Close

គម្រោងសាងសង់ផ្លូវល្បឿនលឿនទី៣ របស់កម្ពុជានឹងត្រូវធ្វើឡើងជា ២ដំណាក់កាល

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ
គម្រោងសាងសង់ផ្លូវល្បឿនលឿនទី៣ របស់កម្ពុជានឹងត្រូវធ្វើឡើងជា ២ដំណាក់កាល គម្រោងសាងសង់ផ្លូវល្បឿនលឿនទី៣ របស់កម្ពុជានឹងត្រូវធ្វើឡើងជា ២ដំណាក់កាល

ភ្នំពេញ ៖ គម្រោងសាងសង់ល្បឿនលឿនទី៣ របស់កម្ពុជា ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ដែលមានប្រវែងសរុប ៤២០គីឡូម៉ែត្រ ឆ្លងកាត់រាជធានី ខេត្តចំនួន៦ បច្ចុប្បន្នបាន និងកំពុង​ពន្លឿនការសិក្សាឈានទៅរកការបញ្ចប់ ដើម្បីអាចបើកការដ្ឋានសាងសង់ក្នុងដំណាក់កាលទី១ នាពេលឆាប់ៗខាងមុខនេះ។

ឯកឧត្តម ឡេង ធនយុទ្ធា រដ្ឋលេខាធិការ និងជានាយកគម្រោងកាលថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ បានដឹកនាំមន្ត្រីពាក់ព័ន្ធធ្វើដំណើរបេសកកម្មចុះពិនិត្យ និងស្វែងយល់នៅលើទីតាំងមួយចំនួននៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ដោយមានការចូលរួមពីឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន មន្ទីរពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន CRBC ។

បេសកកម្មនេះរៀបចំឡើងក្នុងគោលបំណងចុះពិនិត្យទីតាំងមួយចំនួន ដើម្បីប្រមូលព័ត៏មាន និងផ្តល់អនុសាសន៍ បន្ថែមជូនក្រុមហ៊ុន ពិនិត្យកែសម្រួល ជាពិសេសគម្រោងកំណាត់ផ្លូវ ដំណាក់កាលទី១ ភ្នំពេញ – សៀមរាប បន្ទាប់ពីក្រសួងបានទទួលរបាយការណ៍សិក្សាសមិទ្ធលទ្ធភាព បច្ចេកទេសប្លង់វិស្វកម្មគម្រោងពីក្រុមហ៊ុន។

ចំពោះរាជធានី/ខេត្តទាំង៦ ដែលស្ថិតជាប់នៅក្នុងគម្រោងសាងសង់ផ្លូវល្បឿនលឿនទី៣របស់កម្ពុជាមួយខ្សែនេះរួមមានដូចជា រាជធានីភ្នំពេញ រត់កាត់ប្រវែង ​៣គីឡូម៉ែត្រ​, ខេត្តកណ្ដាល​រត់កាត់ប្រវែង ១៨​គីឡូម៉ែត្រ, ខេត្ត​កំពង់​ចាម ​រត់កាត់ប្រវែង ៤៣​គីឡូ​ម៉ែត្រ, ខេត្ត​កំពង់ធំ រត់កាត់ប្រវែង ១៣១​គីឡូម៉ែត្រ ខេត្ត​សៀមរាប រត់កាត់ប្រវែង ១៣០​គីឡូម៉ែត្រ និង​ខេត្ត​បន្ទាយ​​មានជ័យ រត់កាត់ប្រវែង ៩៥គីឡូម៉ែត្រ ។​

នៅក្នុងដំណើរចុះពិនិត្យខាងលើនេះ ប្រតិភូក៏បានណែនាំដល់ក្រុមហ៊ុនពិនិត្យឡើងវិញចំណុចច្រកចូលភ្នំពេញ ពីផ្លូវជាតិ៦ A ធ្វើយ៉ាងណាកំណត់ទីតាំងដែលមានផលប៉ះពាល់តិច និងមិនកកស្ទះចរាចរណ៍។ ប្រតិភូបានចុះពិនិត្យនៅចំណុចទីតាំងសាងសង់ចំណុចប្តូរទិសចរាចណ៍ ផងដែរ។
ដោយឡែកដំណាក់កាលទី២ កំណាត់ផ្លូវ សៀមរាប-ប៉ោយប៉ែត ក្រសួងនឹងរៀបចំកិច្ចប្រជុំជាមួយស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរអប្សរា ដើម្បីពិនិ្យផ្តល់យោបល់លើកំណាត់ផ្លូវវាងក្រុង។ ប្រតិភូបានស្នើឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីខេត្ត បន្តផ្តល់ទិន្នន័យព័ត៏មានជាក់លាក់បន្ថែមទៀតដល់ក្រុមហ៊ុន ដើម្បីបំពញបន្ថែមការសិក្សា។

សូមជម្រាបជូនថា ក្រុមហ៊ុនគ្រោងនឹងបញ្ចប់សេចក្តីព្រាង គម្រោងសិក្សាសមិទ្ធលទ្ធភាពប្លង់វិស្វកម្មសំណង់នៅខែកុម្ភៈ ឆ្នាំ២០២៤ និងបន្ទាប់មកត្រៀមបញ្ចប់ការសិក្សាសមិទ្ធលទ្ធភាព គម្រោង(FS ) អាច នឹងដាក់ជូនរាជរដ្ឋាភិបាលនាពេលនាដើមខែមិថុនា ឆ្នាំ២០២៤។

ដោយឡែក សម្រាប់ដំណាក់ទី២៖ សៀមរាប-ប៉ោយប៉ែត នឹងបញ្ចប់ការងារសិក្សានៅការដ្ឋាន ខែមីនា ២០២៤ និង បញ្ចប់សេចក្តីព្រាងគម្រោងសិក្សាសមិទ្ធិលទ្ធភាព បច្ចេកទេសប្លង់វិស្វកម្ម និងដាក់ជូនមកក្រសួង ពិនិត្យ កែសម្រួល ឈានទៅបញ្ចប់នៅខែឧសភា ឆ្នាំ២០២៤ខាងមុខ៕

អត្ថបទទាក់ទង