Close

ស្ពានអាកាសមរតកតេជោ ដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននៅថ្ងៃនេះ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ស្ពានអាកាសមរតកតេជោ ដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននៅថ្ងៃនេះ ស្ពានអាកាសមរតកតេជោ ដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននៅថ្ងៃនេះ

ភ្នំពេញ៖ ស្ពានអាកាសមរតកតេជោបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន នៅថ្ងៃទី១ មេសា ២០២៤ ពោលគឺនៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឈានចូលមកដល់ ដើម្បីចូលរួមចំណែក ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេស ជំរុញដល់ការបែងចែកផ្លែផ្កាសេដ្ឋកិច្ចប្រកបដោយសមធម៌ជូនប្រជាពលរដ្ឋ ។

ស្ពានអាកាសនេះ មានទីតាំងស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ ដែលសាងសង់ដោយក្រុមវិស្វករខ្មែរនៃក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC។

ផ្លូវ គឺជាអាទិភាពគន្លឹះទី២ នៅក្នុងអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ ដោយកិច្ចការអាទិភាពទី២ ក្នុងបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន បានផ្តោតគោលដៅយុទ្ធសាស្ត្រលើការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ, ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មី ។

សមិទ្ធផលនេះ ត្រូវបានរំពឺងថា ជួយកាត់បន្ថយចំណាយលើឥន្ធនៈដោយសារការកកស្ទះ ចំណេញពេលវេលា និងសម្រួលដល់ការធ្វើដំណើរប្រកបការងារ ជាពិសេស ការជួយលើកកម្ពស់ការកសាងសេដ្ឋកិច្ចមូលដ្ឋានរបស់ប្រជាពលរដ្ឋផងដែរ ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានថ្លែងថា បើនិយាយពីស្ពានអាកាស យើងគួរក្រឡេកថយក្រោយបន្តិចទៅមើលអតីតកាលដើម្បីឆ្លុះបញ្ចាំងពីការអភិវឌ្ឍយ៉ាងលឿនរហ័សរបស់ប្រទេសកម្ពុជាដែលគ្មានអ្នកណាអាចនឹកស្មានដល់។

ឯកឧតុ្តម ប៉ែន បូណា បន្ថែមថា «កាលពីដើមឡើយ ប្រជាពលរដ្ឋប្រាថ្នាចង់បានត្រឹមតែផ្លូវប៉ុណ្ណោះគឺគ្រប់គ្រាន់ហើយ ពោលគឺ«មានផ្លូវមានសង្ឃឹម»។ ប៉ុន្តែ សន្ទុះនៃការអភិវឌ្ឍដ៏លឿនរហ័សទាមទារតម្រូវការកាន់តែធំឡើងជាលំដាប់។ មានផ្លូវល្អ ធំទូលាយ មិនគ្រប់គ្រាន់ឡើយ តែកម្ពុជាជាពិសេសរាជធានីភ្នំពេញត្រូវការស្ពានឆ្លងទន្លេជាច្រើនកន្លែងដើម្បីរំដោះចរាចរណ៍កុំឱ្យកកស្ទះ»។

ឯកឧត្តម ប៉ែន បូណា បន្ថែមទៀតថាក្រោយមកទៀត ទោះជាវត្តមានស្ពានឆ្លងទន្លេកាន់តែច្រើននិងនៅមិនឆ្ងាយពីគ្នាក៏ដោយ ក៏នៅតែមិនអាចឆ្លើយតបនឹងកំណើនយានយន្តបានដែរ។ ដូច្នេះ នៅកន្លែងខ្លះ ត្រូវសាងសង់ស្ពានពីរទន្ទឹមគ្នាឬហៅថាស្ពានភ្លោះ។ បច្ចុប្បន្ន ទោះជាមានស្ពានភ្លោះហើយក៏ដោយ ក៏ចរាចរណ៍នៅតែកកស្ទះដែរ។ ដូច្នេះ តម្រូវការផ្លូវក្រោមដី និងស្ពានអាកាស គឺជាការចាំបាច់ជាពិសេសនៅត្រង់ចំណុចប្រសព្វធំៗ។

បើតាម ឯកឧត្តម ប៉ែន បូណា នៅកន្លែងខ្លះ ស្ពានអាកាសមួយជាន់មិនគ្រប់គ្រាន់ទេ តែត្រូវការស្ពានអាកាសពីរឬបីជាន់ឯណោះទើបអាចដោះស្រាយបញ្ហាចរាចរណ៍បាន។ ជាក់ស្តែង ស្ពានអាកាសមរតកតេជោត្រង់ចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថី ព្រះមុនីវង្ស និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) គឺជាឧទាហរណ៍ស្រាប់។ ស្ពានឆ្លងទន្លេ និងស្ពានអាកាសជាច្រើនទៀតនឹងលេចរូបរាងនាពេលខាងមុខ។

ឯកឧត្តម សង្កត់ធ្ងន់ទៀតថា៖«សន្ទុះនៃការអភិវឌ្ឍលឿនរហ័សបែបនេះកើតឡើងដោយសារតែប្រជាពលរដ្ឋមានជីវភាពធូរធារដែលជាផ្លែផ្កានៃសុខសន្តិភាព និងស្ថិរភាពនយោបាយក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្តវេន។ សមិទ្ធផលទាំងឡាយដែលបង្ហាញខ្លួនចំពោះមុខយើងគ្រប់គ្នានាពេលនេះ មិនដែលធ្លាប់មានទេក្នុងប្រវត្តិសាស្ត្រអតីតកាលរបស់ប្រទេសកម្ពុជា»។

ឯកឧត្តម ថ្លែងថា៖«ឥឡូវនេះ យើងសាកស្រមៃទៅឆ្នាំ២០៥០ ខាងមុខ ពេលដែលកម្ពុជាក្លាយជាប្រទេសដែលមានចំណូលខ្ពស់ តើភាពសម្បូរសប្បាយនិងសមិទ្ធផលថ្មីៗផ្សេងទៀតនឹងលេចរូបរាងច្រើនស្អេកស្កះយ៉ាងណា? មានតែរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរស្គាល់ភាពអស្ចារ្យ មានក្តីសង្ឃឹម និងមោទនភាពជាតិពិតប្រាកដ»៕

អត្ថបទទាក់ទង