Close

ឯកឧត្តម ប៉ែន បូណា ៖ រាជរដ្ឋាភិបាល នីតិកាលទី៧ បានយកចិត្តទុកដាក់ខ្ពស់លើវិស័យកសិកម្ម ដោយបន្តពង្រឹងសហគមន៍កសិកម្ម និងធ្វើទំនើបកម្មឱ្យកាន់តែប្រសើរឡើង

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានជាតិ
ឯកឧត្តម ប៉ែន បូណា ៖ រាជរដ្ឋាភិបាល នីតិកាលទី៧ បានយកចិត្តទុកដាក់ខ្ពស់លើវិស័យកសិកម្ម ដោយបន្តពង្រឹងសហគមន៍កសិកម្ម និងធ្វើទំនើបកម្មឱ្យកាន់តែប្រសើរឡើង ឯកឧត្តម ប៉ែន បូណា ៖ រាជរដ្ឋាភិបាល នីតិកាលទី៧ បានយកចិត្តទុកដាក់ខ្ពស់លើវិស័យកសិកម្ម ដោយបន្តពង្រឹងសហគមន៍កសិកម្ម និងធ្វើទំនើបកម្មឱ្យកាន់តែប្រសើរឡើង

ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា រាជរដ្ឋាភិបាល នីតិកាលទី៧ បានយកចិត្តទុកដាក់ខ្ពស់លើវិស័យកសិកម្ម ដោយបន្តពង្រឹងសហគមន៍កសិកម្ម និងធ្វើទំនើបកម្មឱ្យកាន់តែប្រសើរឡើង ដើម្បីធានាឱ្យបាននូវការបែងចែកផ្លែផ្កាសេដ្ឋកិច្ចដោយសមធម៌ ។

ឯកឧត្តម ប៉ែន បូណា បានលើកឡើងបែបនេះ បន្ទាប់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន សម្រេចបង្កើតសហគមន៍កសិកម្មទំនើបនៅតាមបណ្ដាសហគមន៍រាជធានី-ខេត្ត ដើម្បីរួមចំណែកក្នុងការផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រជាកសិករនៅក្នុងសហគមន៍។

ឯកឧត្តម បន្តថា រាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ កាលពីថ្ងៃទី២៤ សីហា ២០២៣ ដោយកម្មវិធីគោលនយោបាយអាទិភាពទី៦ គឺរៀបចំអភិវឌ្ឍសហគមន៍កសិកម្មទំនើប និងបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី២០ វិច្ឆិកា ២០២៣ ។ គោលនយោបាយអាទិភាពនេះ មានគោលដៅក្នុងការប្រែក្លាយកសិកម្មកម្ពុជាពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ និងគុណភាព ។

បើតាម ឯកឧត្តម ប៉ែន បូណា សហគមន៍កសិកម្ម សំបូរមានជ័យ ដែលស្ថិតនៅក្នុងភូមិសំបូរ ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការប្រែក្លាយខ្លួនក្លាយជាសហគមន៍កសិកម្មទំនើប តាមរយៈយន្តការសម្របសម្រួល និងគាំទ្រដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយសហគមន៍មានការជឿទុកចិត្តខ្ពស់លើគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ។

សហគមន៍មានក្តីរំពឹងខ្ពស់ តាមរយៈយន្តការនេះ ថានឹងអាចជួយដល់ប្រជាកសិកររបស់សហគមន៍ រួមផ្សំនឹងបច្ចេកទេសកសិកម្ម ក៏ដូចជាការប្រឹក្សាលើយុទ្ធសាស្ត្រទីផ្សារ ដោយប្តូរពីផលិតកម្មមុនទីផ្សារ ហើយប្តូរមកជា ការផ្សារភ្ជាប់ទីផ្សារមុនធ្វើផលិតកម្ម ដោយចងក្រងដៃគូហិរញ្ញវត្ថុ បច្ចេកទេស ទីផ្សារ និងការគាំទ្រសម្របសម្រួលទូទៅ ជាមួយនឹងសហគមន៍ ។ យន្តការសំខាន់ចំនួន៣ នៃសហគមន៍កសិកម្មទំនើប គឺ កាត់បន្ថយថ្លៃដើមផលិត, បង្កើនស្តង់ដារគុណភាពដំណាំ និងធានាស្ថិរភាពទីផ្សារដល់ប្រជាកសិករ ។

បញ្ចកោណទី៤ នៃយុទ្ធសាស្ត្របញ្ចកោណ-នីតិកាលទី៧ គឺការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន ដែលមុំទី៣ គឺការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទ ដោយក្នុងនោះ រាជរដ្ឋាភិបាល បានផ្តោតលើការបង្កបរិយាកាសអំណោយផលសម្រាប់វិស័យកសិកម្ម, ការជំរុញផលិតកម្មកសិកម្ម, ការកាត់បន្ថយថ្លៃដើមផលិតកម្ម, ការធានាស្ថិរភាពថ្លៃផលិតផលកសិកម្ម និងការលើកកម្ពស់ការកែច្នៃផលិតផលកសិកម្ម ។ យន្តការទាំងអស់នេះ នឹងអាចធានាបាននូវសន្តិសុខ និងសុវត្ថិភាពស្បៀង. បង្កើនតម្លៃបន្ថែមខ្ពស់. ជំរុញភាពប្រកួតប្រជែង និងលើកកម្ពស់គុណភាពជីវភាពនៅជនបទ ។

ជុំវិញបញ្ហានេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងក្នុងកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២០ ខែវិច្ឆិកា បានឱ្យដឹងថា ការបង្កើតសហគមន៍កសិកម្មទំនើប គឺបានរួមចំណែកនិងផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រជាកសិករ ដោយក្នុងនោះកសិករទទួលបានដូចជា ការគាំទ្រផ្នែកបច្ចេកទេស ហេដ្ឋារចនាសម្ពន្ធ និងមធ្យោបាយផលិតកម្ម ទំនើប ការពិភាក្សាយោបល់ និងការគ្រប់គ្រងមុខជំនាញ ទទួលបានឥណទានការប្រាក់ទាបសំដៅធ្វើយ៉ាងណាជួយកាត់បន្ថយថ្លៃដើមផលិតកម្មឲ្យមានប្រសិទ្ធភាពខ្ពស់អាចប្រកួតប្រជែងនៅលើទីផ្សារនៃប្រទេសដទៃទៀតបាន។

សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០០៣ រហូតមកដល់ពេលបច្ចុប្បន្ន កម្ពុជាមានសហគមន៍កសិកម្មប្រមាណជា ១២៥១ ក្នុងនោះមានសមាជិកសរុប ១៧ម៉ឺននាក់ ប៉ុន្តែក្នុងចំណោមសហគមន៍សរុបទាំងអស់ មានសហគមន៍កសិកម្មរឹងមាំតែ ២១៧សហគមន៍ប៉ុណ្ណោះ។ សហគមន៍ទាំងអស់មានដើមទុនសរុប ២៦លានដុល្លារ បើគិតជាមធ្យមភាគ គឺមានតែ ២ម៉ឺនដុល្លារ ក្នុងមួយសហគមន៍៕

អត្ថបទទាក់ទង