Close

មន្ត្រី៖ ខេត្តព្រះសីហនុកំពុងយកចិត្តទុកដាក់លើការអភិវឌ្ឍន៍ ដើម្បីទ្រទ្រង់ដល់វិស័យសេដ្ឋកិច្ចសង្គម និងទេសចរណ៍ឱ្យមានការរីកចម្រើន

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ
មន្ត្រី៖ ខេត្តព្រះសីហនុកំពុងយកចិត្តទុកដាក់លើការអភិវឌ្ឍន៍ ដើម្បីទ្រទ្រង់ដល់វិស័យសេដ្ឋកិច្ចសង្គម និងទេសចរណ៍ឱ្យមានការរីកចម្រើន មន្ត្រី៖ ខេត្តព្រះសីហនុកំពុងយកចិត្តទុកដាក់លើការអភិវឌ្ឍន៍ ដើម្បីទ្រទ្រង់ដល់វិស័យសេដ្ឋកិច្ចសង្គម និងទេសចរណ៍ឱ្យមានការរីកចម្រើន

ព្រះសីហនុ៖ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងថា ដើម្បីទ្រទ្រង់ដល់វិស័យសេដ្ឋកិច្ចសង្គម និងទេសចរណ៍ឱ្យមានការរីកចម្រើន ប្រកបដោយគុណភាព និងនិរន្តភាព រដ្ឋបាលខេត្តព្រះសីហនុ បាននឹងកំពុងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍ និងស្តារហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត រៀបចំកែលម្អឆ្នេរសមុទ្រ ទឹកស្អាត អគ្គិសនី ការគ្រប់គ្រងសំណល់រឹង-រាវ បន្ទប់ទឹកសាធារណៈ ការរៀបចំសួនច្បារ និងកំពង់ផែទេសចរណ៍ស្តង់ដាសេវាកម្មទេសចរណ៍ ។

ការលើកឡើងរបស់លោក ឡុង ឌីម៉ង់ បែបនេះ ក្នុងគ្រាដែលលោកចូលរួមក្នុងពិធីបើក ព្រឹត្តិការណ៍ «ស្កាយ ហ្វេស ខេមបូឌា ២០២៤» (Sky Fest Cambodia) ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលព្រឹត្តិការណ៍នេះ មានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។

លោក ឡុង ឌីម៉ង់ បន្ថែមទៀតថា ក្រៅពីនេះ រដ្ឋបាលខេត្តក៏បាននឹងនឹងកំពុងពង្រឹងការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងសេវារថយន្តក្រុង រួមទាំងជំរុញយុទ្ធនាការទីក្រុងស្អាត ឆ្នេរស្អាត ទាំងនៅក្នុងទីក្រុង ទីប្រជុំជន និងនៅតាមតំបន់ឆ្នេរឱ្យកាន់តែមានសោភ័ណភាព បរិស្ថានល្អប្រសើរ ក្នុងគោលដៅប្រែក្លាយខេត្តព្រះសីហនុ ជាគោលដៅទេសចរណ៍ឈានមុខ ប្រកបដោយភាព សម្បូរបែបពោពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ។

ជាមួយគ្នានេះ លោកឡុង ឌីម៉ង់ បានកោតសរសើរពិធីបើកព្រឹត្តិការណ៍ «ស្តាយ ហ្វេស ខេមបូឌា ២០២៤» នៅតំបន់អភិវឌ្ឍ ទេសចរណ៍ នាឱកាសនេះ ស្របពេលដែលខេត្តព្រះសីហនុបានកំពុងដំណើការរៀបចំព្រឹត្តិការណ៍ ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម ក្រោមប្រធានបទ «ទេសចរណ៍ ផ្តល់ឱកាស សម្រាប់ទាំងអស់គ្នា»​ ដែលប្រារព្ធឡើងក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិ ការវិនិយោគ ពាណិជ្ជកម្ម ការអភិវឌ្ឍ និងផ្សព្វផ្សាយ សេវាកម្មទេសចរណ៍នៃច្រករបៀងសេដ្ឋកិច្ចខេត្តជាប់មាត់សមុទ្ររបស់ប្រទេសទាំង៣ រួមមាន កម្ពុជា វៀតណាម ថៃ។

