Close

អគារនៅខេត្តព្រះសីហនុ ត្រូវបានផ្អាកដំណើរការសាងសង់ ចំនួន ៣៦២អគារ ត្រូវការទុនវិនិយោគជាង ១ពាន់លានដុល្លារ ដើម្បីបញ្ចប់ការសាងសង់

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ
អគារនៅខេត្តព្រះសីហនុ ត្រូវបានផ្អាកដំណើរការសាងសង់ ចំនួន ៣៦២អគារ ត្រូវការទុនវិនិយោគជាង ១ពាន់លានដុល្លារ ដើម្បីបញ្ចប់ការសាងសង់ អគារនៅខេត្តព្រះសីហនុ ត្រូវបានផ្អាកដំណើរការសាងសង់ ចំនួន ៣៦២អគារ ត្រូវការទុនវិនិយោគជាង ១ពាន់លានដុល្លារ ដើម្បីបញ្ចប់ការសាងសង់

ព្រះសីហនុ ៖​ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា បច្ចុប្បន្ននេះ នៅខេត្តព្រះសីហនុ មានអគារត្រូវបានផ្អាកដំណើរការសាងសង់ ចំនួន ៣៦២អគារ ដោយត្រូវការទុនវិនិយោគបន្ថែមប្រមាណ ១១៦១ លានដុល្លារ ដើម្បីបញ្ចប់ការសាងសង់។

នាឱកាសអញ្ជើញចូលរួមពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានឲ្យដឹងថា ចាប់ពីឆ្នាំ ២០១៦មក ការវិនិយោគក្នុងខេត្តព្រះសីហនុ មានសន្ទុះកើនឡើងយ៉ាងគំហុក ជាពិសេស មានការរីកដុះដាលយ៉ាងលឿនក្នុងចំនួនដ៏ច្រើននូវសំណង់អគារ ជាសណ្ឋាគារ, ភោជនីយដ្ឋាន, ហាងលក់ទំនិញ និងកន្លែងស្នាក់នៅ ជាដើម។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បន្ដថា ទោះជាយ៉ាងនេះក្តី ក្នុងដំណាក់កាលពីឆ្នាំ២០១៩ តមកទៀតការផ្លាស់ប្តូរនៅក្នុងការវិវត្តនៃស្ថានភាពសង្គម-សេដ្ឋកិច្ច គួបផ្សំ និងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបញ្ហាប្រឈមជាសកលផ្សេងទៀតបានបណ្តាលឲ្យសំណង់អគារជាច្រើន ត្រូវបានផ្អាក ឬបញ្ឈប់ដំណើរការសាងសង់។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី គូសបញ្ជាក់ថា «បច្ចុប្បន្នអគារដែលត្រូវបានផ្អាកដំណើរការសាងសង់មានចំនួន ៣៦២ ដែលត្រូវការទុនវិនិយោគបន្ថែម ប្រមាណ ១១៦១ លានដុល្លារដើម្បីបញ្ចប់ការសាងសង់ ខណៈអគារដែលត្រូវបានសាងសង់រួចប៉ុន្តែពុំទាន់បានដាក់ដំណើរការប្រើប្រាស់មានចំនួន១៧៦»។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បន្ថែមថា ដើម្បីស្ដារ និងអភិវឌ្ឍខេត្តព្រះសីហនុ រាជរដ្ឋាភិបាលបានដាក់ចេញវិធានការគាំទ្រជាបន្ដបន្ទាប់ដូចជា ៖ ការកសាងផ្លូវល្បឿនលឿនភ្នំពេញ ខេត្តព្រះសីហនុ និងការកសាងផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗទូទាំងខេត្ត ជាពិសេសដាក់ចេញកញ្ចប់ការវិនិយោគជាប់គាំង កាលពីខែមីនាឆ្នាំ២០២៣ ដែលរួមបញ្ចូលវិធានការទូទៅ និងវិធានការលើកទឹកចិត្តសម្រាប់អនុវត្តរហូតដល់ឆ្នាំ២០២៦។

ទន្ទឹមនឹងនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បញ្ជាក់ថា កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ គឺជាគំនិតផ្តួចផ្តើមរបស់សមេ្តចធិបតីនាយករដ្ឋមន្ត្រី ដើម្បីជំរុញសកម្មភាពធុរកិច្ច និងការវិនិយោគសំដៅប្រែក្លាយខេត្តព្រះសីហនុទៅជាខេត្តដឹកមុខក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ដែលស្ថានភាពសេដ្ឋកិច្ចពិភពលោក និងតំបន់កំពុងតែបន្តប្រឈមនិងភាពមិនប្រាកដប្រជាខ្ពស់។

