Close

វិស័យឯកជនសម្លឹងឃើញឱកាសនៃការបើកអាជីវកម្មថ្មីលក់ផលិតផលខ្មែរក្នុងខេត្តសៀមរាប

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ
វិស័យឯកជនសម្លឹងឃើញឱកាសនៃការបើកអាជីវកម្មថ្មីលក់ផលិតផលខ្មែរក្នុងខេត្តសៀមរាប វិស័យឯកជនសម្លឹងឃើញឱកាសនៃការបើកអាជីវកម្មថ្មីលក់ផលិតផលខ្មែរក្នុងខេត្តសៀមរាប

សៀមរាប៖ វិស័យឯកជនបាននឹងកំពុងសម្លឹងឃើញឱកាសនៃការបើកអាជីវកម្មថ្មីដោយលក់ផលិតផលខ្មែរ ដែលផលិតដោយក្រុមហ៊ុនក្នុងស្រុកនៅក្នុងខេត្តសៀមរាប ខណៈដែលរាជរដ្ឋាភិបាលកំពុងបន្តជំរុញចលនាភូមិ១ ផលិតផល១ នៅទូទាំងប្រទេស ។

លោក អ៊ឹង គឹមលាង អភិបាលរងខេត្ដសៀមរាប ថ្លែងក្នុងការបើកសម្ពោធទីតាំងអាជីវកម្មថ្មីមួយកន្លែង ក្នុងក្រុងសៀមរាប ដែលផលិត និងកែច្នៃពីវត្ថុធាតុដើមក្នុងស្រុករបស់ខ្មែរ របស់ ក្រុមហ៊ុន ខនហ្វីរែល (Confirel)នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤បាន លើកឡើងថា ផលិតផលខ្មែរនាពេលបច្ចុប្បន្ន ទទួលបានការទទួលស្គាល់ និងនាំចេញទៅលក់លើទីផ្សារជុំវិញពិភពលោក។ ទាំងនេះ ជាការរួមចំណែកនាំមកនូវមោទនភាពជាតិលើឆាកអន្តរជាតិ របស់ប្រទេសកម្ពុជា។

លោក អ៊ឹងគឹមលាង បន្ថែមថា ដោយឡែក សម្រាប់ខេត្តសៀមរាប មានប្រាសាទអង្គរវត្ត ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់ ក្នុងការទាក់ទាក់អន្តរជាតិឲ្យមកទស្សនា ដែលជាឱកាសសម្រាប់ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាម្ចាស់អាជីវកម្មនានា ធ្វើការផ្សព្វផ្សាយ តាំងបង្ហាញនូវផលិតផល ដែលមានគុណភាព និងគុណប្រយោជន៍ក្នុងស្រុក។

ក្នុងនាមអាជ្ញាធរខេត្ដ លោក អ៊ឹង គឹមលាង បានបង្ហាញការគាំទ្រ និងស្នើដល់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសចូលរួមគាំទ្រ និងចូលរួមចំណែក ប្រើប្រាស់ផលិតផលនៅក្នុងស្រុកតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី។

គួរជម្រាបដែរថា តាមរយៈសារលិខិត សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអបអរ ទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ផលិត និងផ្គត់ផ្គង់ទីផ្សារប្រកបដោយចីរភាព គឺជាចលនាភូមិ១ផលិតផល១» ដោយបានអំពាវនាវឱ្យពលរដ្ឋគ្រប់រូបចូលរួមគាំទ្រ និងលើកទឹកចិត្តប្រកបដោយភាពម៉ឺងម៉ាត់ ជួយទិញផលិតផលខ្មែរយកទៅប្រើប្រាស់ឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន សំដៅលើកកម្ពស់កិត្យានុភាពជាតិ និងស្មារតីជាតិនិយម»។

ក្នុងនោះ សម្ដេច ក៏បានស្នើដល់ ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក៏ដូចជាដៃគូអភិវឌ្ឍអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ផ្នែកឯកជន បន្តកិច្ចសហការជាមួយគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ ដើម្បីជួយអភិវឌ្ឍផលិតផលខ្មែរ ផលិតផលភូមិ១ផលិតផល១ ឱ្យកាន់តែមានភាពសម្បូរបែប និងមានសក្តានុពលពាណិជ្ជកម្មទាំងលើទីផ្សារជាតិ និងអន្តរជាតិផងដែរ៕

អត្ថបទទាក់ទង