ក្រសួងទេសចរណ៍បណ្តុះបណ្តាលគ្រូបង្គោលចុងភៅ ១១រូប ដើម្បីលើកកម្ពស់វិស័យម្ហូបអាហារក្នុងតំបន់ឦសាន្ត
សៀមរាប៖ ក្រសួងទេសចរណ៍ តាមរយៈ ការបណ្តុះបណ្តាលជំនាញឆុងភៅ នៃកម្មវិធីបណ្តុះបណ្តាល ហូកា (HoKa) បានបណ្តុះបណ្តាល រយៈ ៥ ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់១០ ខែឧសភា ឆ្នាំ២០២៤ ដល់គ្រូបង្គោលចុងភៅចំនួន ១១រូប មកពីខេត្តតំបន់ឦសាន្ត នៅទីតាំងថ្នាក់ចម្អិនម្ហូប សម្ភស សង្កាត់ជ្រាវ ក្រុងសៀមរាប។
ការបណ្តុះបណ្តាលនេះ ដើម្បីពង្រឹងសមត្ថភាពលើជំនាញឆុងភៅ (Cooking) ដើម្បីលើកកម្ពស់វិស័យម្ហូបអាហារតំបន់ឦសាន្ត ដោយបានចងក្រងសៀវភៅមុខម្ហូបប្រចាំតំបន់ រៀបចំរូបមន្តស្តង់ដាម្ហូបអាហារ (Recipe &Cooking Methods) និងបណ្តុះបណ្តាលជំនាញចាំបាច់មួយចំនួនដល់គ្រូបង្គោលជំនាញឆុងភៅនៃខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី និងមណ្ឌលគិរី។
មុខម្ហូបចំនួន ២២មុខប្រចាំតំបន់ឦសាន្ត ត្រូវបានចងក្រងនិងរៀបចំរូបមន្តដោយរួមមាន៖ (១) ខេត្តក្រចេះ៖ ភ្លាត្រីក្រូចថ្លុង សម្លរកកូរគមទ្រាំង ខ្នប់ត្រីក្រឡានថ្មគ្រែ ចេកទុំរុំសំបកចៃយ៉ (២)ខេត្តស្ទឹងត្រែង៖ យ៉ាហនសាច់គោ/ត្រី ភ្លាជ្រលក់ត្រីក្អែក ឆាគ្រឿងត្រីក្របី/ខ្យារ សេកសាច់ជ្រូក (៣)ខេត្តរតនគិរី៖ សម្លភីភាពោះគោ សម្លព្រោងបំពង់ឬស្សី បាយដំណើបចំហុយជាមួយងាតគោ និងប្រូគ្រាវបុក (៤)ខេត្តមណ្ឌលគិរី៖ ញាំចុងផ្តៅ សម្លបុកត្រប់ សម្លម្សៅ ខ្ទៀម(កាតៀម)បុក បុកគល់ស្លឹកគ្រី បុកតៀមអំពិលខ្ចី (៥)ខេត្តព្រះវិហារ៖ បុកគ្រៀងខ្មៅ អន្ទង់អប់ត្រយូងចេក ស្ងោរស្លឹកព្រិចត្រីឆ្អើរ អង្ក្រងខាំគោ មាន់ដុតបាយក្តាំង។
គ្រូបង្គោលចុងភៅខាងលើទទួលបានការបណ្តុះបណ្តាលពង្រឹងសមត្ថភាពបន្ថែមរួមមាន៖ (១) ចងក្រងរូបមន្តម្ហូបដែលជាអត្តសញ្ញាណរបស់ខេត្តនីមួយៗឱ្យបានច្បាស់លាស់ (២)ការបង្កើតម្ហូបថ្មីៗ (៣) ការវាល់ថ្លឹងបន្លែ សាច់ និងគ្រឿងទេស (៤) ការរចនាម្ហូបអាហារ (៥) ការធ្វើទឹកជ្រលក់ (៦) ការគណនាថ្លៃដើម និងការលក់ចេញ (៧) រចនាសម្ព័ន្ធនៅក្នុងផ្ទះបាយ (៨) ការអនុវត្តគោលការណ៍ និងតួនាទីនៅផ្ទះបាយ (៩) ការពិនិត្យមើលគុណភាពត្រី/សាច់ (១០) ភាពបទបែនក្នុងការធ្វើម្ហូបអាហារ (១១) ការចងក្រងសៀវភៅម្ហូបអាហារសម្រាប់តំបន់ឦសាន្ត៕