អនុប្រធានរដ្ឋសភាកម្ពុជាស្នើដល់ខេត្តក្វាងស៊ីជួយគាំទ្រកម្ពុជាក្នុងការបង្កើតមជ្ឈមណ្ឌលទិន្នន័យមួយសម្រាប់គ្រប់គ្រងធនធានធម្មជាតិ ដើម្បីជំរុញច្រករបៀងមច្ឆានិងអង្ករ
ភ្នំពេញ៖ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់ខេត្តក្វាងស៊ីជួយគាំទ្រកម្ពុជាក្នុងការបង្កើតមជ្ឈមណ្ឌលទិន្នន័យមួយសម្រាប់គ្រប់គ្រងធនធានធម្មជាតិ ដើម្បីជំរុញច្រករបៀងមច្ឆានិងអង្ករ ពីព្រោះខេត្តក្វាងស៊ីជាខេត្តមួយដែលមានប្រព័ន្ធគ្រប់គ្រងទិន្នន័យយ៉ាងល្អសម្រាប់ពាណិជ្ជកម្ម និងភស្តុភាកម្មជាមួយអាស៊ីអាគ្នេយ៍។
ការស្នើសរបស់ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក្នុងពេលឯកឧត្តម បានអនុញ្ញាតឱ្យគណៈប្រតិភូគណៈកម្មាធិការកណ្តាលសភាប្រជាជនខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ ឯកឧត្តម FANG Chunming អនុប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ នៃសភាប្រជាជនខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២៣។
ទន្ទឹមនឹងនេះ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ក៏បានស្នើដល់មិត្តចិន ជាពិសេសអង្គការសង្គមស៊ីវិលនៅខេត្តក្វាងស៊ី សូមពិនិត្យលទ្ធភាពក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនៃសង្គមស៊ីវិលទាំងពីរ ដើម្បីជំរុញការអភិវឌ្ឍនៅថ្នាក់មូលដ្ឋាននិងនៅតាមតំបន់ជនបទនៅកម្ពុជា សំដៅលើកកម្ពស់ជីវភាពនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ក្នុងក្របខ័ណ្ឌនៃសហគមន៍ជោគវាសនាតែមួយ។
ជាការឆ្លើយតប ឯកឧត្តម FANG Chunming អនុប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ នៃសភាប្រជាជនខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន និងជាប្រធានគណៈប្រតិភូសភាប្រជាជនខេត្តក្វាងស៊ី បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះរដ្ឋសភាកម្ពុជាដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូសភាប្រជាជនខេត្តក្វាងស៊ីនាពេលនេះ និងថា ចិននិងកម្ពុជា ជាបងប្អូនដ៏ល្អ និងជាមិត្តដែកថែប។
ឯកឧត្តមបន្ថែមថា កន្លងមកថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ចិន កម្ពុជាបានជំរុញលើកកម្ពស់ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅឈានឡើងមួយកម្រិតពីមិត្តភាពដែកថែប ទៅជាមិត្តភាពក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងយល់ចិត្តថ្លើមគ្នា ដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ចិន បានប្តេជ្ញាខិតខំរួមគ្នាក្នុងការជំរុញការកសាងសហគមន៍ជោគវាសនាតែមួយ។
ឯកឧត្តម FANG Chunming ក៏បានមានប្រសាសន៍លើកឡើងពីកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម រវាងចិន និងកម្ពុជា ដែលមានការរីចម្រើនឡើងជាលំដាប់ រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម វិស័យសុខាភិបាល រវាងចិន និងកម្ពុជា ជាពិសេសរវាងកម្ពុជា ជាមួយខេត្តក្វាងស៊ី និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរចិន កម្ពុជា ដែលផ្ដោតលើវិស័យវប្បធម៌និងការអប់រំជាដើម។
ជាមួយគ្នានោះ ឯកឧត្តម FANG Chunming បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងរាក់ទាក់នាពេលនេះ ហើយ ឯកឧត្តម ក៏បានសូមគោរពអញ្ជើញ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសចិន តាមពេលវេលាសមស្របណាមួយ នាពេលខាងមុខ៕