អាជ្ញាធរខេត្តសៀមរាបព្រមានចាត់វិធានការតាមផ្លូវតុលាការចំពោះអ្នកដែលបន្តប្រើឧបករណ៍នេសាទខុសច្បាប់
សៀមរាប៖ អាជ្ញាធរខេត្តសៀមរាបបានព្រមានធ្ងន់ៗ ចាត់វិធានការតាមផ្លូវតុលាកា ទៅកាន់ជនល្មើសទាំងឡាយដែលមិនរាងចាល ដោយបន្តលួចប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់បឹងទន្លេសានៅក្នុងភូមិសាស្រ្តខេត្តសៀមរាប និងតំបន់ដទៃទៀត ។ ការព្រមានពីសំណាក់អាជ្ញាធរខេត្តនៅពេលនេះ បន្ទាប់ពីមានប្រជានេសាទមួយចំនួន នៅតែបន្តប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដដែដែលធ្វើឱ្យទិន្នផលត្រីថយចុះ ។
ក្នុងពេលដឹកនាំក្រុមការងារចម្រុះខេត្ត បើកយុទ្ឋនាការចុះពិនិត្យទបទល្មើសនេសាទ និងសង្កេតការធ្វើនេសាទដោយឧបករណ៍នេសាទលក្ខណៈគ្រួសារក្នុងភូមិសាស្ត្រសង្កាត់ចុងឃ្នៀស និង ឃុំកំពង់ភ្លុកកាលពីពេលថ្មីៗនេះ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប ថ្លែងថា បច្ចុប្បន្នបញ្ហាបទល្មើសនេសាទខុសច្បាប់ក្នុងភូមិសាស្ត្រខេត្តសៀមរាប បានថយចុះជាបន្តបន្ទាប់ ព្រោះប្រជានេសាទមួយចំនួនពួកគាត់ងាកទៅប្រកបមុខរបរផ្សេងជាមួយសហគមន៍ទេសចរណ៍ ប៉ុន្តែក៏នៅមានប្រជានេសាទមួយចំនួននៅតែប្រព្រឹត្តបទល្មើសដដែល បើទោះជាមន្ត្រីយើងខិតខំបង្ក្រាបនិងទប់ស្កាត់ ជាញឹកញាប់យ៉ាងណាក៏ដោយ ។

ជាមួយគ្នានោះ លោក អ៊ឹង គឹមលាង ក៏បានណែនាំដល់ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត ត្រូវបន្តចុះអប់រំ និង ផ្សព្វផ្សាយដល់បងប្អូនប្រជានេសាទទាំងអស់ ឲ្យយល់ដឹងពីការប្រើប្រាស់ឧបករណ៍នេសាទដែលច្បាប់បានកំណត់ ហើយជំហានដំបូង ប្រសិនបើរកឃើញថា គាត់បានប្រព្រឹត្តបទល្មើស ដែលនាំឲ្យបាត់បងនូវធនធានមច្ឆជាតិ ត្រូវឲ្យពួកគាត់ធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ប៉ុន្តែបើពួកគាត់នៅតែបន្តប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដដែល ត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធីនៃច្បាប់ ។
ជុំវិបញ្ហានេះ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត បានឱ្យដឹងថា ក្នុងពេលបើកយុទ្ឋនាការចុះពិនិត្យបទល្មើសនេសាទ រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២២និងថ្ងៃទី២៣ ខែមករានេះ ក្រុមការងារបានបំផ្លាញឧបករណ៍នេសាទល្មើសច្បាប់ចោលនៅនឹងកន្លែងបានចំនួន០២ករណី ជាឧបករណ៍.ប ក្រឡាសាច់អួនក្រោម០,០៣ម៉ែត្រ រួមមាន៖ឧបករណ៍.ប ចំនួន ០៨គ្រឿង , ក្បាល.ប ចំនួន១៨គ្រឿង , របាំងសាច់អួនប្រវែង ៣ ៦០០ម៉ែត្រ , ចម្រឹងចំនួន៩០០ដើម និង ព្រលែងត្រីចម្រុះចំនួន១២០គីឡូក្រាម ។
លោកបន្តថា ក្នុងឆ្នាំ២០២៣នេះ កម្លាំងចម្រុះ និង កម្លាំងមន្ត្រីជំនាញ ចុះធ្វើការទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទចំនួន ៣១៨ករណី កើនឡើងចំនួន១៥ករណី ធៀបនឹងឆ្នាំ២០២២ ក្នុងនោះបានបំផ្លាញចោលឧបករណ៍បទល្មើសនៅនឹងកន្លែងចំនួន ៣១០ករណី និងបញ្ជូនទៅសាលាដំបូងខេត្តចំនួន ០៨ករណី ៕
