បន្ទាប់ពីរដូវរាំងស្ងួត! ត្រីមេពូជក្នុងកន្លែងអភិរក្សត្រពាំងប្រឺស បានចាប់ផ្តើមពងកូន
សៀមរាប៖ ប្រជានេសាទ នៃសហគមន៍នេសាទថ្នល់ដាច់ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប បានសង្កេតឃើញ ត្រីមេពូជក្នុងកន្លែងអភិរក្សត្រពាំងប្រឺស ស្ថិតក្នុងកន្លែងសហគមន៍នេសាទរបស់ខ្លួន ចាប់ផ្តើមពង និងមានកូនញាស់ជាច្រើន បន្ទាប់ពីត្រីមេពូជទាំងនោះ ត្រូវបានជួយសង្គ្រោះពីផលប៉ះពាល់នៃភាពរាំងស្ងួតក្នុងរដូវប្រាំងកន្លងទៅ តាមរយៈការជីកស្តារ កាយប្រលាយ និងបូមទឹកដាក់បន្ថែមក្នុងកន្លែងអភិរក្សនោះ។
សូមរំលឹកថា នារដូវប្រាំងឆ្នាំ២០២៤នេះ ដោយសារការរងឥទ្ធិពលនៃបាតុភូតអែលនីញ៉ូ បាន បណ្តាលឱ្យអាកាសធាតុមានការឡើងកំដៅខ្លាំងនិងអូសបន្លាយយូរខុសពីធម្មតា ដែលនាំឱ្យបឹងបួរ ស្រះ ត្រពាំងស្ទើរគ្រប់កន្លែង រួមទាំងបឹងទន្លេសាប បានរីងរាក់ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនធានជលផល ជាពិសេសត្រីមេពូជនៅតាមកន្លែងអភិរក្សជលផលនានា។

ឆ្លើយតបទៅនឹងស្ថានការណ៍នេះ សមត្ថកិច្ចជលផល រួមសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាសហគមន៍បានខិតខំប្រឹងប្រែងចុះអន្តរាគមន៍ក្នុងការជីកស្តារ និងបូមទឹកដាក់បន្ថែម ដើម្បីសង្រ្គោះត្រីមេពូជនៅកន្លែងអភិរក្សទាំងនោះ។
រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងអំណរគុណដល់សមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងសមាជិកសហគមន៍នេសាទដែលបានចូលរួមថែរក្សា ការពារ និងអភិរក្សត្រីមេពូជក្នុងធម្មជាតិ រួមចំណែកធានានូវនិរន្តរភាពនៃធនធានជលផល៕


