Close

ប្រធានក្រុមប្រឹក្សា FASMEC ស្នើ CDC ឱ្យរៀបចំជាទម្រង់នៃកិច្ចសហការដើម្បី ផ្ដល់ឱកាសបន្ថែមដល់វិនិយោគិនកម្ពុជា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ប្រធានក្រុមប្រឹក្សា FASMEC ស្នើ CDC ឱ្យរៀបចំជាទម្រង់នៃកិច្ចសហការដើម្បី ផ្ដល់ឱកាសបន្ថែមដល់វិនិយោគិនកម្ពុជា ប្រធានក្រុមប្រឹក្សា FASMEC ស្នើ CDC ឱ្យរៀបចំជាទម្រង់នៃកិច្ចសហការដើម្បី ផ្ដល់ឱកាសបន្ថែមដល់វិនិយោគិនកម្ពុជា

ភ្នំពេញ៖ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលរបស់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC)ស្នើឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឱ្យ ពិនិត្យលទ្ធភាពអនុញ្ញាតឱ្យមានការរៀបចំជាទម្រង់នៃកិច្ចសហការណាមួយរវាងស្ថាប័នទាំងពីរ ដើម្បីជំរុញតភ្ជាប់ទំនាក់ទំនង និងផ្ដល់ឱកាសបន្ថែមដល់វិនិយោគិនកម្ពុជា ពិសេសក្នុងសហគ្រាសធុនតូច និងមធ្យមផងដែរ។

ការស្នើសនេះ ធ្វើឡើងនៅថ្ងៃចន្ទ ទី០៣ ខែមិថុនា ឆ្នាំ២០២៤ ក្នុងពេល ឯកឧត្តម ស៊ុន ចាន់ថុល បានអនុញ្ញាតឱ្យ ឧកញ៉ា តែ តាំងប៉ និងគណៈប្រតិភូ អញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងស្នើសុំការចង្អុលបង្ហាញ និងកិច្ចសហការនានារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង FASMEC ដើម្បីឱ្យស្ថាប័នទាំងពីរអាចសហការរួមគ្នា លើកកម្ពស់ការចូលរួមពីវិស័យឯកជន ពិសេសសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

លើកឡើងអង្គប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនដល់គណៈប្រតិភូសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា អំពីភារកិច្ចការងាររបស់ស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលដើរតួរនាទីជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញ និងសម្របសម្រួលកិច្ចការងារវិនិយោគិនជូនវិនិយោគិន អាស្រ័យដោយហេតុថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកផ្នែកឯកជនគឺជាក្បាលម៉ាស៊ីនដ៏សំខាន់ ជាចំណែកជំរុញភាពរីកចម្រើនរបស់សង្គមជាតិ។

ក្នុងកិច្ចពិភាក្សានេះផងដែរ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលបានអនុញ្ញាតគោរពស្នើសុំឯកឧត្តមឧបនាយករដ្ឋមន្ត្រី ពិនិត្យលទ្ធភាពអនុញ្ញាតឱ្យមានការរៀបចំជាទម្រង់នៃកិច្ចសហការណាមួយរវាងស្ថាប័នទាំងពីរ ដើម្បីជំរុញតភ្ជាប់ទំនាក់ទំនង និងផ្ដល់ឱកាសបន្ថែមដល់វិនិយោគិនកម្ពុជា ពិសេសក្នុងសហគ្រាសធុនតូច និងមធ្យមផងដែរ។

បន្ថែមពីនេះ ឧកញ៉ា តែ តាំងប៉ បានគោរពស្នើសុំទៅស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបន្ថែមការយកចិត្តទុកដាក់ដល់វិស័យវិស័យឯកជន ពិសេសសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្រៅអំពីវិនិយោគិនដោយផ្ទាល់ពីបរទេសដែលចូលមកវិនិយោគនៅកម្ពុជា ដើម្បីជាការគាំទ្រ និងផ្ដល់ឱកាសដល់សហគ្រាសធុនតូច និងមធ្យមដែលមានសក្ដានុពលផងដែរ៕

អត្ថបទទាក់ទង