កសិដ្ឋានដំណាំពោតលំដាប់អន្តរជាតិ និងប្រើបច្ចេកវិទ្យាទំនើបដំបូងគេនៅកម្ពុជា សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ
សៀមរាប៖ កសិដ្ឋានដំណាំពោតប្រភេទចំណីសត្វ ទំហំប្រមាណ ១ ០០០ហិកតា និងប្រើប្រាស់ទុនវិនិយោគក្នុងរង្វង់ ៤.៥លានដុល្លារអាមេរិក ស្ថិតក្នុងភូមិ ជាស្មន់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាបត្រូវបានដាក់សម្ពោធឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី២៥ ខែមីនានេះ។
លោក Benjamine Bootle នាយកគ្រប់គ្រង ក្រុមហ៊ុន អេជី អេគ្រី បីសនីស អេស៊ា (AG AGRIBUSINESS ASIA) បង្ហាញថា គោលដៅស្នូលដ៏សំខាន់របស់ក្រុមហ៊ុន គឺនាំមកនូវកសិកម្មបែបទំនើបវៃឆ្លាតសម្រាប់កសិករ និងសហគមន៍ទូទាំងប្រទេស ដែលជាបច្ចេកវិទ្យាទំនើបពុំធ្លាប់មានក្នុងវិស័យកសិកម្ម ក្នុងប្រទេសកម្ពុជា។
លោកបន្តទៀតថា កសិដ្ឋាននេះ មានបច្ចេកទេសកសិកម្មច្បាស់លាស់ ជាមួយប្រព័ន្ធធារាសាស្រ្តកម្រិតខ្ពស់ និងមានការកែច្នៃទឹក ប្រកបដោយស្មារតីច្នៃប្រឌិត និងវឌ្ឍនភាព។
លោក បន្ថែមថា ការវិនិយោគរបស់ក្រុមហ៊ុននាពេលនេះ នឹងបង្កើតឱកាសការងារថ្មី ទៅដល់ប្រជាកសិករជាមួយនឹងការរីកចម្រើននៅក្នុងឧស្សាហកម្ម ដែលកំពុងតែមានការវិវឌ្ឍន៍ទៅមុខតាមរយៈកម្មវិធីបណ្តុះបណ្តាល គំនិតផ្តួចផ្តើមអភិវឌ្ឍន៍ជំនាញ និងឱកាសណែនាំបង្ហាញផ្លូវសម្រាប់មនុស្សជំនាន់ថ្មីឱ្យមានអ្នកជំនាញខាងវិស័យកសិកម្មច្បាស់លាស់។
ក្នុងនាម ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត លើកឡើងថា ក្រៅពីវិស័យទេសចរណ៍ ដែលជាអទិភាពទី១ វិស័យកសិកម្មបានឈរនៅលំដាប់ទី២ ដោយខេត្តសៀមរាបមានផ្ទៃដីកសិកម្មប្រមាណ ២០០ ០០០ហិកតា។ ប៉ុន្តែផ្ទៃដីដាំដុះនៅតាមបណ្តាស្រុកមួយចំនួននៅផ្នែកខាងលើ ពុំមានជីជាតិនោះ ដែលដីទាំងនោះជាប្រភេទដី មានថ្មនៅផ្នែកខាងក្រោម។
លោក បន្ថែមថា ដោយឡែក ផ្ទៃដីនៅក្នុងតំបន់បឹងទន្លេសាប នៃភូមិសាស្ត្រខេត្តសៀមរាប អាចទទួលបានទិន្នផលស្រូវជាមធ្យមយ៉ាងច្រើនត្រឹម ៣.៨តោន ក្នុងមួយហិកតាប៉ុណ្ណោះ ខណៈបណ្ដាខេត្តជាប់បឹងទន្លេសាបដទៃទៀត អាចទទួលបានទិន្នផលជាមធ្យមបានរហូតដល់៥តោន។
លោក អ៊ឹង គឹមលាង ក៏បានសំណូមពរដល់ក្រុមហ៊ុន ដែលបាននាំបច្ចេកវិទ្យាកសិកម្មទំនើបនេះ សូមចែករំលែកបន្តទៅដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីជួយឱ្យពួកគាត់ទទួលបានបច្ចេកទេសកសិកម្មកាន់តែច្បាស់ កាត់បន្ថយថ្លៃដើម និងលក់បានថ្លៃ ដែលការណ៍នេះ សំដៅជួយលើកកម្ពស់ជីវភាពរបស់កសិករឱ្យបានកាន់តែល្អប្រសើរ។
ក្នុងឱកាសនោះដែរ លោក អ៊ឹង ស៊ីវខូវ អគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings Co.,Ltd) បានបង្ហាញការសាទរ និងថ្លែងអំណរគុណដល់អាជ្ញាធរខេត្តសៀមរាប និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានជួយគាំទ្រជ្រោមជ្រែងឱ្យគម្រោងកសិដ្ឋានដំណាំពោតនេះអាចដំណើរការ និងលេចចេញជារូបរាងបានតាមការគ្រោងទុក។
លោកបានបន្តថា ការដាក់គោលដៅអភិវឌ្ឍដ៏សំខាន់នៅខេត្តសៀមរាប ជាពិសេសកិច្ចសហការប្រកបដោយយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន អេជី អេគ្រី បីសនីស អេស៊ា (ខេមបូឌា) (AG AGRIBUSINESS ASIA) នាពេលនេះ នឹងបង្កើនភាពប្រកួតប្រជែង និងមុខមាត់ខេត្តសៀមរាបកើនឡើងមួយកម្រិតទៀត៕