ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារគ្រប់គ្រងជនបរទេស និងអន្តោរប្រវេសសន្ត ដើម្បីពង្រឹងស្តីពីអនុវត្តច្បាប់អន្តោប្រវេសន៍
ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៤ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារការគ្រប់គ្រងជនបរទេស និងការងារអន្តោរប្រវេសសន្ត ដើម្បីពង្រឹងអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ឱ្យមានប្រសិទ្ធភាពចំពោះជនបរទេសមករស់នៅ ប្រកបមុខរប ធ្វើការងារ និងចេញ-ចូលនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
កិច្ចប្រជុំមានការចូលរួមពីលោកស្នងការរង ស្តីទីទទួលផែនការងារអន្តោប្រវេសន៍ លោកស្នងការរងទទួលជំនួយដឹកនាំការិយាល័យជំនាញទាំងពីរ លោកនាយ -នាយរងការិយាល័យជំនាញ លោកអធិការងនិងលោកនាយផ្នែកទទួលការងារអន្តោប្រវេសន៍ទាំង១៤ខណ្ឌ។
នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទបានមានប្រសាសន៍ណែនាំ ដល់លោកលោកស្រីមន្រ្តីជំនាញអន្តោប្រវេសន៍ទាំងអស់ត្រូវចុះធ្វើការងារនេះដោយសហការឱ្យបានល្អជាមួយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្នុងការចុះធ្វើបច្ចុប្បន្នភាពចំពោះជនបរទេសនិងអន្តោរប្រវេសសន្តឱ្យបានច្បាស់លាស់ម៉ឺងម៉ាត់អនុវត្តតាមជំនាញនិងច្បាប់។ ការចុះទៅធ្វើការងារគឺត្រូវអនុវត្តឱ្យបានត្រឹមត្រូវកុំធ្វើអ្វីឱ្យលើសពីគោលការណ៍ច្បាប់និងជំនាញ ដែលបង្កឱ្យប៉ះពាល់រំខានដល់អ្នកវិនិយោគ។
ឯកឧត្តមស្នងការ បានមានប្រសាសន៍ទៀតថា៖« កិច្ចការងារគ្រប់គ្រងជនបរទេសជាការងារចាំបាច់ក្នុងការថែរក្សាសន្តិសុខ រក្សាសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមឱ្យបានល្អដោយទាមទារមន្រ្តីជំនាញបំពេញការងារត្រូវមានការទទួលខុសត្រូវខ្ពស់»។
ឯកឧត្តមស្នងការបញ្ជាក់បន្ថែមថា ការចុះទៅធ្វើបច្ចុប្បន្នភាពនេះក៏ត្រូវក្តាប់ឱ្យបានអំពីសភាពការណ៍និងបញ្ហាប្រឈមថាតើម្ចាស់ទីតាំង សហគ្រាស រោងចក្រ សណ្ឋាគារ ខុនដូ ម្ចាស់បុរី ផ្ទះជួល បានសហការល្អរឺមិនចូលរួមសហការ និងការរស់នៅរបស់ជនបរទេសរាយប៉ាយ ស្នាក់នៅមិនរៀបរយទៅតាមារកំណត់របស់ក្រុមហ៊ុន ហើយធ្វើរបាយការណ៍រាយការណ៍ជូនថ្នាក់លើក្នុងការពិនិត្យដោះស្រាយ។
ជាមួយគ្នានោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានណែនាំឱ្យមានការពង្រឹងការគ្រប់គ្រងតាមប្រព័ន្ធទិន្នន័យបច្ចេកវិទ្យាឌីជីថលឱ្យមានប្រសិទ្ធភាពនៅតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋទាំង១០៥ និងការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីជំនាញអន្តោរប្រវេសន៍ឱ្យមានចំណេះដឹងច្បាស់លាស់លើកការអនុវត្តនីតិវិធី៕