ឈ្មោះទន្លេ «វ៉ៃគោ» និង «វ៉ៃកូ» តើមួយណាត្រឹមត្រូវ?
ស្វាយរៀង៖ ខេត្ដស្វាយរៀង ស្ថិតនៅទិសអាគ្នេយ៍ នៃរាជធានីភ្នំពេញ មានចម្ងាយប្រមាណ ១២៥គ.ម មានព្រំប្រទល់ខាងលិច និងខាងជើងទល់នឹងខេត្តព្រៃវែង ខាងកើត និងខាងត្បូងទល់នឹងខេត្តតៃនីញនិងខេត្ដឡុងអាន ប្រទេសវៀតណាម ប្រមាណ ២៥៨ គ.ម ។ នៅទីរួមខេត្តស្វាយរៀង មានទន្លេធំមួយហ៊ុំព័ទ្ធនៅភាគខាងកើត និងខាងត្បូង ដោយទន្លេនោះភាគច្រើនត្រូវបានគេហៅឈ្មោះថា «ទន្លេវ៉ៃគោ» ។
តាមការសង្កេតបច្ចុប្បន្ន ការហៅឈ្មោះទន្លេដែលមានភាពល្បីល្បាញនៅក្នុងខេត្តស្វាយរៀងខាងលើនេះ ហាក់នៅមានភាពស្រពិកស្រពិល ដោយអ្នកខ្លះហៅថា «ទន្លេវ៉ៃគោ» និងខ្លះទៀតហៅថា «ទន្លេវ៉ៃកូ» តើឈ្មោះទាំងពីរនេះ មួយណាត្រឹមត្រូវ?

យោងតាមជំពូកទី៦ ក្នុងឯកសាររបស់មជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌ វិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានឱ្យដឹងថា តាមសេចក្តីពន្យល់របស់អ្នកស្រុក «វ៉ៃកូ» ជាឈ្មោះ ដែលនិយាយក្លាយមកពី «វ៉ៃគោ»។ ពួកគាត់លើកសេចក្តីដំណាលមកធ្វើជាអំណះអំណាងថា កាលដើមឡើយទន្លេនេះជាទីសំចតនៃឈ្មួញសំពៅចិន ឬអាណាម ដែលមកជួញដូរនៅស្រុកខ្មែរ។ នៅពេលត្រឡប់ទៅវិញ ឈ្មួញខ្លះក៏ទិញគោពីស្រុកខ្មែរយកទៅលក់នៅឯស្រុករបស់ខ្លួន។ ដើម្បីឱ្យគោឡើងសំពៅ គឺត្រូវវាយ (វ៉ៃ) គោទាំងនោះ ដែលជាហេតុនាំឱ្យជាប់ជាឈ្មោះហៅថា «ទន្លេវ៉ៃគោ»។

ចំណែកអ្នកខ្លះទៀតនិយាយខ្លីត្រឹមតែថា «អ្នកស្រុកវាយ (វ៉ៃ) ដេញគោឱ្យឆ្លងទៅត្រើយម្ខាងទៀតដើម្បីយកទៅលក់» ឬខ្លះទៀតថា «ទៅលក់នៅវៀតណាម» តែប៉ុណ្ណោះ។
បើគិតពីសំឡេងនៃពាក្យ «វ៉ៃគោ» និង «វ៉ៃកូ» គឺខុសគ្នា ហើយដែលពិបាកនឹងជឿថា «វ៉ៃកូ» ក្លាយមកពី «វ៉ៃគោ» ។ ប៉ុន្តែសេចក្តីពន្យល់ខាងលើនេះបានជាប្រយោជន៍ជួយបញ្ជាក់ឱ្យឃើញច្បាស់ថា ៖
ទី១ ៖ ឈ្មោះ «វ៉ៃកូ» ជាឈ្មោះមានមុនឈ្មោះ «វ៉ៃគោ»។
ទី២ ៖ ឈ្មោះ «វ៉ៃគោ» ដែលបង្កើតក្រោយនេះ គឺកើតចេញពីការខិតខំរកសេចក្តីពន្យល់ឱ្យ «សមហេតុសមផល» របស់អ្នកស្រុក ដ្បិតពុំយល់ និងពុំអាចបកស្រាយឈ្មោះ «វ៉ៃកូ» បាន។
ក្រៅអំពីសេចក្តីពន្យល់ខាងលើ មានសេចក្តីសង្ស័យខ្លះៗដែរ ថា ឈ្មោះ «វ៉ៃកូ» គឺជាពាក្យរបស់ពួកព័រទុយហ្គេ ដែលបានមកកម្ពុជាកាលពីរវាងសតវត្សទី១៦និង១៧។ តែយ៉ាងណាក៏នៅតែពុំយល់ន័យដូចគ្នាដែរ៕


