចតធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ ភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជិត២០០នាក់ នៅព្រឹកថ្ងៃ ទី០៤ ខែមិថុនា ឆ្នាំ២០២៤បានធ្វើដំណើរតាមនាវាទេសចរណ៍បរទេសមួយគ្រឿង ចូលចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា តាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃ០៤ ដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤។

មន្ត្រីនគរបាលអន្តោប្រវេសន៍្តច្រកទ្វារអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថានាវាទេសចរណ៍បរទេសចំនួន០១គ្រឿង មានឈ្មោះ THE WORLD សញ្ជាតិ Bahamas មានបណ្តោយ ១៩៦,៣៥ម៉ែត្រ ទទឹង ២៩,៨០ម៉ែត្រ បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន ១៩០នាក់ ស្រី ៨១នាក់ ស្មើនឹង ២៨សញ្ជាតិ និងមាននាវិកសរុបចំនួន ២៨៩នាក់ ស្រី ៤៧នាក់ ស្មើនឹង ៣៥សញ្ជាតិ។

ប្រភពដដែលបន្ថែមថា នាវាទេសចរណ៍នេះ បានធ្វើដំណើចាកចេញពីប្រទេសថៃ ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង៨ ព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ និងមានគម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង៦ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ ឆ្ពោះទៅកាន់កំពង់ផែប្រទេសវៀតណាម។

បើតាមប្រភពដដែល ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវាទេសចរណ៍បរទេស The World ដែលមានសញ្ជាតិច្រើនជាងគេ គឺUSA និង British ក្រៅពីនោះមានភ្ញៀវសញ្ជាតិផ្សេងទៀត។ ភ្ញៀវទេសចរចូលក្នុងប្រទេសកម្ពុជា ចេញទៅទស្សនាប្រាសាទអង្គរ ខេត្តសៀមរាប មានចំនួន២០នាក់ ស្រី ៦នាក់ ស្មើនឹង២សញ្ជាតិ និងភ្ញៀវមកពីប្រទេសវៀតណាមចេញពីកម្ពុជា តាមនាវាទេសចរណ៍នេះ មានចំនួន១៥នាក់ ស្រី៦នាក់ ស្មើនឹង២សញ្ជាតិ។

គោលដៅកម្សាន្តនៅក្នុងខេត្តព្រះសីហនុ មានដូចជា ផ្សារលើ តំបន់រមណីដ្ឋានវប្បធម៌មានដូចជា វត្តឥន្ទញ្ញាណ វត្តជោតញ្ញាណ ភូមិអ្នកនេសាទទំនប់រលក (ភូមិ៣) និងតំបន់ឆ្នេរសមុទ្រក្នុងក្រុងព្រះសីហនុ។ ស្រុកព្រៃនប់មានដូចជា រូបសំណាកព្រះថោងនាងនាគ គម្រោងអភិវឌ្ឍទេសចរណ៍ Bay Of Lights ស្ថិតនៅភូមិអុង ឃុំរាម មជ្ឍមណ្ឌលវិបស្សនាធុរ: វត្តគីរីនាគវ័ន ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងតំបន់កម្សាន្តជាច្រើនផ្សេងទៀត។

ទន្ទឹមនោះ ក៏មានកិច្ចការពារសន្តិសុខ សុវត្ថិភាពពីកងកម្លាំងមានសមត្ថកិច្ច ព្រមទាំងមានការសម្របសម្រួលពីអាជ្ញាធរក្រុង អាជ្ញាធរខេត្តព្រះសីហនុ ប្រកបដោយសុវត្ថិភាព។
សូមរម្លឹកថា នេះជានាវាទេសចរណ៍ទីមួយដែលបាននាំភ្ញៀវទេសចរបរទេសចូលចត និងស្នាក់នៅព្រះរាជាណាចក្រកម្ពុជា រយៈពេលច្រើនថ្ងៃជាងគេ។ កន្លងមកនាវាទេសចរណ៍ចូលចតធ្វើទស្សនកិច្ចយ៉ាងយូរត្រឹមតែពីរថ្ងៃប៉ុណ្ណោះ៕

អត្ថបទទាក់ទង