Close

រដ្ឋមន្ត្រីទេសចរណ៍៖ ក្រសួងនឹងធ្វើការងារជាមួយវៀតណាមដើម្បីជំរុញឲ្យប្រទេសទាំងពីរក្លាយជាគោលដៅទេសចរណ៍តែមួយ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ
រដ្ឋមន្ត្រីទេសចរណ៍៖ ក្រសួងនឹងធ្វើការងារជាមួយវៀតណាមដើម្បីជំរុញឲ្យប្រទេសទាំងពីរក្លាយជាគោលដៅទេសចរណ៍តែមួយ រដ្ឋមន្ត្រីទេសចរណ៍៖ ក្រសួងនឹងធ្វើការងារជាមួយវៀតណាមដើម្បីជំរុញឲ្យប្រទេសទាំងពីរក្លាយជាគោលដៅទេសចរណ៍តែមួយ

ភ្នំពេញ៖ ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ បានលើកឡើងថា ក្រសួង នៅក្នុងអាណត្តិទី៧នេះគឺ នៃការធ្វើការងារ ឲ្យបានកាន់តែជិតស្និទ្ធ ជាមួយ រដ្ឋមន្ត្រី ទេសចរណ៍វៀតណាម លើការពង្រឹងប្រសិទ្ធភាព ជាពិសេសជំរុញឲ្យ កម្ពុជា វៀតណាម ក្លាយជា គោលដៅទេសចរណ៍ តែមួយ នឹងជំរុញផ្សព្វផ្សាយទេសចរណ៍ប្រទេសទាំងពីរ និងទេសចរអន្តរជាតិ ប្រទេសទី៣ និងទី៤ ធ្វើដំណើរ ទេសចរ នៅក្នុង ប្រទេសទាំងពីរកម្ពុជា-វៀតណាម។

ឯកឧត្ដម សុខ សូកេន បានលើកឡើងបែបនេះ ក្នុងគ្រាដែលអនុញ្ញាត ឱ្យលោក ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាគ្នា ដើម្បីបង្កើត នូវកិច្ចសហ ការទៅ លើវិស័យទេសចរណ៍ និងការអភិវឌ្ឍវិស័យ ទេសចរណ៍ ឲ្យប្រទេសទាំងបី កម្ពុជា វៀតណាម និងឡាវ គឺក្លាយទៅជា គោលដៅទេសចរណ៍តែមួយកាលពីពេលថ្មីៗនេះ ។

ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ បានបញ្ជាក់ដែរថា នៅថ្ងៃខាងមុខនេះ ឯកឧត្តម នឹងជួបពិភាក្សាការងារ ត្រីភាគីនិងទ្វេភាគី ជាមួយ រដ្ឋមន្ត្រីទេសចរណ៍វៀតណាម និងរដ្ឋមន្ត្រី ទេសចរណ៍ ឡើងនៅក្នុងឱកាស នៃការចូលរួម វេទិកាទេសចរណ៍អាស៊ាន ATF ២០២៤ នៅប្រទេសឡាវ ដើម្បីកិច្ចសហប្រតិបត្តិការ អនុវត្តនូវខ្លឹមសារ គោលនយោបាយទេសចរណ៍ ប្រទេសទាំង៣ គោលដៅតែមួយ ស្របតាម ស្មារតី នៃជំនួប រវាងសម្ដេច អធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម នាយករដ្ឋមន្ត្រីឡាវ និងឯកឧត្ដម នាយករដ្ឋមន្ត្រី វៀតណាម ក្នុងអំឡុងពេល នៃការអញ្ជើញចូលរួមកិច្ចប្រជុំ អាស៊ានជប៉ុននៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ នៅក្នុងជំនួបពិភាក្សាការងារពាក់ព័ន្ធ ទៅនឹងវិស័យទេសចរណ៍។

នាឱកាសនោះដែរ លោក ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅកម្ពុជា បានគាំទ្រ គ្នាទៅវិញទៅមក លើការងារ ពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យ វប្បធម៌កីឡា និងជំរុញផ្នែកឯកជន ពិនិត្យលទ្ធភាពរៀបចំ កញ្ចប់ទេសចរណ៍ និងទេសចរទស្សនា តំបន់ប្រវត្តិសាស្ត្រ ដែលជាកន្លែង តស៊ូ របស់សម្ដេចតេជោ ហ៊ុន សែន និងការរៀបចំ កញ្ចប់ទេសចរណ៍ នាំទេសចរ អន្តរជាតិ អញ្ជើញទស្សនា គោលដៅទេសចរណ៍ រវាងប្រទេសទាំង៣ កម្ពុជា វៀតណាម ឡាវ ជាដើម ។

សូមបញ្ជាក់ដែរថា នៅក្នុងឆ្នាំ២០២៣ កម្ពុជា ទទួលភ្ញៀវទេសចរ អន្តរជាតិ ប្រមាណជាង ៥លាននាក់ បើធៀបទៅនឹងឆ្នាំ២០២២ ក្នុងនោះ ទេសចរវៀតណាម បានស្ថិតនៅ លំដាប់ថ្នាក់ទី២ មានប្រមាណ ជាង ១លាននាក់ បានមកទស្សនា នៅព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទទាក់ទង