ក្រសួងទេសចរណ៍បណ្តុះបណ្តាល និន្នាការ និងតម្រូវការ ទេសចរមូស្លីម ទៅកាន់ភាគីពាពាក់ព័ន្ធ
ភ្នំពេញ: ក្រសួងទេសចរណ៍រៀបចំសិក្ខាសាលាបណ្តុះបណ្តាលអំពី និន្នាការ និងតម្រូវការ ទេសចរមូស្លីម ទៅកាន់ភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ។
សិក្ខាសាលាបណ្តុះបណ្តាលនេះធ្វើឡើងនៅព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការចូលរួមពីឯកឧត្ដម ប៉ាក់ សុខុម រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ឯកឧត្ដម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ គណៈអុីមាំរាជធានីភ្នំពេញ, វិស័យឯកជននៃឧស្សាហកម្មទេសចរណ៍ក្នុងតំបន់រាជធានីភ្នំពេញ និងភាគីពាក់ពន្ធក្នុងវិស័យទេសចរណ៍ចំនួនសរុប ១៨០នាក់ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ ។
ថ្លែងក្នុងពិធីសិក្ខាសាលាបណ្តុះបណ្តាល ឯកឧត្ដម ប៉ាក់ សុខុម បានគូសបញ្ជាក់អំពី សក្តានុពល នៃទេសចរណ៍មូស្លីម ដែលក្រសួងទេសចរណ៍ចាត់ទុកជាទីផ្សារមួយដ៏សំខាន់សម្រាប់គោលដៅកម្ពុជា ។
ឯកឧត្ដម បានគូសបញ្ជាក់ថា ដោយសារកត្តាសុខសន្តិភាព ស្ថេរភាព និងគោលនយោបាយសុខដុមនីយកម្ម តាំងពីដេីមរៀងមក ក្រោមមគ្គុទ្ទេសក៍ដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក៏ដូចជាការបន្តដឹកនាំប្រកបដោយភាពបុិនប្រសប់ និងស្វាហាប់ របស់រាជរដ្ឋាភិបាលក្នុងអណត្តិទី៧ នៃរដ្ឋសភានេះ ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វេីអោយកម្ពុជាក្លាយជាប្រទេសដែលមានភាពលេចធ្លោមួយ ទៅកាន់ពិភពនៃបណ្តាប្រទេសឥស្លាម ។
កិច្ចការនេះសមស្របជាមួយនឹងការដាក់ចេញនូវគំនិតផ្តួចផ្តើម របស់ឯកឧត្ដម សុខ សូកេន បង្កេីន៥ អភិវឌ្ឍ៣ (BUILD+3Ds) និងផែនការអភិវឌ្ឍន៍ទេសចរណ៍មូស្លីម របស់ក្រសួងទេសចរណ៍ បានដាក់ចេញកន្លងមកផងដែរ ដែលនឹងធ្វេីអោយកម្ពុជា ជាគោលដៅដែលផ្តល់ភាពកក់ក្តៅ និងភាពទាក់ទាញសម្រាប់ទេសចរមូស្លីម ។
ឯកឧត្ដម កាទេី មហាំម៉ាត់ណោសស្រុី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារទេសចរណ៍មូស្លីម នៃក្រសួងទេសចរណ៍ បានប្រាប់ឲ្យដឹងថា៖ ដោយសារភ្ញៀវមូស្លីម ពួកគាត់មានតម្រូវការមួយចំនួនដូចជា ម្ហូបអាហារហាឡាល, ការបដិសណ្ឋារកិច្ច និងការផ្តល់សេវាកម្ម បែបមូូស្លីម…ជាដេីម ទាមទារឲ្យវិស័យឯកជន ភាគីពាក់ពន្ធក្នុងវិស័យទេសចរណ៍ យល់ដឹងអំពីនិន្នាការ និងតម្រូវការភ្ញៀវមូស្លីម ។
ឯកឧត្តមបន្ថែមថា ដូច្នេះវគ្គបណ្តុះបណ្តាលនេះសំខាន់ណាស់ គឺមានបំណងចង់ឲ្យវិស័យឯកជន និងភាគីពាក់ពន្ធក្នុងវិស័យទេសចរណ៍បានយល់ដឹងអំពីតម្រូវការរបស់ភ្ញៀវមូស្លីម ដេីម្បីងាយស្រួលឲ្យមូលដ្ឋានអាជីវកម្មរបស់ពួកគាត់ បានរៀបចំទទួល បដិសណ្ឋារកិច្ចល្អប្រសេីរ ជូនដល់ទេសចរមូស្លីម ។
ឯកឧត្ដមប្រធានក្រុមការងារបានបន្ថែមថា ការទាក់ទាញទេសចរមូស្លីម មិនត្រឹមតែជំរុញកំណេីនទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយជំរុញការវិនិយោគ ជាពិសេសការវិនិយោគលេីវិស័យហាឡាល ដែលកម្ពុជាជាប្រទេសមានសក្តានុពលស្រាប់ទាំងកសិកម្ម និងឧស្សាហកម្ម។
គួររំលេចផងដែរថា វគ្គបណ្តុះបណ្តាលនេះនឹងបន្តធ្វេីនៅតាមបណ្តាគោលដៅខេត្តមួយចំនួនទៀត ដូចជា៖សៀមរាប ព្រះសីហនុ និងខេត្តត្បូងឃ្មុំ ផងដែរ ៕