Close

វិទ្យាស្ថានយុទ្ធសាស្រ្ត KSI គ្រោងពង្រីកការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ
វិទ្យាស្ថានយុទ្ធសាស្រ្ត KSI គ្រោងពង្រីកការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា វិទ្យាស្ថានយុទ្ធសាស្រ្ត KSI គ្រោងពង្រីកការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា

ភ្នំពេញ៖ លោក តាន់ ស្រ៊ី មីសែល យ៉ាវ (Tan Sri Michael Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្រ្ត KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានលើកឡើងថា លោកនឹង ពិនិត្យលទ្ធភាពក្នុងការពង្រីកការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសលើវិស័យកសិកម្ម ថាមពលជីវម៉ាស បច្ចេកវិទ្យាហិរញ្ញវត្ថុ និងឌីជីថល ព្រមទាំងការបង្កើតនូវ “World Digital Chamber” ។

ការលើកឡើងរបស់លោក តាន់ ស្រ៊ី មីសែល យ៉ាវ (Tan Sri Michael Yeoh) បែបនេះ ក្នុងគ្រាដែលលោកចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុនៅថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៤ ។
បន្ថែមលើនេះ លោកប្រធានវិទ្យាស្ថាន បានលើកឡើងអំពីការបង្កើត ASEAN Economic Club នៅកម្ពុជា ហើយក្នុងឆ្នាំនេះ វិទ្យាស្ថានយុទ្ធសាស្រ្ត KSI បានផ្តួចផ្តើមគំនិតស្នើសុំឱ្យព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តការណ៍ចំនួន ២ ។

បើតាមលោក Tan Sri Michael Yeoh គឺកិច្ចប្រជុំកំពូលសាកលស្តីពីបច្ចេកវិទ្យា និងសេដ្ឋកិច្ចចិន (Global Chinese Economic & Technology Summit-GCET) 2024 និង កិច្ចប្រជុំកំពូលស្តីពីសហគ្រិនភាព និង សេដ្ឋកិច្ចអាស៊ី (Asia Economic & Entrepreneurship Summit -AEES) 2024 ។

កម្មវិធីទាំង២នេះ គឺជាឱកាសក្នុងការទាក់ទាញវិនិយោគិនក្នុងតំបន់អាស៊ាន និងជុំវិញពិភពលោក អំពីឱកាសវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ លោកប្រធានវិទ្យាស្ថាន ក៏បានគោរពអញ្ជើញសម្តេចនាយករដ្ឋមន្ត្រី ធ្វើជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះ ក្នុងកម្មវិធីទាំង២នេះផងដែរ។
ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍បានសម្តែងក្ដីសោមនស្ស អំពីការរៀបចំកម្មវិធីទាំងពីរនេះ ដោយសម្តេចធិបតី បានណែនាំឱ្យវិទ្យាស្ថានយុទ្ធសាស្រ្ត KSI ធ្វើការពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាបន្ថែមទៀត។

សម្តេចធិបតី បានទទួលយកការអញ្ជើញរបស់លោកប្រធានវិទ្យាស្ថានក្នុងការចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះ ក្នុងកម្មវិធីទាំងពីរនេះ។

ពាក់ព័ន្ធនឹងការជំរុញការវិនិយោគលើបច្ចេកវិទ្យាហិរញ្ញវត្ថុ និងវិស័យឌីជីថល សម្តេចធិបតី បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានធនាគារជាតិនៃកម្ពុជា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ បាននិងកំពុងខិតខំជំរុញការអភិវឌ្ឍបច្ចេកវិទ្យា ដើម្បីធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅជាសេដ្ឋកិច្ចឌីជីថល។

បន្ថែមលើនេះ សម្តេចធិបតី ក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលអាណត្តិទី៧នឹងបន្តការអភិវឌ្ឍគោលនយោបាយ ដោយឈរលើស្មារតីសង្គតិភាព និងនិរន្តរភាព ដើម្បីសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ ដោយផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន។

ទន្ទឹមនោះ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការធានាដល់បរិស្ថាននៃការវិនិយោគ ព្រមទាំងរៀបចំនូវផែនការយុទ្ធសាស្រ្តផ្នែកពាណិជ្ជកម្ម ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីធានាបាននូវកាលានុវត្តភាព និងរក្សាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់ និងពិភពលោក។

ជាមួយគ្នានោះ សម្ដេចធិបតី បានបញ្ជាក់អំពីគំនិតផ្តួចផ្តើមថ្មីៗរបស់រាជរដ្ឋាភិបាល ដូចជាការបង្កើតឡើងនូវគណៈកម្មាធិការផ្ដល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម ដើម្បីធានាប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការអនុវត្តគោលនយោបាយពាណិជ្ជកម្មនានា និងស្វាគមន៍ការផ្ដល់មតិយោបល់ ក៏ដូចជាធាតុចូលនានាពីវិទ្យាស្ថានយុទ្ធសាស្ត្រ KSI៕

អត្ថបទទាក់ទង