ក្រុមហ៊ុនមកពីប្រទេសចិន និងសឹង្ហបុរីមកស្វែងយល់អំពីឱកាសវិនិយោគនៅកម្ពុជា
ភ្នំពេញ៖ ក្រុមហ៊ុនដែលជាសមាជិកសមាគមសហគ្រាសដើម្បីគាំពារបរិស្ថាននៅកម្ពុជា មានមកពីប្រទេសចិន និងសិង្ហបុរី ចូលជួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងស្វែងយល់អំពីឱកាសវិនិយោគ និងការគាំទ្រនានារបស់រដ្ឋាភិបាលកម្ពុជាដល់វិនិយោគិន ពិសេសការវិនិយោគផ្ដោតលើការអភិវឌ្ឍបៃតង។
ក្រុមហ៊ុនដែលមកដើម្បីពិនិត្យស្វែងរកឱកាសវិនិយោគនៅកម្ពុជាមានដូចជា ក្រុមហ៊ុន Golden Integrity International Investment Group, ក្រុមហ៊ុន King City International Investment, ក្រុមហ៊ុន Shingtak Footwear, ក្រុមហ៊ុន Guangzhou New Shingtak, ក្រុមហ៊ុន HKZQ Energy and Technology, ក្រុមហ៊ុន Guoao Environment Protection Engineering, និងមានពីសមាគមពាណិជ្ជករតៃវ៉ាន់ Dongguan ផងដែរ។

នៅក្នុងជំនួបពិភាក្សាការងារនៅថ្ងៃ ទី១៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីការត្រៀមខ្លួនរួចរាល់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើម្បីសម្របសម្រួលរាល់កិច្ចការវិនិយោគពីគ្រប់បណ្ដាប្រទេសទាំងអស់ ពិសេសជាងនេះកម្ពុជាជាប្រទេសមានសក្ដានុពលមួយ ដែលវិនិយោគិនគួរសម្រេចចិត្តដាក់ទុនវិនិយោគ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសង្កត់ធ្ងន់ថា កម្ពុជាមានភាពបើកចំហរក្នុងការទទួលរាល់កិច្ចការវិនិយោគ ជាពិសេសការលើកទឹកចិត្តលើវិស័យមួយចំនួន ស្របតាមច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២១។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្ថែមថា ក្រៅពីព័ត៌មានសំខាន់ៗជាប្រយោជន៍សម្រាប់ការវិនិយោគ រដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើគម្រោងហេដ្ឋារចនាសម្ព័ន្ធនានារួមមានផ្លូវជាតិ ផ្លូវល្បឿនលឿន អាកាសយានដ្ឋានអន្តរជាតិថ្មីៗ និងកំពង់ផែទឹកជ្រៅជាដើម ដើម្បីសម្រួលដល់ការវិនិយោគ និងបង្កើនភាពប្រកួតប្រជែង៕




