រោងចក្រដំឡើងរថយន្ត Toyota តម្លៃជិត ៣៧លានដុល្លារ សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃនេះ
ភ្នំពេញ៖ រោងចក្រដំឡើងរថយន្តToyota ក្នុងទុនវិនិយោគចំនួនជិត ៣៧លានដុល្លារ ដែលមានទីតាំងក្នុងតំបន់សេដ្ឋកិច្ច ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ លើផ្ទៃដីសរុប ៤២,៩៧១ម៉ែត្រការ៉េ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
នាឱកាសនោះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា រោងចក្រដំឡើងរថយន្តតូយ៉ូតា ជាក្រុមហ៊ុនឯកជនបង្កើតឡើងដោយក្រុមហ៊ុនមេ TOYOTA TSUSHO CORPORATION នៃប្រទេសជប៉ុន មានភាគហ៊ុនចំនួន ៩០ភាគរយ និងក្រុមហ៊ុន គង់ នួន គ្រុប ចំនួន១០ភាគរយ។
ឯកឧត្តម បន្ថែមថា ក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឈឺរីង បានទទួលវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបង្កើតរោងចក្រផ្តុំ និងដំឡើងរថយន្តតូយ៉ូតា ដែលមានទីតាំងក្នុងតំបន់សេដ្ឋកិច្ច ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ លើផ្ទៃដីសរុប ៤២,៩៧១ម៉ែត្រការ៉េ។
ឯកឧត្តម រដ្ឋមន្ដ្រី បន្ដទៀតថា រោងចក្រនេះមានសមត្ថភាពដំឡើងរថយន្តចំនួន ២ប្រភេទ ទី១៖ ជាប្រភេទ SUV ម៉ាក FORTUNER និងទី២៖ ជាប្រភេទ Pick-UP ម៉ាក HILUX ដែលមានទុនវិនិយោគចំនួន ៣៦,៧៨១,០០០ដុល្លារអាមេរិក និងមានបុគ្គលិកសរុបចំនួន ១៥០នាក់ ហើយមានសមត្ថភាពដំឡើងរថយន្តចំនួន ១,៣២០គ្រឿងសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ (Market demand) ឆ្នាំ២០២៤ ក្នុងនោះរថយន្ត FORTUNER ចំនួន ២៩០គ្រឿង និងរថយន្ត HILUX ចំនួន ១,០៣០គ្រឿង។
គម្រោងវិនិយោគលើការបង្កើតរោងចក្រដំឡើងរថយន្តតូយ៉ូតា ត្រូវបានប្រកាសដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២។ រោងចក្រដំឡើងរថយន្តតូយ៉ូតានេះ មានទីតាំង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ដែលអាចបង្កើតការងារបានចំនួនប្រមាណ១៥០នាក់។
តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ត្រូវបានបង្កើតឡើងដំបូងនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០០៦ ដែលមានឈ្មោះថា «តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ» និងត្រូវបានផ្លាស់ប្ដូរឈ្មោះទៅជា «តំបន់សេដ្ឋកិច្ច ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ» នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២២ ដោយមាន អ្នកឧកញ៉ា គិត ម៉េង ជាប្រធានក្រុម ប្រឹក្សាភិបាល។
តំបន់សេដ្ឋកិច្ចពិសេសនេះ មានទំហំផ្ទៃដី ៣៥៧ ហិកតា បានទុនវិនិយោគ ៧៤៥ លានដុល្លារអាមេរិក មានរោងចក្រ សហគ្រាសសរុប ៩៨ កំពុងដំណើរការ ក្នុងនោះមកអ្នកវិនិយោទុនមកពីប្រទេសជប៉ុន ៤០ រោងចក្រ, ចិន ៣០រោងចក្រ, ថៃ ៦រោងចក្រ, ម៉ាឡេស៊ី ៤រោងចក្រ, សឹង្ហបូរី ៤រោងចក្រ, សហរដ្ឋអាមេរិក ៣រោងចក្រ, កម្ពុជា ៣រោងចក្រ, អូស្ត្រាលី ២រោងចក្រ, ហូឡង់ ២រោងចក្រ, កូរ៉េខាងត្បូង ១រោងចក្រ, ហ្វីលីពីន ១រោងចក្រ, ស៊ុយអែត ១រោងចក្រ, និងវៀតណាម ១រោងចក្រ ប្រើប្រាស់កម្មករនិយោជិតសរុប ៤១ ៣៧០នាក់ ទំហំទឹកប្រាក់នាំ ចេញបានកើនដល់ ៩៧៧លានដុល្លារអាមេរិកក្នុងឆ្នាំ២០២២៕