Close

ភ្ញៀវទេសចរជិត៨ម៉ឺននាក់ ទស្សនាពិព័រណ៌ និងការសម្តែងទស្សនីយភាពសិល្បៈចម្រុះនានានៃព្រឹត្តិការណ៍រំលឹកគុណអង្គរ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានជាតិ
ភ្ញៀវទេសចរជិត៨ម៉ឺននាក់ ទស្សនាពិព័រណ៌ និងការសម្តែងទស្សនីយភាពសិល្បៈចម្រុះនានានៃព្រឹត្តិការណ៍រំលឹកគុណអង្គរ ភ្ញៀវទេសចរជិត៨ម៉ឺននាក់ ទស្សនាពិព័រណ៌ និងការសម្តែងទស្សនីយភាពសិល្បៈចម្រុះនានានៃព្រឹត្តិការណ៍រំលឹកគុណអង្គរ

សៀមរាប: រយៈពេល១០ថ្ងៃ នៃព្រឹត្តិការណ៍រំលឹកគុណអង្គរ ចាប់ពីថ្ងៃទី០៧ដល់ថ្ងៃ១៦ ខែធ្នូ ឆ្នាំ២០២៣ ភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបជិត៨ម៉ឺននាក់ ចូលមកទស្សនាស្តង់ពិព័រណ៌ និងកម្មវិធីសម្តែងទស្សនីយភាពសិល្បៈចម្រុះ នៅខាងមុខប្រាសាទអង្គរវត្ត និងព្រះលានជល់ដំរីនៃក្រុងអង្គរធំ។

អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ បញ្ជាក់ថា ក្នុងនោះ ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនា រោងពិព័រណ៌របស់អាជ្ញាធរជាតិអប្សរា សរុបចំនួន៩៦៤៣នាក់ ភ្ញៀវជាតិចំនួន៤ ៥៩៥នាក់(ព្រះសង្ឃ១២៦អង្គ)និងភ្ញៀវបរទេស៥០៤៨នាក់។

បើតាមប្រភពដដែលនេះ កម្មវិធីល្ខោនយីកេមហាជន ល្ខោនស្បែកធំ និងល្ខោនខោលរឿងរាមកេរ្ត៍ នៅខាងត្បូងប្រាសាទអង្គរវត្ត រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ដល់១៥ និង១៦ខែធ្នូ ឆ្នាំ២០២៣ សរុបចំនួន១៤៣៩នាក់ ក្នុងនោះ ភ្ញៀវជាតិចំនួន១៣៨៦នាក់ (ព្រះសង្ឃ១៨អង្គ) និងភ្ញៀវបរទេសចំនួន ៣៥នាក់។

រីឯកម្មវិធីរាត្រីចងចាំ សិល្បៈចម្រុះ ល្ខោនបុរាណពោលស្រី និងប្រដាល់ក្បាច់គុណបុរាណខ្មែរ នៅព្រះលានជល់ដំរី ពីថ្ងៃទី១៤ដល់១៥ និង១៧ខែធ្នូ ឆ្នាំ២០២៣ សរុបចំនួន៦៩,០០៥នាក់ ភ្ញៀវជាតិ៦៨.៧០៥នាក់ (ក្នុងនោះ កម្មវិធីរាត្រីចងចាំ មានភ្ញៀវ៥៣.៨២៨នាក់) និងភ្ញៀវបរទេសចំនួន៣០០នាក់។

សូមជម្រាបផងដែរថា ដើម្បីចូលរួមអបអរសាទរខួប៣១ឆ្នាំ នៃការចុះរមណីយដ្ឋានអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ អាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំប្រារព្ធពិធីបុណ្យ«រំលឹកគុណអង្គរ»នៅក្នុងតំបន់រមណីយដ្ឋានអង្គរ មានរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី០៧ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងរយៈពេល១០ថ្ងៃ នៃព្រឹត្តិការណ៍រំលឹកគុណអង្គរ ក្រៅពីការប្រារព្ធនូវពិធីបែបសាសនា ដើម្បីសម្តែងនូវការដឹងគុណចំពោះអង្គព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់ និងបុព្វការីជនទាំងអស់ ដែលលោកបានខិតខំកសាង និងថែរក្សាប្រាសាទបុរាណទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរ ដោយបានផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់ជាតិមាតុភូមិតាំងពីដើមរហូតដល់សព្វថ្ងៃនេះ ក៏មានកម្មវិធីទស្សនាស្តង់ពិព័រណ៌ស្តីពីសមិទ្ធផលការងាររយៈពេល៣១ឆ្នាំរបស់អាជ្ញាធរជាតិអប្សរា ការសម្តែងទស្សនីយភាពសិល្បៈបុរាណជាច្រើនទម្រង់ ដើម្បីរួមចំណែកលើកកម្ពស់ស្នាដៃសិល្បៈបុរាណ និងផ្តល់ភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ៕

អត្ថបទទាក់ទង