លោក ឡុង ឌីម៉ង់ ថ្លែងថា ៖ «ការផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍ នេះឡើងបង្កើតជាផលិតផលទេសចរណ៍ដ៍ទាក់ទាញ ដើម្បីផ្តល់ការកំសាន្ត និងចែករំលែកបទពិសោធន៍ថ្មីៗ ក្នុងព្រះរាជាណាចក្រកម្ពុជាជារួម និងដោយឡែកខេត្តព្រះសីហនុ។ ព្រឹត្តិការណ៍នេះ នឹងទាក់ទាញនូវភ្ញៀវទេសចរ ឱ្យមកសម្រាកកម្សាន្តនៅខេត្តព្រះសីហនុឱ្យបានកាន់តែច្រើន និងស្នាក់នៅយូរថ្ងៃ ដើម្បីចូលរួមជម្រុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ»។

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះដែរ ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងអំណរគុណចំពោះបណ្ដាក្រុមហ៊ុនវិស័យឯកជនដែលតែងតែសហការជាមួយក្រសួងទេសចរណ៍ក៏ដូចជារដ្ឋបាលខេត្តព្រះសីហនុក្នុងការជំរុញផ្សព្វផ្សាយវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជាជាពិសេសក្នុងខេត្តតំបន់ឆ្នេរសមុទ្រកម្ពុជាដែលបានប្រសិទ្ធនាមថាជាតារារះនាទិសនិរតី តាមរយៈការចូលរួមព្រឹត្តិការណ៍ទេសចរណ៍នានាក្នុងនាមក្រសួងទេសចរណ៍លោកបានថ្លែងអំណរគុណចំពោះស្ថាប័នជាតិអន្តរជាតិជាពិសេសរដ្ឋបាលខេត្តព្រះសីហនុដែលគាំទ្រនិងបន្តគាំទ្រដល់ដំណើរការរៀបចំមានព្រឹត្តិការណ៍ថ្មីៗដ៏មានសារៈសំខាន់ ដើម្បីទាក់ទាញភ្ញៀវ ជាតិនិងអន្តរជាតិនិងធុរៈជនធុរកិច្ចជនទាំងអស់។

ឯកឧត្តម បានបញ្ជាក់បន្ថែមថាដោយមានការយកចិត្តទុកដាក់ពី រាជរដ្ឋាភិបាលនីតិកាលទី៧ បានបន្តកំណត់វិស័យទេសចរណ៍ដែលជាមាសបៃតង ជាវិស័យអាទិភាពនៅក្នុង «យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១»។ ក្នុងបញ្ចកោណទី២ បានរំលេចពីភាពចាំបាច់នៃការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង ដោយបានបញ្ជាក់ពីគោលដៅនៃវិស័យទេសចរណ៍កម្ពុជា ត្រង់មុំទី១ ចំណុចទី៥ គឺ «ការបន្តលើកកម្ពស់វិស័យទេសចរណ៍ ជាពិសេសការបន្តជំរុញការអភិវឌ្ឍ ទេសចរណ៍វប្បធម៌ និងធម្មជាតិ ដោយបន្ថែមទេសចរណ៍បៃតង ស្អាត និងវៃឆ្លាត ការជំរុញការបង្កើតប្រភេទផលិតផលទេសចរណ៍ថ្មីៗ ដែលមានតម្លៃបន្ថែមខ្ពស់ និងទេសចរណ៍ធុរកិច្ច តាមរយៈការលើកកម្ពស់ការអនុវត្ត ក៏ដូចជាការរៀបចំ និងការដាក់ចេញគោលនយោបាយ និងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នានា»។

ឯកឧត្តម បន្ថែមថា ក្នុងព្រឹត្តិការណ៍ដ៏ទាក់ទាញនេះផងដែរដោយមានបណ្ដាប្រទេសចំនួន ៦ ដែលបានចូលរួមបង្ហាញនិងបង្ហោះខ្លែងឯករួមមានប្រទេសកម្ពុជា វៀតណាម ចិន ថៃ សិង្ហបុរី និងឥណ្ឌូនេស៊ី៕

អត្ថបទទាក់ទង