Close

ក្រសួងធនធានទឹក បណ្តុះបណ្តាលការប្រើប្រាស់ដ្រូន Magic 3E ដល់មន្ត្រីបច្ចេកទេសមកពីបណ្តាមន្ទីររាជធានី-ខេត្តទាំង ២៥

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ក្រសួងធនធានទឹក បណ្តុះបណ្តាលការប្រើប្រាស់ដ្រូន Magic 3E ដល់មន្ត្រីបច្ចេកទេសមកពីបណ្តាមន្ទីររាជធានី-ខេត្តទាំង ២៥ ក្រសួងធនធានទឹក បណ្តុះបណ្តាលការប្រើប្រាស់ដ្រូន Magic 3E ដល់មន្ត្រីបច្ចេកទេសមកពីបណ្តាមន្ទីររាជធានី-ខេត្តទាំង ២៥

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បើកវគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់ដ្រូន Magic 3E ដល់មន្ត្រីបច្ចេកទេសមកពីបណ្តាមន្ទីររាជធានី-ខេត្តទាំង ២៥ សម្រាប់ហោះផ្តិតយករូបភាពបច្ចុប្បន្នភាពពីលើអាកាសដែលមានកម្រិតភាពច្បាស់ខ្ពស់ និងកម្រិតលម្អៀងតិចបំផុត ងាយស្រួលក្នុងការវាស់វែង និងកំណត់ព្រំអាងទឹក ។

ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹក និងឧតុនិយមថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលខាងលើនៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៤ នេះ បញ្ជាក់ថា គោលបំណងវគ្គបណ្តុះបណ្តាលនេះគឺ ដើម្បីបង្កើនចំណេះដឹងជំនាញបន្ថែមទៀតដល់មន្ត្រីមន្ទីរពាក់ព័ន្ធទាំងអស់ ជាមួយនឹងការប្រើប្រាស់ដ្រូន សម្រាប់ហោះផ្តិតយករូបភាពបច្ចុប្បន្នភាពពីលើអាកាសដែលមានកម្រិតភាពច្បាស់ខ្ពស់ និងកម្រិតលម្អៀងតិចបំផុត ងាយស្រួលក្នុងការវាស់វែង និងកំណត់ព្រំអាងទឹក ហេដ្ឋារចនាសម្ព័ន្ធសំណង់ការងារទឹក បង្កើតបានជាផែនទីដែលមានរូបភាពបច្ចុប្បន្នភាពច្បាស់ ជាមួយនឹងខ្សែកម្រិតកម្ពស់ដី ដែលមានលក្ខណៈលម្អិតច្បាស់ និងគ្រប់ជ្រុងជ្រោយ ជាពិសេសចំណេញពេលវេលាច្រើនជាងមុន និងមិនចាំបាច់ពិបាកចុះវាស់វែងដោយផ្ទាល់ដល់ទីតាំងជាក់ស្តែង និងទីតាំងមួយចំនួនដែលយើងពិបាកក្នុងការធ្វើដំណើរទៅដល់។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានប្រាប់ ដល់មន្ត្រីសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលទាំងអស់ សូមផ្តោតការយកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់ និងកត់ចំណាំ ដើម្បីជាប្រយោជន៍សម្រាប់ចំណេះដឹង ការប្រើប្រាស់ និងការអនុវត្តជាក់ស្តែងក្នុងការហោះថតផ្តិតយករូបភាពអាងស្តុកទឹក ស្ទឹង និងទន្លេ ក៏ដូចហេដ្ឋារចនាសម្ព័ន្ធសំណង់ការងារទឹកនានា ដែលជាមូលដ្ឋាន និងទឡ្ហីករណ៍ត្រឹមត្រូវ ក្នុងការគ្រប់គ្រង និងអភិរក្សនូវរាល់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្រ្ត និងការងារទឹកទាំងអស់ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋផងដែរ។

គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ មានរយ:ពេលមួយថ្ងៃពេញ គឺពេលព្រឹកមានជាបទបង្ហាញ និងពេលរសៀលជាការចុះអនុវត្តជាក់ស្តែង នៅទីវាលជម្រកគ្រឿងចក្រក្រសួងធនធានទឹក និងឧតុនិយម ស្ថិតក្នុងភូមិគោករមៀត ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល៕

អត្ថបទទាក់ទង