មន្ត្រី៖ ក្រៅពីវិស័យទេសចរណ៍ ខេត្តសៀមរាបក៏មានសក្តានុពលលើការវិនិយោគលើវិស័យផ្សេងៗជាច្រើនទៀត
លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បញ្ជាក់ថា ក្រៅពីវិស័យទេសចរណ៍ ខេត្តសៀមរាបក៏មានសក្តានុពលលើការវិនិយោគលើវិស័យផ្សេងៗជាច្រើនទៀត ហើយខេត្តសៀមរាប មិនត្រឹមតែមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ល្អប្រសើរទៅកាន់ផ្លូវមេសំខាន់ៗ ដែលបង្កលក្ខណៈងាយស្រួលដល់ការវិនិយោគនោះទេ តែបានបង្កើនភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរ ក្នុងការទៅកាន់គោលដៅទេសចរណ៍ណាមួយដើម្បីទស្សនាកម្សាន្តផងដែរ។
លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បញ្ជាក់ បែបនេះ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ និងបទដ្ឋានគតិយុត្ដទេសចរណ៍ ជូនដល់ប្រតិបត្ដិករណ៍ទេសចរណ៍ មគ្គុទេសក៍ទេសចរណ៍ ក៏ដូចអ្នកពាក់ព័ន្ធក្នុងខេត្តសៀមរាប។
លោក ង៉ូវ សេងកាក់បន្ថែមថាជាមួយនោះអាជ្ញាធរតែងតែយកចិត្តទុកដាក់ លើកទឹកចិត្ត និងជួយសម្របសម្រួលទៅដល់ វិនិយោគិននានា ដែលមានបំណងចង់មកវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាប។
លោក ង៉ូវ សេងកាក់ មានប្រសាសន៍ថា ដោយមានការយកចិត្ដទុក់ដាក់ពីរាជរដ្ឋាភិបាល ពិសេសមានការចង្អុលបង្ហាញពីក្រសួងទេសចរណ៍ និងមានការគាំទ្រពីក្រសួងពីស្ថាប័នជំនាញពាក់ព័ន្ធ ព្រមទាំងមានកិច្ចសហ ប្រតិបត្តិការល្អជាមួយផ្នែកឯកជន និងដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិនានា ពិសេសការរួមចំណែកគាំទ្រពី ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ ធ្វើឲ្យវិស័យទេសចរណ៍ខេត្តសៀមរាប កាន់តែមានការអភិវឌ្ឍរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ និងបានចូលរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។
លោក បន្ថែមថា ជាក់ស្ដែងថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវកម្មវិធីពិសេសមួយសម្រាប់ខេត្តសៀមរាប គឺទស្សនាសៀមរាប ឆ្នាំ២០២៤ (Visit Siem Reap Year 2024) ដែលជាកម្មវិធីជួយជំរុញវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ឱ្យកាន់តែមានសន្ទុះឡើងវិញ។
ឯកឧត្ដម កើត ពុទ្ធវរី អនុរដ្ឋលេខាធិការ តំណាងឯកឧត្ដម សុខ សូកេន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ សង្កត់ទៀតថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានចាត់ទុកវិស័យ ទេសចរណ៍ឱ្យនៅបន្តស្ថិតជាវិស័យបង្គោលមួយសម្រាប់កំណើនសេដ្ឋកិច្ច ហើយការរីកចម្រើននៃវិស័យទេសចរណ៍ជាបន្តបន្ទាប់ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដែលបានរួមចំណែកក្នុងការជំរុញម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ រួមមានវិស័យឯកជនផងដែរ ឱ្យកាន់តែរស់រវើកតាមរយៈការលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ ដែលជាប្រភពបង្កើតការងារ ប្រាក់ចំណូល ការរកទីផ្សារលក់ផលិតផល សេវាកម្មសម្រាប់ប្រជាពលរដ្ឋ និងជួយផ្សព្វផ្សាយលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ និងជាចលករជំរុញ សកម្មភាពសេដ្ឋកិច្ចសម្រេចបានកំណើនជាបន្តបន្ទាប់។
ឯកឧតុ្តម សង្កត់ទៀតថា ការខិតខំប្រឹងប្រែងសហការគ្នាពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន បានធ្វើឱ្យវិស័យទេសចរណ៍ ងើបឡើងវិញជាបណ្តើរៗ ជាក់ស្តែងក្នុងឆ្នាំ២០២២ កម្ពុជាបានទទួលទេសចរអន្តរជាតិប្រមាណជាង ២,៣លាននាក់ និងទេសចរជាតិ ១៣,៩លាននាក់ និង បន្តមានកំណើនទេសចរអន្តរជាតិជាង ៥លាននាក់ និងទេសចរជាតិប្រមាណ ១៨,៧៤លាននាក់ ក្នុងឆ្នាំ២០២៣កន្លងទៅ។
ឯកឧត្ដមបន្ដថា ដើម្បីចូលរួមគាំទ្រ យុទ្ធនាការទស្សនាសៀមរាប ឆ្នាំ២០២៤ ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤ និងឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា លើកទី១ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាល តាមរយៈការពង្រឹង គុណភាពផលិតផល សេវាកម្មទេសចរណ៍ និងការជំរុញការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទេសចរណ៍ ជាពិសេសធ្វើឱ្យកម្ពុជាសម្រេចបាននូវ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានចំណូលខ្ពស់កម្រិតមធ្យម និងឆ្នាំ២០៥០ជាប្រទេសមានចំណូលខ្ពស់ ឯកឧត្តម បានស្នើរអោយអ្នកពាក់ព័ន្ធ ជានិយ័តករប្រតិបត្តិករទេសចរណ៍ អាជីវករ សិស្សនិស្សិត មេត្តាចូលរួមគាំទ្រយុទ្ធនាការនានារបស់រដ្ឋាភិបាល និងបន្តចូលរួមការអនុវត្តច្បាប់ “ច្បាប់ស្តីពីទេសចរណ៍និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធទេសចរណ៍”៕