Close

រកឃើញសត្វទោចថ្ពាល់លឿង ជាង ១០០០ក្បាល ក្នុងដែនជម្រកសត្វព្រៃកែវសីមាខេត្តមណ្ឌលគិរី

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ
រកឃើញសត្វទោចថ្ពាល់លឿង ជាង ១០០០ក្បាល ក្នុងដែនជម្រកសត្វព្រៃកែវសីមាខេត្តមណ្ឌលគិរី រកឃើញសត្វទោចថ្ពាល់លឿង ជាង ១០០០ក្បាល ក្នុងដែនជម្រកសត្វព្រៃកែវសីមាខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ អង្គការសមាគមអភិរក្សសត្វព្រៃ WCS កម្ពុជា សហការជាមួយក្រសួងបរិស្ថាន សហគមន៍ អាជ្ញាធរមូលដ្ឋាន និងដៃគូអភិរក្សនានា ដើម្បីធ្វើការការពារប្រភេទសត្វកម្រមួយនេះឱ្យនៅគង់វង្ស ដោយក្នុងនោះ បានរកឃើញសត្វទោចថ្ពាល់លឿងមានចំនួនប្រមាណ ១ ១២៩ ក្បាល ក្នុងដែនជម្រកសត្វព្រៃកែវសីមាខេត្តមណ្ឌលគិរី។

បើតាម អង្គការសមាគមអភិរក្សសត្វព្រៃ WCS កម្ពុជា ក្នុងរយៈពេល ១២ ឆ្នាំចុងក្រោយនេះ សត្វទោចថ្ពាល់លឿងក្នុងដែនជម្រកសត្វព្រៃកែវសីមាមានចំនួនថេរ ដែលជាសញ្ញាវិជ្ជមានមួយ។ ប៉ុន្តែសត្វទោចថ្ពាល់លឿងនៅតែទទួលរងការគំរាមកំហែងដោយសារការបំផ្លាញទីជម្រកធម្មជាតិ ការបរបាញ់ដើម្បីយកសាច់បរិភោគនិងធ្វើឱសថបុរាណ និងការចាប់យកមកធ្វើជាសត្វចិញ្ចឹម។

ដូច្នេះ អង្គការនេះបានអំពាវនាវ ឱ្យមានការចូលរួមទាំងអស់គ្នាដើម្បីការពារសត្វទោចថ្ពាល់លឿងនិងសត្វព្រៃដទៃទៀត ដោយមិនបរិភោគសាច់សត្វព្រៃ មិនប្រើប្រាស់ផលិតផលធ្វើពីសត្វព្រៃ និងមិនបំផ្លាញទីជម្រក (ព្រៃឈើ) របស់វា។

សត្វទោចថ្ពាល់លឿនជាប្រភេទសត្វទទួលរងគ្រោះជិតផុតពូជនៅក្នុងបញ្ជីក្រហម IUCN។ សត្វទោចថ្ពាល់លឿនទទួលរងគ្រោះដោយសារបាត់បង់ទីជម្រក ការបរបាញ់ដើម្បីយកសាច់បរិភោគ និងធ្វើជាឱសថបុរាណ និងការចាប់យកមកធ្វើជាសត្វចិញ្ចឹម។

សត្វនេះ កើតមកមានរោមលឿងដូចគ្នា ។ ប៉ុន្តែ នៅអាយុប្រហែល ៦ ខែ សត្វទោចថ្ពាល់លឿនឈ្មោល នឹងប្រែពណ៌ខ្មៅរហូតដល់ចាស់។ ចំណែកសត្វទោចថ្ពាល់លឿងញីវិញ ប្រែពណ៌ខ្មៅ ហើយបន្ទាប់មកប្រែទៅជាលឿងវិញ នៅពេលវាដល់វ័យបន្តពូជនៅចន្លោះអាយុ៦-៨ ឆ្នាំ ។

សត្វទោចថ្ពាល់លឿងភាគច្រើន រស់នៅក្នុងព្រៃស្រោង និងពាក់កណ្តាលស្រោងភាគខាងកើតនៃប្រទេសកម្ពុជា ឡាវ និងវៀតណាម ។ដែនជម្រកសត្វព្រៃកែវសីមារនៃប្រទេសកម្ពុជា មានចំនួនសត្វទោចថ្ពាល់លឿងប្រមាណ ១១២៩ ក្បាល ដែលជាចំនួនច្រើនជាងគេបំផុត៕

អត្ថបទទាក់ទង