រដ្ឋាភិបាលកំពុងជំរុញការសិក្សាគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើងធុនស្រាល និងផ្លូវរថភ្លើងក្រោមដីនៅភ្នំពេញ

ភ្នំពេញ៖ រាជរដ្ឋាភិបាល បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងជំរុញដំណើរការសិក្សាគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើងធុនស្រាល និងផ្លូវរថភ្លើងក្រោមដី ដើម្បីចំណែកពន្លឿនការអភិវឌ្ឍវិស័យដឹកជញ្ជូនអ្នកដំណើរចេញ ចូលមកកាន់ទីក្រុង និងកាត់បន្ថយទំហំចរាចរណ៍ ដែលកំពុងតែមានការកើនឡើង និងមមាញឹកជាខ្លាំងនៅរាជធានីភ្នំពេញ។
ជាក់ស្តែង គម្រោងរៀបចំការសិក្សាសមិទ្ធិលទ្ធភាព ផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីរាជធានីភ្នំពេញទៅព្រលានយន្តហោះថ្មី និងផ្លូវរថភ្លើងក្រោមដីរាជធានីភ្នំពេញ(Metro) ត្រូវបានក្រុមហ៊ុន China Metro Group និងក្រុមហ៊ុន Guangzhou Metro Group ធ្វើបទបង្ហាញជូនគណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យស្នើសុំធាតុចូលបន្ថែម នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន បានថ្លែងថា គោលបំណងធំ នៃគម្រោងនេះ សម្រាប់បម្រើលើការងារដឹកជញ្ជូនអ្នកដំណើរ និងផ្ដោតសំខាន់លើការដឹកជញ្ជូនអ្នកដំណើរ ខណៈ រថភ្លើងធុនស្រាល គឺសំដៅលើរថភ្លើងដែលប្រើប្រាស់សម្រាប់ដឹកជញ្ជូន អ្នកដំណើរពីតំបន់មួយទៅតំបន់មួយក្នុងទីក្រុង ក៏ដូចជាអនុតំបន់ជាយៗទីក្រុង ដូច្នេះរថភ្លើងធន់ស្រាលនេះ ខ្លី ស្រាល បត់បែនបានលឿន ហើយសម្រាប់តែដឹកអ្នកដំណើរ មិនសំដៅទៅលើសម្រាប់ដឹកទំនិញទេ ហើយវាប្រែប្រួលចំនួនទូរទៅតាមចំនួនអ្នកដំណើរ។
លោក ផន រឹម បានលើកឡើងជាឧទាហរណ៍ថា ៖« នៅក្រៅប្រទេស បើយើងធ្វើដំណើរតាមរថយន្តក្នុងទីក្រុង តាមមធ្យោបាយដឹកជញ្ជូនសាធារណៈក្នុងក្រុង វាអាចយឺត អាចកកស្ទះ ប៉ុន្តែបើយើងធ្វើដំណើរតាមរថភ្លើងធុនស្រាលនេះ គឺអត់ស្ទះទេ។ ដូច្នេះផលប្រយោជន៍របស់វា គឺធ្វើដំណើរដោយសុវត្ថិភាព ផាសុខភាព ទាន់ពេលវេលា ហើយគោលដៅធំរបស់វា គឺកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងទីក្រុង»៕
