ប្រជាសហគមន៌ខេត្តព្រះវិហារ សប្បាយចិត្តដោយលក់ដំឡូងមីទទួលបានតម្លៃល្អ
ព្រះវិហារ ៖ សហគមន៍កសិកម្មចំនួន១០ក្នុងខេត្តព្រះវិហារ សប្បាយចិត្តដោយលក់ដំឡូងមីទទួលបានតម្លៃល្អ និងបានកំពុងមមាញឹកប្រមូលផលដំឡូងមីសរីរាង្គលក់ជូនក្រុមហ៊ុន Thai Wha ជាមួយសាជីវកម្មសហគមន៌កសិកម្មកម្ពុជា (CACC) ទៅតាមកិច្ចសន្យា លើបរិមាណ ៦០,០០០តោន (៦មឺន)។
ក្រុមកសិករអ្នកផលិតចំនួន១៤១២គ្រួសារ បានចុះកិច្ចសន្យារួមគ្នាតាមរយៈសហគមន៌កសិកម្មពួគេ លក់ដំឡូងមីជូនក្រុមហ៊ុនខាងលើ។ គិតត្រឹមថ្ងៃនេះតម្លៃទទួលបានដល់ដៃកសិករ ៣៨០៛/kg ខណៈ ក្រុមហ៊ុន CACC ថ្លឹងទម្ងន់ដោយជញ្ជីងត្រឹមត្រូវ (មិនស៊ីគីឡូ) និងមិនមានកាត់ភារយទម្ងន់ ដោយក្នុង១តោនដំឡូងមីស្រស់ទូទាត់ថវិកាជូន ១០០០Kg។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារឱ្យដឹងថា កន្លងមក សហគមន៍កសិកម្មក្នុងខេត្តព្រះវិហារចំនួន១១ មានសមាជិកសរុប ១៤៥២គ្រួសារ បានចុះកិច្ចសន្យា ផលិតនិង ផ្គត់ផ្គង់ដំឡូងមីសរីរាង្គ ជូនក្រុមហ៊ុនសាជីវកម្មកសិកម្មកម្ពុជា CACC រួមគ្នា ដោយបច្ចុប្បន្ននេះប្រជាកសិករកំពុងមមាញឹក ប្រមូលផលដំឡូងមីសរីរាង្គ ថ្លឹងឡើងរថយន្តតាមកិច្ចសន្យាដែលគ្រោងទុក។
លោកបានបន្តថា សហគមន៍កសិកម្មចំនួន១១ ស្ថិតនៅឃុំគូលែនខាងជើង ស្រុកគូលែន ខេត្តព្រះវិហារ សប្បាយចិត្តជាពន់ពេក ដែលបាននិងកំពុងមមាញឹក ប្រមូលផល ដំឡូងមីសរីរាង្គ លក់ជូនក្រុមហ៊ុនតាមកិច្ចសន្យាបានប្រមាណជា២០ភាគរយលើផ្ទៃដីដាំដុះ ដោយទទួលបានតម្លៃ៣៦០ រៀល ក្នុងមួយគីឡូក្រាម ។

លោកថ្លែងថា៖«បងប្អូនមិនបាច់បារម្ភរឿងឈ្មួញកាឡុកថ្លៃឡើងចុះអ៊ីចឹងទៅកន្លងមកយើងជួបបញ្ហាតម្លៃទីផ្សារបងប្អូនបន្ទាប់ពីបានចុះកិច្ចសន្យាហ្នឹងទៅមានន័យថាដំឡូងបងប្អូនដាក់ដាំនៅលើដីដុះទៅដំឡូងបងប្អូនមានម្ចាស់ហើយអ៊ីចឹងកសិករខិតខំថែរក្សាធ្វើម៉េចឱ្យបានទិន្នផលខ្ពស់ធ្វើម៉េចឱ្យល្អទៅពេលយើងប្រមូលផលទៅយើងមិនបារម្ភពីបញ្ហាទីផ្សារទេដោយទីផ្សារយើងមាន រួចហើយ។ យើងជំរុញឱ្យមានការដាំដុះផលិតផលនិងតម្រូវទៅតាមទីផ្សារទាក់ទងទៅនឹងកិច្ចសន្យានេះយើងឃើញដំណើរការបងប្អូនសហគមន៍ទាំងអស់គាត់មានការសប្បាយចិត្តដោយឆ្នាំនេះគាត់បានទិន្នផលខ្ពស់ផងនិងតម្លៃល្អអ៊ីចឹងគាត់បានថវិកាច្រើនជាងឆ្នាំមុនពួកគាត់កំពុងសប្បាយចិត្តមមាញឹកប្រមូលផលដំឡូងមីសរីរាង្គថ្លឹងឡើងរថយន្តទាំងយប់ទាំងថ្ងៃ»។
លោកបានបន្ថែមថា មន្ទីរបានជំរុញឱ្យតំណាងសហគមន៍ទាំងអស់ ត្រូវគោរពតាមកិច្ចសន្យា ដែលបានចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុន ហើយកសិករត្រូវមានភាពស្មោះត្រង់ជាមួយក្រុមហ៊ុន ដោយចៀសវាងការលក់ឱ្យអ្នកផ្សេងៗ ដើម្បីឱ្យ ក្រុមហ៊ុនអាចប្រមូលទិញ បានគ្រប់ចំនួនតាមកិច្ចសន្យា ៕


