កំពង់ផែរបស់ក្រុមហ៊ុនកំពតផតនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ដំណាក់កាលទី១ នៅដើមខែក្រោយ
កំពត៖ កំពង់ផែរបស់ក្រុមហ៊ុនកំពតផត នឹងសម្ភោធដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ខាងមុខ ក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី និងលិខិតរបស់ក្រសួងសាធារណការ និង ដឹកជញ្ជូនកម្ពុជា ។
កំពង់ផែកំពតផត មានទីតាំងនៅភូមិគីឡូ12 សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត នឹងជាការវិនិយោគរបស់ក្រុមហ៊ុនឯកជនក្នុងស្រុក១០០% ក្នុងទំហំទឹកប្រាក់១៤០លានដុល្លារអាមេរិក ដែលមានអ្នកឧកញ៉ាបណ្ឌិត វិញ ហ៊ួរ ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនកំពតផត ជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា។

អ្នកឧកញ៉ាបណ្ឌិត វិញ ហ៊ួរ មានប្រសាសន៏ថា ការសាងសង់កំពង់ផែនេះក្រុមហ៊ុនប្រើប្រាស់រយៈពេល៥ឆ្នាំ ដោយចាប់ផ្តើមនៅឆ្នាំ២០១៩ ហើយបានបញ្ចប់ការសាងសង់ដំណាក់កាលទី១ នៅដើមឆ្នាំ២០២៤នេះ នឹងបានទទួលលិខិតអនុញ្ញាតធ្វើប្រតិបត្តិការកំពង់ផែ ពីក្រសួងសាធារណការ និងដឹកជញ្ចូន។
គម្រោងវិនិយោគនេះ មានដើមទុនវិនិយោគសរុបប្រមាណ ១៤០ លានដុល្លារនៅក្នុងផែនការដំណាក់កាលទី១។ គម្រោងនេះនឹងរួមមាន៖ ទីលានកុងតឺន័រ តំបន់សេដ្ឋកិច្ចពិសេស តំបន់ពាណិជ្ជកម្មសេរី មជ្ឍមណ្ឌល ភស្តុភារកម្ម ឃ្លាំងស្តុកទំនិញចេញចូលគ្រប់ប្រភេទ ឃ្លាំងភណ្ឌាគារគយ រោងចក្រផលិត និងចែកចាយ និងចំណតនាវា ដែលភ្ជាប់ការដឹកជញ្ជូនជាមួយកំពង់ផែស្វយ័តភ្នំពេញ ក្នុងករណីរាជរដ្ឋាភិបាលអភិវឌ្ឍគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់(គម្រោងព្រែកជីកហ្វូណន)។

រាជរដ្ឋាភិបាលកម្ពុជា រំពឹងថា កំពង់ផែកម្រិតអន្តរជាតិដែលមានផ្ទៃដីគោករហូតដល់ទៅ ២០៧ហិកតានេះ នឹងក្លាយជាសរសៃឈាមដ៏សំខាន់សម្រាប់ការដឹកជញ្ជូនផ្លូវសមុទ្ររបស់កម្ពុជា ជាពិសេស កំពង់ផែនេះ នឹងបម្រើដល់ការលើកដាក់ធ្យូងថ្ម ម្នាងសិលា វត្ថុធាតុដើម ការលើកដាក់ទំនិញទូទៅ កុងតឺន័រ និងអ្នកដំណើរ។
ចំពោះទីតាំងកំពង់ផែកំពតផត នៅក្នុងដំណាក់កាលទី១ ឆ្នាំ២០២៤ អាចឱ្យនាវាដឹកទំនិញចំណុះ១០.០០០ តោន អាចចូលបាន និងមានសមត្ថភាពខ្ពស់ក្នុងការលើកដាក់ទំនិញចេញ-ចូល បានចំនួនប្រមាណ ២០០.០០០ TEU និងប្រមាណ ៦០០.០០០ TEU សំរាប់ដំណាក់កាលបន្តបន្ទាប់ទៀត៕


