Close

ក្រុមអភិរក្សឃើញហ្វូងសត្វត្រដក់ធំជាច្រើនក្រុម និងមានចំនួនយ៉ាងតិច ២០ក្បាល នៅតំបន់រ៉ាមសារបឹងទន្លេឆ្មារ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ក្រុមអភិរក្សឃើញហ្វូងសត្វត្រដក់ធំជាច្រើនក្រុម និងមានចំនួនយ៉ាងតិច ២០ក្បាល នៅតំបន់រ៉ាមសារបឹងទន្លេឆ្មារ ក្រុមអភិរក្សឃើញហ្វូងសត្វត្រដក់ធំជាច្រើនក្រុម និងមានចំនួនយ៉ាងតិច ២០ក្បាល នៅតំបន់រ៉ាមសារបឹងទន្លេឆ្មារ

ភ្នំពេញ៖ ដោយមានការសហការជាមួយក្រសួងបរិស្ថាន ក្រុមការងារអភិរក្ស និងអង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia) នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៤ បានកត់សំគាល់ឃើញហ្វូងសត្វត្រដក់ធំ មានជាច្រើនក្រុមនិងមានចំនួនយ៉ាងតិច២០ក្បាល នៅតំបន់រ៉ាមសារបឹងទន្លេឆ្មារ។

តំបន់រ៉ាមសារបឹងទន្លេឆ្មារស្ថិតក្នុងខេត្តកំពង់ធំ និងខេត្តសៀមរាប មានផ្ទៃដីសរុបចំនួន ២៨ម៉ឺនហិកតា នៅតែបន្ដដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ជាទីជម្រក និងទីតាំងរកចំណីសម្រាប់សត្វស្លាបទឹកជាច្រើនប្រភេទ។

ជាមួយគ្នានោះ ក្រុមមន្រ្ដីឧទ្យានុរក្សបានប្រទះឃើញ និងកត់ត្រានូវវត្ដមានហ្វូងសត្វត្រដក់ធំ និងសត្វស្លាបទឹកជាច្រើនក្បាលកំពុងរកចំណីក្នុងតំបន់រ៉ាមសារបឹងទន្លេឆ្មារ ដែលមួយចំនួនធំជាប្រភេទកំពុងរងគ្រោះជាសកល ខណ៖ ចាប់តាំងពីឆ្នាំ២០២០មក ចំនួនត្រដក់ធំដែលធ្លាប់កត់ត្រាកន្លងមកច្រើនបំផុត មានចំនួនប្រមាណ១០ក្បាលប៉ុណ្ណោះ។

ក្នុងឆ្នាំនេះ ក្រុមការងារសង្កេតឃើញកំណើនវត្ដមានហ្វូងសត្វ ចូលមករកចំណីក្នុងតំបន់រ៉ាមសារបឹងទន្លេឆ្មារច្រើន ដែលនេះសរបញ្ជាក់ពីសក្ដានុពលនៃតំបន់ដីសើមមួយនេះ ក្នុងការដើរតួនាទីយ៉ាងសំខាន់សម្រាប់ផ្ដល់ជាទីជម្រក និងទីតាំងរកចំណី។

ជាមួយគ្នានេះ ការពង្រឹងច្បាប់ ស្របតាមយុទ្ធសាស្រ្តកម្ពុជាបៃតង ដែលជាមុំអាទិភាពក្នុងការអនុវត្ត ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ជួយឱ្យធនធានធម្មជាតិ បានត្រូវបានការពារនិងអភិរក្សធនធានធម្មជាតិ សម្រាប់កូនចៅតជំនាន់ និងដោយមានការចូលរួម សហាការពីដៃគូ និងប្រជាពលរដ្ឋ សហគមន៍តាមមូលដ្ឋាន។
គួរបញ្ជាក់ថាតំបន់រ៉ាមសារទន្លេឆ្មារនេះ សម្បូរដោយរុក្ខជាតិ មច្ឆាប្រភេទកម្រ ក្នុងនោះដូចជាត្រីរាជ ត្រីគល់រាំង។ ចំពោះថនិកសត្វ មានដូចជា ភេខ្លួនរលោង ខ្លាត្រី និងពពួកសត្វស្លាបទឹក។

សត្វទាំងនោះភាគច្រើន ជាប្រភេទសត្វជិតផុតពូជ និងរងគ្រោះថ្នាក់លើពិភពលោក ដូចជារនាលស រនាលពណ៌ ទុងប្រផេះ ពពួលទឹក ស្មោញ ត្រដក់តូច និងត្រដក់ធំ។ ជាពិសេសតំបន់នេះមានព្រៃលិចទឹក សត្វស្លាបទឹក និងភូមិអណ្ដែតទឹក ដែលជាអំណោយផលដល់ការអភិវឌ្ឍគោលដៅទេសចរណ៍បៃតង ជាមួយការកម្សាន្តលំហែបែបធម្មជាតិ ក្នុងតំបន់បឹងទន្លេសាប៕

អត្ថបទទាក់ទង