Close

ទម្លាយផ្ទៃក្នុង! លោក Jack Ma មិនមែនជាម្ចាស់ភាគហ៊ុន​ធំបំផុតរបស់ Alibaba នោះទេ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
ទម្លាយផ្ទៃក្នុង! លោក Jack Ma មិនមែនជាម្ចាស់ភាគហ៊ុន​ធំបំផុតរបស់ Alibaba នោះទេ ទម្លាយផ្ទៃក្នុង! លោក Jack Ma មិនមែនជាម្ចាស់ភាគហ៊ុន​ធំបំផុតរបស់ Alibaba នោះទេ

បរទេស៖ Alibaba ត្រូវបានបង្កើតឡើងកាលពីពាក់កណ្ដាលឆ្នាំ ១៩៩៩ ដោយលោក Jack Ma និងមនុស្សដែលស្និទ្ធ​នឹងលោក Jack Ma ចំនួន ១៨នាក់ផ្សេងទៀត ហើយកាលពីឆ្នាំ២០១៤ ក្រុមហ៊ុន Alibaba បានឈានជើងចូលផ្សារមូលបត្រលើកដំបូង (IPO) នៅទីផ្សារញូវយ៉ក ​ដោយទទួលបានប្រាក់ ២៥ពាន់លានដុល្លារអាមេរិក និងបានក្លាយជាក្រុមហ៊ុនមួយទទួលបានតម្លៃខ្ពស់ជាងគេនៅក្នុងទីផ្សារភាគហ៊ុន។

បច្ចុប្បន្ននេះ បើសិនជាគេនិយាយដល់ក្រុមហ៊ុន Alibaba ពិតណាស់គឺគេប្រាកដជានឹកឃើញដល់លោក Jack Ma និងបាន​ស្គាល់យ៉ាងច្បាស់ថា ជាម្ចាស់ក្រុមហ៊ុនមួយនេះទៀតផង ប៉ុន្តែបើយើងក្រឡេកទៅមើលតាមរយៈការកាន់កាប់​ភាគហ៊ុនវិញនោះគឺថា Jack Ma មិនមែនជាម្ចាស់ក្រុមហ៊ុនមួយនេះឡើយ។

យោងតាមឯកសារ និងការចេញផ្សាយដោយសារព័ត៌មាន Investopedia និង Business Insider បានឱ្យដឹងថា គិតត្រឹមចុងឆ្នាំ២០២២ ម្ចាស់ក្រុមហ៊ុន Alibaba ពិតគឺជាក្រុមហ៊ុន SoftBank Group ឯនោះទេ ដោយបច្ចុប្បន្ននេះ SoftBank Group បានក្ដោបក្ដាប់ចំណែកហ៊ុនរបស់ក្រុមហ៊ុន Alibaba បានរហូតដល់ទៅ ២៤ភាគរយ។ មូលហេតុដែល​ SoftBank Group មានហ៊ុនរបស់ Alibaba ច្រើនយ៉ាងនេះ ក៏ដោយសារតែកាលពីឆ្នាំ២០០០​ លោក Jack Ma បាន​ទៅ​ចរចាជាមួយនឹង SoftBank Group ​ឱ្យបោះទុនវិនិយោគរហូតដល់ ២០ពាន់លានដុល្លារអាមេរិក និងទទួលបានជាថ្នូរវិញនូវ​ចំណែកហ៊ុន​ក្នុងចំនួនមួយដ៏ច្រើនជាងគេ។

នៅពីឆ្នាំ ២០១៩ ក្រុមហ៊ុន SoftBank Group បានលក់ហ៊ុន​មួយចំនួនរបស់ Alibaba ដោយទទួលបានប្រាក់ ១១ពាន់លាន​ដុល្លារអាមេរិក និងនៅឆ្នាំ២០២០ បានបន្តលក់ហ៊ុន​មួយចំនួនទៀត ដោយទទួលបានប្រាក់ ២,២ពាន់លានដុល្លារអាមេរិក ហើយគិតមកត្រឹមពេលនេះ ចំណែកហ៊ុនរបស់ SoftBank Group ដែលមាននៅសល់ក្នុងក្រុមហ៊ុន Alibaba សរុបជាទឹកប្រាក់​មាន​ចំនួន​រហូតដល់ទៅ ៥៧ពាន់លានដុល្លារអាមេរិក។

ងាកមកមើលលោក Jack Ma វិញម្ដង បើតាមការបញ្ជាក់ពីប្រភពខាងលើបានឱ្យដឹងថា លោក Jack Ma​ គឺជា​សហស្ថាបនិករបស់ក្រុមហ៊ុន Alibaba ពិតមែន ប៉ុន្តែលោកកាន់កាប់ចំណែកហ៊ុនត្រឹមតែ ៦,២ភាគរយ ហើយ​កាលពីឆ្នាំ ២០២០ ត្រូវបានគេទម្លាយឱ្យដឹងថា​ ហ៊ុនរបស់លោកនៅសល់ត្រឹមតែ ៤,៨ភាគរយប៉ុណ្ណោះ៕

អត្ថបទទាក់ទង