ជុំវិញបញ្ហានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងថា
«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» គឺជាគំនិតផ្តួចផ្តើមរបស់សមេ្តច​ធិបតី នាយករដ្ឋមន្ត្រី ដើម្បីជំរុញសកម្មភាពធុរកិច្ច និងការវិនិយោគ សំដៅប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជា​ខេត្ត​ដឹកមុខក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ស្ថានភាពសេដ្ឋកិច្ច​ពិភព​លោក និង​តំបន់​កំពុងតែបន្តប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់។

សម្តេចបវរធិបតី បន្ថែមថា «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ត្រូវបានរៀបចំឡើងដោយឈរលើ​ទស្សន​​ទានគោលចំនួន៤រួមមាន៖ ទី១៖ កែប្រែមុខមាត់ខេត្តព្រះសីហនុ ឱ្យទៅជាខេត្តដែលមានមូល​ដ្ឋាន​សេដ្ឋកិច្ច ពឹងផ្អែកលើឧស្សាហកម្ម, ទេសចរណ៍ និងការវិនិយោគ ទី២៖ ដោះស្រាយបញ្ហាប្រឈមជាក់ស្តែង ដែលផ្តល់លទ្ធផលរហ័ស ទី៣៖ ដាក់ចេញនូវវិធានការអនុវត្តជាក់ស្តែង ដែលមានលក្ខណៈជាការបំពេញបន្ថែម​ប្រកប​ដោយសង្គតិភាព ទៅនឹងគោលនយោបាយ និង យុទ្ធសាស្ត្រនានា របស់រាជរដ្ឋាភិបាល ទី៤៖ បង្កើនល្បឿននៃការធ្វើបរិវត្តកម្ម និង ការអភិវឌ្ឍឧស្សាហកម្ម ក្នុងខេត្តព្រះសីហនុ ឱ្យមានតម្លៃបន្ថែម និង មានឧត្តមភាពប្រកួតប្រជែងខ្ពស់ ។

ជាមួយគ្នានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលថ្មី សម្រេចបានលទ្ធផលការងារជាបន្តបន្ទាប់ ដែលបង្ហាញឱ្យឃើញពីកិច្ចប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល។ សម្តេចបានមានប្រសាសន៍ទៀតថា កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤នេះ ក្នុងគោលបំណងជំរុញសកម្មភាពការវិនិយោគ ក៏ដូចជាការដោះស្រាយបញ្ហានានា ដែលកំពុងប្រឈម និងកំពុងជាប់គាំង ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាខេត្តឈានមុខ ក្នុងការបង្កើនកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរ។

សម្តេចបានថ្លែងទៀតថា «កម្មវិធីពិសេសជំរុញការវិនិយោគក្នុង​ខេត្តព្រះសីហនុ​ឆ្នាំ២០២៤» ជាជំហានជាក់ស្តែងថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុ។ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ជាគោលដៅពិសេសសម្រាប់ការដោះស្រាយ ដូច្នេះហើយបានរាជរដ្ឋាភិបាលដាក់ចេញកម្មវិធីពិសេសក្នុងខេត្តទាំងពីរនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកាត់បន្ថយតម្លៃឡូជីស្ទីក និងការស្តារវិស័យសំណង់នៅខេត្តព្រះសីហនុ នឹងជួយដល់ការវិនិយោគ និងបញ្ហានៅតំបន់ដទៃបាន។ ដើម្បីដោះស្រាយបញ្ហាក្នុងខេត្តព្រះសីហនុឱ្យមានប្រសិទ្ធភាព ត្រូវប្រើយន្តការជួយពីថ្នាក់ជាតិ។ កម្ពុជាកំពុងពិចារណាបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដែលសម្រាប់តែអ្នកវិនិយោគមកពីប្រទេសតែមួយ។ កម្ពុជាត្រូវរៀបចំគោលនយោបាយ និងលក្ខខណ្ឌវិនិយោគឱ្យសមស្រប និងបត់បែនទៅតាមការចង់បានរបស់អ្នកវិនិយោគ៕

អត្ថបទទាក់ទង