ខេត្តកំពង់ឆ្នាំ និងពោធិ៍សាត់ ឱ្យពលរដ្ឋផ្អាកការងារបង្កបង្កើនផលស្រូវប្រាំង
មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំងចេញសេចក្តីជូនដំណឹងដល់ប្រជាកសិករទាំងអស់ ជាពិសេស ប្រជាកសិករក្នុងតំបន់ប្រព័ន្ធ ធារាសាស្ត្រអាចាំង និងផ្នែកខាងលើនៃដងស្ទឹងជ្រៃបាក់ផ្អាកការងារបង្កបង្កើនផលស្រូវប្រាំង ខណអភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៣ ក៏បានប្រាប់ ដល់ប្រពរដ្ឋឱ្យផ្អាកការងារបង្កបង្កើនផលស្រូវនៅរដូវប្រាំងលើកទី២ផងដែរ។
សេចក្តីជូនដំណឹងរបស់មន្ទីរធនធានទឹក និងឧតុនិយម ចុះនៅថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៤ សរសេរថា៖«សូមបងប្អូនប្រជាកសិករទាំងអស់ ផ្អាកការបង្កបង្កើនផលដំណាំស្រូវប្រាំង ព្រោះទឹកមានលំហូរ ឬធារទឹកមានកម្រិតដែលមិនអាចផ្ដល់អោយក្នុងតំបន់ដែលមានផ្ទៃដីធ្វើស្រែវស្សាហើយ បន្តធ្វើស្រែប្រាំងទៀតទេ។ ជារៀងរាល់ឆ្នាំ បរិមាណទឹកមានសំរាប់តែផ្ទៃដីស្រែប្រាំងតិចតួចតែប៉ុណ្ណោះ» ។
ប្រភពដដែលដែលបន្តថា៖«ក្នុងករណីបងប្អូនប្រជាកសិករនៅតែបន្តធ្វើស្រែប្រាំងក្នុងចំនួនដ៏ច្រើន លើសពីបរិមាណទឹកនោះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំងមិនទទួលខុសត្រូវលើការខ្វះទឹកស្រោចស្រពស្រូវប្រាំង នោះឡើយ»។
ប្រភពដដែលបន្ថែមថា៖ «ករណីដែលប្រជាកសិករយើងនៅតែបន្តបង្កបង្កើនផលស្រូវប្រាំងទៀត នោះបងប្អូននឹងអាចជួប ប្រទះការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ ខ្វះទឹកសម្រាប់សត្វពាហនៈ និងខាតបង់ថវិការបស់បងប្អូន ប្រជាកសិករ
ជាមួយគ្នានោះដែរ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៣ ក៏បានចេញសេចក្តីជូនដំណឹងដល់ប្រពរដ្ឋ ផ្អាកការងារបង្កបង្កើនផលស្រូវនៅរដូវប្រាំងលើកទី២។
ឯកឧត្តម ខូយ រីដា បញ្ជាក់ថា យោងតាមផែនការសក្តានុពលទឹក សម្រាប់ស្រោចស្រពលើការងារបង្កបង្កើនផលស្រូវរដូវប្រាំង ឆ្នាំ២០២៣-២០២៤ របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សម្រាប់ការផ្គត់ផ្គង់ទឹកជូនប្រជាកសិករ ក្នុង ឆ្នាំ២០២៤នេះ បានត្រឹមតែ ២០.០០០ហិកតាប៉ុណ្ណោះ ប៉ុន្តែផ្អែកតាមការចុះពិនិត្យជាក់ស្តែងកន្លងមករបស់ ថ្នាក់ដឹកនាំខេត្ត និងការវាយតម្លៃរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ការបង្កបង្កើនផលរបស់បងប្អូន ប្រជាកសិករយើង បានកើនរហូតដល់ ៤៦.៣៤១ហិកតា លើសផែនការប្រើប្រាស់ទឹក ២៦.៣៤១ហិកតា។ ក្នុងន័យនេះ រដ្ឋបាលខេត្ត សូមណែនាំដល់បងប្អូនប្រជាកសិករទាំងអស់ក្នុងខេត្ត ដែលកំពុងបង្កបង្កើនផលស្រូវ។
រដូវប្រាំងឆ្នាំ២០២៤នេះ ឯកឧត្តម ខូយ រីដា បាន ឱ្យ បងប្អូនប្រជាកសិករទាំងអស់ ផ្អាកការបង្កបង្កើនផលដំណាំស្រូវលើកទី២ បន្ទាប់ពី បងប្អូនប្រមូលផលរួចរាល់នៅក្នុងអំឡុងខែមករា ដល់ខែឧសភា ឆ្នាំ២០២៤ ខាងមុខ។ រីបងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត ត្រូវត្រៀមលក្ខណៈស្ដុកទឹកក្នុងស្រះ អណ្តូង ប្រឡាយ ដែល អាចស្ដុកទឹកបាន សម្រាប់ទុកប្រើប្រាស់ប្រចាំថ្ងៃ និងសត្វពាហនៈជាដើម។
ជាមួយគ្នានោះ ឯកឧត្តមបញ្ជាក់ថាក្នុងករណីបងប្អូនប្រជាកសិករនៅតែអនុវត្ត មិនទទួលយកការណែនាំរបស់រដ្ឋបាលខេត្តទេនោះ រដ្ឋបាលខេត្តមិនទទួលខុសត្រូវលើការខ្វះទឹកស្រោចស្រពដំណាំស្រូវនៅរដូវប្រាំងនេះឡើយ និងករណីដែលប្រជាកសិករយើងនៅតែបន្តបង្កបង្កើនផលស្រូវរដូវប្រាំងលើកទី២ ទៀតនោះ បងប្អូននឹងអាចជួបប្រទះការខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ ខ្វះទឹកសម្រាប់សត្វពាហនៈ និងខាតបង់ថវិការបស់បងប្អូនប្រជាកសិករថែមទៀតជាមិនខាន៕