ក្រសួងទេសចរណ៍ និង SDF គ្រោងផ្តល់នូវជំនួយឧបត្ថម្ភដល់ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាប
សៀមរាប៖ លោក ជួប រតនា ប្រធាន នាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ នៃក្រសួងទេសចរណ៍ បានថ្លែងថា ក្រសួងទេសចរណ៍ និងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) គ្រោងផ្តល់នូវជំនួយឧបត្ថម្ភដល់ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាប សម្រាប់លើកកម្ពស់ការបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចហូកា ។
លោក ជួប រតនា បានថ្លែងបែបនេះ បន្ទាប់ពីបិទបញ្ចប់ សិក្ខាសាលាផ្សព្វផ្សាយស្តីពីកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) សម្រាប់ខេត្តសៀមរាប ក្រោមគាំទ្ររបស់ “មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)” នៅថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៤ ។

សិក្ខាសាលានេះ មានការចូលរួមពីលោក លោកស្រីតំណាងសមាគមឧស្សាហកម្មទេសចរណ៍ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ វិស័យឯកជន ប្រមាណ១០០រូប ។
លោក ជួប រតនា ថ្លែងថា ជំនួយឧបត្ថម្ភនេះ នឹងផ្តល់ជាថវិការដល់ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាប ដែលបានស្នើសុំសម្រាប់ធ្វើការបណ្តុះបណ្តាលជំនាញ នៅក្នុងទម្រង់បដិភាគ រហូតដល់ ៧០ % នៃតម្លៃបណ្តុះបណ្តាលសរុបដែលបានស្នើឡើង។
លោក ជួប រតនា ថ្លែងថា៖« សម្រាប់គម្រោងជំនួយឧបត្ថម្ភនេះ មិនមានការកំណត់ឆ្នាំនោះ ទេ ឱ្យតែវិស័យនេះ ត្រូវការ គេនឹងបន្តផ្តល់ឱ្យរហូត»។
លោក ជួប រតនា បន្ថែមថា កិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងមូលនិធិអភិវឌ្ឍន៍ជំនាញ នឹងអាចចូលរួមស្តារឡើងវិញនូវសម្បទាវិជ្ជាជីវៈទេសចរណ៍ និងការកសាងមូលធនមនុស្ស ដោយផ្តោតលើគោលបំណងសំខាន់ចំនួន ។

បើតាម លោក រតនា រួមមាន៖ ១ លើកកម្ពស់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ទាំងក្នុងទម្រង់អភិវឌ្ឍន៍ជំនាញដល់សិក្ខាកាមមុនចូលបម្រើការងារ (Pre-employment Training) ការអភិវឌ្ឍជំនាញដល់និយោជិតរបស់រោងចក្រ-សហគ្រាស (Upskilling Training) ការអភិវឌ្ឍជំនាញដល់និយោជិតដែលប្ដូរជំនាញថ្មី (Reskilling Training) ទម្រង់បណ្តុះបណ្តាលថ្មីដូចជាកម្មវិធីហ្វឹកហាត់កូនជាង (Apprenticeship) ការបណ្តុះបណ្តាលនៅកន្លែងធ្វើការ (Work Based Learning) និងការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ។ ២ លើកកម្ពស់ការអនុវត្តមូលនិធិអភិវឌ្ឍន៍ជំនាញ តាមរយៈការអនុវត្តកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (ហូកា) ជាមួយសមាគមឧស្សាហកម្មទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ដើម្បីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ដែលស្របតាមតម្រូវការទីផ្សារការងារ និងការវិវត្តថ្មីៗក្នុងវិស័យទេសចរណ៍ក្រោម ការសម្របសម្រួលដោយ គ.គ.ហ.។ និង ៣ ពង្រឹងសមត្ថភាពគ្រូបង្គោលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីបង្កើនធនធានមនុស្សដែលអាចធានាដល់និរន្តរភាព និងចីរភាព នៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍។

សេចក្តីប្រកាសព័ត៌មានរបស់ សិក្ខាសាលាផ្សព្វផ្សាយស្តីពីកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) សម្រាប់ខេត្តសៀមរាប ក្រោមគាំទ្ររបស់ “មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)” បានបង្ហាញថា ៖«តាមរយៈគម្រោងនេះ គណៈកម្ម««ការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ និងមូលនិធិអភិវឌ្ឍន៍ជំនាញ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលា ដើម្បី ជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ដល់អ្នកជំនាញទេសចរណ៍បានកាន់តែច្រើនបន្ថែមទៀត ជាពិសេសដល់ខេត្តគោលដៅរួមមាន៖ រាជធានីភ្នំពេញ ខេត្តសៀមរាប កំពត ព្រះសីហនុ កំពង់ធំ និងកំពង់ចាម» ។
ប្រភពដដែលបន្ថែមថា ៖«គណៈកម្មការគ្រប់គ្រងគម្រោង ហូកា មានតួនាទីជាអ្នកផ្តួចផ្តើម (Mobilizer) ដោយភ្ជាប់ទំនាក់ទំនងរវាងប្រតិបត្តិករទេសចរណ៍ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ឬស្ថាប័នបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ជាមួយមូលនិធិអភិវឌ្ឍន៍ជំនាញ និងគាំទ្រកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា និងគ្រូបង្គោលសម្រាប់សំណើគម្រោងដែលទទួលបានជោគជ័យ»។

ប្រភពដដែលបន្ថែមទផតថា៖«កម្មវិធីនេះក៏បានបង្ហាញពីស្មារតីរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីជំរុញលើកកម្ពស់ការបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា ស្របតាមគោលនយោបាយបណ្តុះបណ្តាលធនធានមនុស្សរបស់ក្រសួងទេសចរណ៍ ជាពិសេសយុទ្ធនាការ “បុគ្គលិកម្នាក់ ជំនាញមួយ” ការបណ្តុះបណ្តាលស្តង់ដាសមត្ថភាពអាស៊ាន និងការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) និងការរៀបចំការបណ្តុះបណ្តាលខាងក្នុង (In-House Training) របស់ប្រតិបត្តិករទេសចរណ៍ផងដែរ»។
សូមបញ្ជាក់ ថា រយៈពេល ៦ឆ្នាំកន្លងមកនេះ មូលនិធិអភិវឌ្ឍន៍ជំនាញបានផ្តល់នូវឥណទានគាំទ្រដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ដែលមានទឹកប្រាក់សរុបចំនួន ២,៨៩លានដុល្លារ និងបានបណ្តុះបណ្តាលអ្នកជំនាញសរុបចំនួន៣.៦១៩នាក់៕
