រដ្ឋមន្ត្រីព័ត៌មាន ស្នើឱ្យបញ្ឈប់សកម្មភាពផ្សព្វផ្សាយ និងចែករំលែកនូវរូបភាពឃាតកម្ម
ភ្នំពេញ៖ ឯកឧត្ដម នេត្រ ភក្ដ្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវដល់អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន រួមនឹងក្រុមអ្នកផលិតមាតិកានិងរកប្រាក់តាមអនឡាញ (MMO) ត្រូវបញ្ឈប់សកម្មភាពផ្សព្វផ្សាយ ក៏ដូចជាចែករំលែកនូវរូបភាពឃាតកម្ម រូបភាពហិង្សានៅលើបណ្តាញសង្គមហ្វេសប៊ុក តិកតុក និងប្រព័ន្ធតេឡេក្រាម ជាដើម ។
តាមការបង្ហោះផ្សាយតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្ដមរដ្ឋមន្ត្រី នារសៀលថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៤ ឱ្យឃើញថា៖ «ជាថ្មីម្តងទៀត នៅប៉ុន្មានថ្ងៃនេះ, ខ្ញុំបានសង្កេតឃើញថា អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តញសង្គមមួយចំនួនរួមនឹងក្រុមអ្នកផលិតមាតិកានិងរកប្រាក់តាមអនឡាញ (MMO) បានផ្សព្វផ្សាយ និងចែករំលែកនូវរូបភាពឃាតកម្ម រូបភាពហិង្សានៅលើបណ្តាញសង្គមហ្វេសប៊ុក តិកតុក និងប្រព័ន្ធតេឡេក្រាម»។
ប្រភពដែលបន្ថែមថា៖«ខ្ញុំសូមអំពាវនាវនិងស្នើសុំបងប្អូនបញ្ឈប់ការផ្សព្វផ្សាយនូវរូបភាពហិង្សាទាំងនេះ ព្រោះវាប៉ះពាល់កិត្តិយសនៃសព និងដល់ផ្លូវចិត្តនិងអារម្មណ៍របស់ក្រុមគ្រួសារជនរងគ្រោះដែលកំពុងតែទទួលរងភាពឈឺចាប់ និងការបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់របស់ខ្លួន»។
បើតាមឯកឧតុ្តមនេត្រ ភក្ត្រា ជាមួយគ្នានេះ ក៏វាបានធ្វើឱ្យមានការប៉ះពាល់ផ្លូវចិត្តនិងអារម្មណ៍អ្នកប្រើប្រាស់បណ្តាញសង្គមផ្សេងទៀត ជាពិសេសយុវជននិងកុមារ ករណីពួកគាត់បានប្រទះឃើញរូបភាពទាំងនេះ។ ដើម្បីគោរពដល់ក្រុមគ្រួសារនៃជនរងគ្រោះនិងជនរងគ្រោះ បងប្អូនអាចចែករំលែករូបភាពដែលមិនប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងឯកជនភាពរបស់ជនរងគ្រោះ ឬធ្វើឱ្យរូបភាពនោះប្ល័រ (រូបមិនច្បាស់) មុននឹងផ្សព្វផ្សាយ និងចែករំលែក។ ធ្វើដូច្នេះ គឺគោរពក្រមសីលធម៌វិជ្ជាជីវៈផង និងគោរពកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះផង។
ឯកត្តមរដ្ឋមន្ត្រីសង្ឃឹមនិងជឿជាក់ថាបងប្អូនអ្នកសារព័ត៌មាន អ្នកប្រើប្រាស់បណ្តាញសង្គម និងក្រុមអ្នកផលិតមាតិកាមួយចំនួនលើកតម្លៃខ្ពស់ក្នុងការគោរពក្រមសីលធម៌ និងអនុវត្តតាមស្តង់ដារប្រតិបត្តិនៃការផ្សព្វផ្សាយរបស់បណ្តាញសង្គម និងគោរពឯកជនភាពរបស់បុគ្គល៕