រដ្ឋាភិបាលឡាវ ថ្វាយដំរីមួយគូដល់ព្រះមហាក្សត្រខ្មែរសម្រាប់ចិញ្ចឹមថែរក្សាបន្ត នៅ «ភ្នំតាម៉ៅ»
ភ្នំពេញ៖ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ថ្វាយដំរីមួយគូ (ញីមួយ និងឈ្មោលមួយ) ដល់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ចិញ្ចឹមថែរក្សាជាបន្ត នៅឧទ្យានសួនសត្វព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ»។
ពិធីប្រគល់-ទទួលត្រូវបានរៀបចំធ្វើនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធីបីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Linkham DOOUANGSAVNHតំណាងររដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅឧទ្យានសួនសត្វព្រៃការពារ និងសួនភូតគាមភ្នំតាម៉ៅ។
ក្នុងពិធីប្រគល់-ទទួលសត្វដំរីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវក្តីរំភើបរីករាយជាខ្លាំង និងជាកិត្តិយស ក្នុងការអញ្ជើញតំណាងសម្តេចធិបតី នាយករដ្ឋមន្ត្រី ទទួលសត្វដំរីមួយគូ ប្រកបដោយទឹកចិត្តជ្រះថ្លាប្រពៃ និងមានអត្ថន័យ ដែលរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ពិធីប្រគល់-ទទួលដំរីមួយគូថ្ងៃនេះ គឺមានអត្ថន័យជ្រាលជ្រៅនៃប្រទេសទាំងពីរ ហើយវត្តមានប្រតិភូជាន់ខ្ពស់ បង្ហាញពីមិត្តភាពកម្រិតខ្ពស់ កិច្ចសហការល្អ និងក្នុងនាមអ្នកជិតខាងល្អ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា សត្វដំរីបានឆ្លាក់នៅលើជញ្ជាំងប្រាសាទអង្គរវត្ត បាយ័ន និងប្រាសាទនានា ដែលកាលសម័យបុរាណបុព្វបុរសខ្មែរ បានយកសត្វដំរីមកប្រើប្រាស់ជាមធ្យោបាយដឹកជញ្ជូន ការធ្វើដំណើរ និងការធ្វើសង្គ្រាមជាដើម។
បើទោះជាយ៉ាងនេះក្តី ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់បញ្ជាក់ថា បច្ចុប្បន្នសត្វដំរីត្រូវបានទទួលរងការគម្រាមកំហែង ចាំបាច់ត្រូវធ្វើការការពារ ថែរក្សា ហើយរដ្ឋាភិបាលកម្ពុជាបង្កើត និងលើកកម្ពស់សត្វដំរីព្រៃ ដោយក្នុងនោះការបង្កើតកម្មវិធីភ្លុកដំរី និងយុទ្ធសាស្ត្រនានាជាមួយដៃគូនានាក្នុងការការពារ និងអភិរក្សដំរី។
ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនឡាវ ព្រមទាំង ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម និងព្រៃឈើ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានប្រគល់ដំរីមួយគូនេះ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលនេះជាការបើកទំព័រចំណងមិត្តភាពល្អបន្ថែមទៀត ក្នុងការអភិរក្ស និងការពារសត្វព្រៃ សត្វដំរី ព្រមទាំងបន្តកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ជាពិសេសវិស័យកសិកម្មឱ្យកាន់តែល្អប្រសើរ។
សូមជម្រាបជូនថា បន្ទាប់ពីទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៤កន្លងមកនេះ ឯកឧត្តម Thongloun SISOULITH ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានថ្វាយនូវតង្វាយសត្វដំរីចំនួនមួយគូ (ញីមួយ និងឈ្មោលមួយ) ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីជានិមិត្តរូបនៃចំណងសាមគ្គីភាពរវាងរដ្ឋាភិបាល និងប្រជាជាតិទាំងពីរ ហើយព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យ ដោយសេចក្តីសោមនស្សជាអនេកទទួលតង្វាយសត្វដំរីមួយគូនេះ និងប្រោសព្រះរាជប្រទានជូនមករាជរដ្ឋាភិបាលកម្ពុជា ដើម្បីដឹកនាំចាត់ចែងរៀបចំពិធីប្រគល់-ទទួល និងទទួលចិញ្ចឹមថែរក្សាជាបន្ត នៅឧទ្យានសួនសត្វព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ»៕