គ.ជ.ប ប្រកាសផ្ដល់សុពលភាពលើបញ្ជីបោះឆ្នោត «ក្រុមប្រឹក្សា» ជាផ្លូវការ និងប្រកាសផ្សាយជាសាធារណៈនៅថ្ងៃនេះ
ភ្នំពេញ៖ ឯកឧត្ដម ហង្ស ពុទ្ធា សមាជិក គ.ជ.ប ប្រធានក្រុមអ្នកនាំពាក្យ គ.ជ.ប បានថ្លែងថា បន្ទាប់ពីបញ្ចប់ការដោះស្រាយពាក្យបណ្ដឹងក្នុងដំណាក់កាលបិទផ្សាយបញ្ជីបោះឆ្នោតដំបូង គ.ជ.ប ផ្ដល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការ និងប្រកាសផ្សាយជាសាធារណៈ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។
ឯកឧត្ដម ហង្ស ពុទ្ធា បានថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយអំពីការផ្ដល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការ ការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត និងបច្ចុប្បន្នភាពចំនួនអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ និងអ្នកសារ- ព័ត៌មានជាតិ-អន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា ក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៤។
ឯកឧត្តម សង្កត់ទៀតថា អ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតផ្លូវការមានចំនួនសរុប ១១.៦២២នាក់ ក្នុងនោះស្រីមានចំនួន ២.៥៧៤នាក់ និងមានការិយាល័យបោះឆ្នោតសរុបចំនួន ២០៩ការិយាល័យ។ បញ្ជីបោះឆ្នោតផ្លូវការនេះត្រូវរក្សាទុកដោយសុវត្ថិភាពបំផុត នៅនាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោតនៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេស និងត្រូវថតចម្លងបន្ថែមចំនួន ៥ច្បាប់ទៀត សម្រាប់បែងចែកទៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ចំនួន ៣ច្បាប់ និងគណៈកម្មការការិយាល័យបោះឆ្នោត (គ.ក.ប) ចំនួន ២ច្បាប់។
ឯកឧត្ដម ហង្ស ពុទ្ធា បានបន្តទៀតថា គណបក្សនយោបាយដែលបានចុះបញ្ជីស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយ មានសិទ្ធិស្នើសុំបញ្ជីបោះឆ្នោតផ្លូវការច្បាប់ថតចម្លងបានដោយបង់ថ្លៃ។ តម្លៃនេះត្រូវគិតត្រឹមតែតម្លៃផលិតប៉ុណ្ណោះ។ គណបក្សក៏អាចទទួលបានទិន្នន័យបញ្ជីបោះឆ្នោតតាមទម្រង់ PDF ដែលបង្ហាញអំពីទិន្នន័យលេខកូដ និងឈ្មោះរាជធានី ខេត្ត លេខកូដ និងឈ្មោះក្រុង ស្រុក ខណ្ឌ លេខកូដ និងឈ្មោះទីតាំងការិយាល័យបោះឆ្នោត នាមត្រកូល និងនាមខ្លួន ភេទ និងថ្ងៃខែឆ្នាំកំណើតរបស់អ្នកបោះឆ្នោត។ បញ្ជីបោះឆ្នោតផ្លូវការនេះក៏មានបង្ហោះតាមរយៈគេហទំព័ររបស់ គ.ជ.ប voterlist.nec.gov.kh និង Mobile App (NEC KH) ផងដែរ។
ទាក់ទងនឹងការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត ឯកឧត្ដម ហង្ស ពុទ្ធា បានជម្រាបជូនថា ផ្អែកតាមសេចក្តីសម្រេចលេខ ១៥៧ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការផលិត និងការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត នាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោតនៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេស មានភារកិច្ចរៀបចំផលិត វេចខ្ចប់ និងបញ្ជូនបណ្ណព័ត៌មានអ្នកបោះឆ្នោតទៅ គធ.ខប រៀបចំផ្សព្វផ្សាយដល់ គធ.ខប អំពីរបៀបបែងចែកបណ្ណនេះដល់អ្នកបោះឆ្នោតដែលជាក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងមុខតំណែង តាមដាន និងត្រួតពិនិត្យការវិវត្ត និងបូកសរុបរបាយការណ៍នៃការបែងចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត។
ឯកឧត្ដម ហង្ស ពុទ្ធា បានបន្តទៀតថា ការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នៅក្នុងមុខតំណែង ចាប់ផ្តើមពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ អ្នកបោះឆ្នោតក៏អាចចូលទៅកាន់គេហទំព័ររបស់ គ.ជ.ប voterlist.nec.gov.kh និង App “NEC KH” ដើម្បីពិនិត្យមើលឈ្មោះរបស់ខ្លួនផងដែរ។
ដើម្បីធានាឱ្យដំណើរការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ នេះប្រព្រឹត្តទៅដោយរលូនល្អ ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព ឯកឧត្ដម ហង្ស ពុទ្ធា បានអំពាវនាវចំពោះ គធ.ខប អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមគោរព និងអនុវត្តតាមសេចក្តីណែនាំរបស់ គ.ជ.ប និងតាមតួនាទីភារកិច្ចរបស់ខ្លួន។
ឯកឧត្ដម ហង្ស ពុទ្ធា បានគូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ គ.ជ.ប បានទទួលស្គាល់អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ សរុបចំនួន ៨៩៩នាក់ (ស្រី ៥០២នាក់) មកពី ៧ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័ន រួមមាន៖ អ្នកសង្កេតការណ៍ជាតិ សរុបចំនួន ៨៩៧នាក់ (ស្រី ៥០២នាក់) មកពី ៥ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល និង ភ្ញៀវពិសេស សរុបចំនួន ២នាក់ មកពី ២ស្ថាប័ន។
ទន្ទឹមនឹងនេះ គិតត្រឹមថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ គ.ជ.ប បានអនុញ្ញាត និងចេញបណ្ណសម្គាល់ខ្លួនជាផ្លូវការជូនអ្នកសារព័ត៌មានជាតិ-អន្តរជាតិ សរុបចំនួន ២២៦នាក់ (ស្រី ១៦នាក់) មកពី ២៦អង្គភាព រួមមាន៖ អ្នកសារព័ត៌មានជាតិ ចំនួន ២២១នាក់ (ស្រី ១៦នាក់) មកពី ២៣អង្គភាព និង អ្នកសារព័ត៌មានអន្តរជាតិ ចំនួន ៥នាក់ មកពី ៣អង្គភាព៕