ក្រសួងទេសចរណ៍ជំរុញទេសចរណ៍តាមកប៉ាល់ដើម្បីកំណើនទេសចរណ៍នៅតំបន់ឆ្នេរសមុទ្រ
ភ្នំពេញ៖ ឯកឧត្តម ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ
នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារជួបពិភាក្សាតាមប្រព័ន្ធវីដេអូរ ជាមួយលោកស្រី Wendy Yamazaki និងក្រុមការងារតំណាងរបស់ក្រុមហ៊ុនកប៉ាល់ Silversea Cruise ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Caribbean Group ដែលជាក្រុមហ៊ុនកប៉ាល់ទេសចរណ៍លំដាប់ទី២ លើពិភពលោក។
ឯកឧត្តមអគ្គនាយក បានជម្រាបជូនតំណាងក្រុមហ៊ុនខាងលើថា ផលិតផលកប៉ាល់ទេសចរណ៍ គឺជាអាទិភាពមួយរបស់ក្រសួងទេសចរណ៍ក្នុងគំនិតផ្តួតផ្តើម “បង្កើន៥ អភិវឌ្ឍ៣” របស់ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាពិសេសក្នុងមុំ “បង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍផលិតផលទេសចរណ៍ (Leverage on Endowment and Diversification)”។
ជាមួយគ្នានោះ លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ បានចែករំលែកព័ត៌មានបឋមគន្លឹះជូនដល់តំណាងក្រុមហ៊ុន ដើម្បីជាធាតុចូលដ៏មានសារៈសំខាន់សម្រាប់ការសិក្សាស្រាវជ្រាវពីនិន្នាការណ៍ និងតម្រូវការរបស់ទេសចរមុននឹងក្រុមហ៊ុនសម្រេចចិត្តដាក់កម្ពុជា ទៅក្នុងដំណើរទស្សនកិច្ចរបស់កប៉ាល់ខាងលើ។
ក្នុងនោះលោកប្រធានបានចែករំលែករួមមាន៖ (១)គោលដៅសំខាន់ៗក្នុងការទាក់ទាញទេសចរ (២)ស្ថិតិទេសចរណ៍ និងទីផ្សារទេសចរណ៍សំខាន់ៗរបស់កម្ពុជា (៣)រយៈពេលស្នាក់នៅ និងការប៉ាន់ស្មានចំណាយទេសចរ និង(៤)ប្រភេទនៃការធ្វើដំណើរ រដូវការធ្វើដំណើរ និងការសម្រេចចិត្តធ្វើដំណើរទេសចរមកកាន់កម្ពុជា។ល។
តាមរយៈកិច្ចពិភាក្សាឯកឧត្តមអគ្គនាយក បានស្នើឲ្យជំនាញបន្តធ្វើការឲ្យបានជិតស្និតជាមួយតំណាងក្រុមហ៊ុនខាងលើដើម្បីផ្តល់នូវព័ត៌មាន និងធាតុចូលសំខាន់ៗ ដើម្បីធានាបានថា កម្ពុជានឹងត្រូវបានដាក់បញ្ជូលទៅក្នុងកញ្ចប់ទស្សនកិច្ចរបស់កប៉ាល់ទេសចរណ៍ Silversea Cruise នៅឆ្នាំបន្តបន្ទាប់ ព្រមទាំងសម្របសម្រួលដំណើរទស្សនកិច្ចរបស់តំណាងក្រុមហ៊ុននៅពេលខាងមុខផងដែរ៕