Close

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មអំពាវនាវឱ្យពលរដ្ឋខ្មែរជួយទិញផ្លែទុរេន

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មអំពាវនាវឱ្យពលរដ្ឋខ្មែរជួយទិញផ្លែទុរេន មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មអំពាវនាវឱ្យពលរដ្ឋខ្មែរជួយទិញផ្លែទុរេន

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវឱ្យពលរដ្ឋខ្មែរទាំងអស់ជួយទិញផ្លែទុរេនខ្មែរ យកទៅបរិភោគ ជាពិសេសជួយផ្សព្វផ្សាយពីផលិតផលខ្មែរមួយ នេះ ដើម្បីជួយលើកកម្កើងកសិកម្ម និងជីវភាព របស់កសិករខ្មែរ ខណៈ រដូវកាលទុរេនឈានចូលមកដល់ហើយ។

ឯកឧត្តម ឃឹម ហ្វីណង់ មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៤ នេះ បានសរសេរនៅលើបណ្តាញសង្គមថា« តស់! ដល់ខែទុរេនហើយ! ខ្មែរយើងសម្បូរផ្លែឈើទៅតាមរដូវកាលរបស់វា»។

ឯកឧត្តម បន្ថែមថា៖« កសិករតែងប្រមូលផលតំណាលគ្នាក្នុងពេលតែមួយ រុញច្រានឱ្យការផ្គត់ផ្គង់មានការកើនឡើងភ្លាមៗ និងទាញឱ្យថ្លៃកសិផលថយចុះ ដោយសារតែភាពសម្បូរហូរហៀរនៅលើទីផ្សាររបស់វានេះ»។

ឯកឧត្តម សង្កត់ទៀតថា «ជារឿងល្អសម្រាប់អ្នកបរិភោគ តែអាចជាផលប៉ះពាល់មួយដល់ប្រាក់ចំណូលរបស់បងប្អូនកសិករ ដែលរង់ចាំពេញមួយរដូវទម្រាំទទួលផលពីការងារនេះ។ ពួកយើងទាំងអស់គ្នាសុទ្ធតែអាចជួយដោះស្រាយបញ្ហានេះបាន តាមរយៈការ«ជួយញ៊ាំ ជួយទិញ ជួយលក់ និងជួយផ្សព្វផ្សាយ»ពីកសិផលខ្មែរ»។

អ្នកនាំពាក្យរូបនេះ បន្ថែមថា ជាងនេះទៅទៀត គឺបង្កើនតម្រូវការក្នុងស្រុក ដើម្បីស្រូបទាញបរិមាណផ្គត់ផ្គង់ឱ្យបានទាន់ពេលវេលា នៅរៀងរាល់ដើមរដូវ និងមុនពេលថ្លៃថយចុះ ធ្វើឱ្យបានប្រចាំ និងធ្វើឱ្យក្លាយទៅជាទម្លាប់ នោះយើងនឹងអាចកែប្រែស្ថានភាពចាស់បានហើយ។ ចូលរួមទិញផ្លែឈើខ្មែរយើងទាំងអស់គ្នា!»។

ចាប់ពីខែឧសភា រហូតទៅដល់ខែកក្កដា ជារដូវកាលដែលពេញសម្បូរណាស់ នៃការប្រមូលផលធុរេនប្រចាំឆ្នាំនៅក្នុងប្រទេសកម្ពុជាដ ។ ឲ្យតែដល់រដូវ គេតែងឃើញនៅតាមបណ្ដាផ្សារឬទីតាំងមួយចំនួនបានដាក់លក់ជាច្រើនជាពិសេសការលក់នៅតាមទីផ្សារអនឡាញតែម្ដង។

ផ្លែទុរេនត្រូវបានហៅថាជាស្ដេចផ្លែឈើ ហើយក៏មានក្លិនឆួលខ្លាំង។ តែស្ដេចផ្លែឈើនេះល្បីល្បាញយ៉ាងខ្លាំងក្នុងភូមិភាគអាស៊ីអាគ្នេយ៍មិនថាជាការស្អប់ ឬការចូលចិត្តឡើយ។ យើងឃើញថា នាពេលបច្ចុប្បន្នការដាំណុះដំណាំហូបផ្លែផ្សេងៗរបស់បងប្អូនប្រជាកសិករ គឺមានការពេញនិយមគួរឲ្យកត់សម្គាល់។ ដែលភាគច្រើនស្ថិតនៅខេត្តកំពត ខេត្តកែប ខេត្តកំពង់ចាមក្នុងស្រុកមេមត់ និងខេត្តបាត់ដំបងជាដើម ដោយអ្នកខ្លះបានដាំំណុះជាលក្ខណៈគ្រួសារសម្រាប់ទុកទទួលទាន ហើយអ្នកខ្លះទៀតក៏បានដាំដុះជាចម្ការធំៗ ដើម្បីធ្វើការផ្គត់ផ្គង់លក់នៅលើទីផ្សារក្នុងស្រុក និងក្រៅស្រុកផងដែរ៕

អត្ថបទទាក់ទង