សូមអបអរសាទរ! យុវជនខេត្តបាត់ដំបងទទួលជ័យលាភីលេខ ១ លើការប្រកួតជំនាញសេវាកម្មស្រាទំពាំងបាយជូរ
បាត់ដំបង៖ តាមរយៈការប្រកួតជំនាញសេវាកម្មស្រាទំពាំងបាយជូរ នាឱកាសទិវាជំនាញ ហូកា ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ វិនិយោគទេសចរណ៍ វិនិយោគលើធនធានមនុស្ស នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ បេក្ខជនឈ្មោះ ម៉េង សុភក្រ្តា បុគ្គលិកសណ្ឋាគារ Classy Hotel & Spa ខេត្តបាត់ដំបង បានគ្រងជ័យលាភីលេខ ១ ក្រោយការប្រកួតយ៉ាងស្វិតស្វាញជាមួយបេក្ខជន១០រូបផ្សេងទៀត ដែលមកពីតាមបណ្តាខេត្តទំាង១០ នៃគម្រោងបណ្តុះបណ្តាល ហូកា។
បេក្ខជនជ័យលាភីត្រូវបានឆ្លងកាត់ការវាយតម្លៃសមត្ថភាពដោយគណៈវិនិឆ្ឆ័យចំនួន ០៤រូប ដែលសុទ្ធតែជាអ្នកជំនាញក្នុងជំនាញសេវាកម្មភោជនីយដ្ឋាន និងអនុវត្តតាមនីតិវិធីវាយតម្លៃ និងការផ្តល់ពិន្ទុ ដែលបានរៀបចំឡើងក្នុងកិច្ចប្រជុំគណៈកម្មការវាយតម្លៃនៅមុនកាលប្រកួត ហើយកម្មវិធីប្រកួតជំនាញនេះ មានការគាំទ្រឧបត្ថម្ភដោយក្រុមហ៊ុន ប៉ូលូម ប៉ូលូម។

សូមគូសបញ្ជាក់ផងដែរថា ជំនាញសេវាកម្មស្រាទំពាំងបាយជូរ (Wine Services) ជាជំនាញមួយ (Module) ដែលស្ថិតនៅក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈរបស់ ហូកា ហើយអ្នកជំនាញត្រូវឆ្លងកាត់ការបណ្តុះបណ្តាល និងការធ្វើតេស្តសមត្ថភាព ក្រោយការសិក្សាជំនាញសរុបចំនួន ១២មេរៀន។
ក្រោមកិច្ចសហការយ៉ាងជិតស្និទជាមួយអង្គការ ស្វីសខន់ថាក់ មន្ទីរទេសចរណ៍ខេត្តគោលដៅគម្រោង និងដៃគូផ្សេងៗទៀត បានធ្វើការបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍ចំនួនសរុប ៤.៥៥៦នាក់ លើជំនាញគេហកិច្ច ការិយាល័យជួរមុខ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ឆុងកាហ្វេ ចុងភៅ មគ្គុទ្ទេសក៍ទេសចរណ៍សហគមន៍ គ្រូបង្គោល និងអ្នកវាយតម្លៃបង្គោល ក្នុងដំណាក់កាលទី២ ឆ្នាំ២០២០-២០២៤នេះ៕



