ប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ (GMS) រួមគ្នាជំរុញ ការផ្សព្វផ្សាយ និងលើកស្ទួយវិស័យទេសចរណ៍ឡើងវិញក្រោយវិបត្តិកូវីដ-១៩
ភ្នំពេញ៖ ប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ (GMS)រួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម ថៃ និងចិនព្រមទាំងមានការចូលរួមពីស្ថាប័នដៃគូរអភិវឌ្ឍន៍មានដូចជាមជ្ឈមណ្ឌលអាស៊ាន-ចិន អាស៊ាន-ជប៉ុន និងអាស៊ាន-កូរ៉េ រួមគ្នាជំរុញ ការផ្សព្វផ្សាយ និងលើកស្ទួយវិស័យទេសចរណ៍ឡើងវិញក្រោយវិបត្តិកូវីដ-១៩។
នាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ នៅថ្ងៃទី ២៣ ខែវិច្ឆិកានេះ បាន បញ្ជាក់ថា កិច្ចប្រជុំបានរៀបចំឡើងក្រោមទម្រង់ចំរុះ (Hybrid) រៀបចំឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ដោយប្រទេសមីយ៉ាន់ម៉ា នៅទីក្រុងណៃពីដោរ ដែលមានការចូលរួមពីប្រធានស្ថាប័នទេសចរណ៌ជាតិ និងមន្រ្តីជំនាញនៃប្រទេសសមាជិកមហាឣនុតំបន់ទាំង០៦ប្រទេស រួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម ថៃ និងចិន ព្រមទាំងមានការចូលរួមពីស្ថាប័នដៃគូរអភិវឌ្ឍន៍មានដូចជាមជ្ឈមណ្ឌលអាស៊ាន-ចិន អាស៊ាន-ជប៉ុន និងអាស៊ាន-កូរ៉េ សរុបប្រមាណ១៥០រូប។
ប្រភពដដែលនេះ បន្តថា កិច្ចប្រជុំត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សា និងទទួលបានធាតុចូលសំខាន់ៗ ពីប្រទេសជាសមាជិក លើផែនការស្តារវិស័យទេសចរណ៍ ដែលទទួលបានការគាំទ្រដំណើរការរៀបចំពីធនាគាអភិវឌ្ឍន៍អាស៊ី (ADB)។
អំឡុងកិច្ចប្រជុំនេះ ប្រទេសសមាជិកមហាអនុតំបន់មេគង្គទាំងអស់បានចែករំលែក និងរៀនសូត្រដកស្រង់បទពិសោធន៍គ្នាទៅវិញទៅមកនូវព័ត៌មានឣំពីការអនុវត្តល្អៗ ដើម្បីលើកស្ទួយ និងស្តារវិស័យទេសចរណ៍ឡើងវិញក្រោយវិបត្តិកូវីដ-១៩ ដោយបានលើកអំពី៖ ១).ស្ថានភាពទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩ ២). ការធ្វើបច្ចុប្បន្នភាពនៃប្រភេទទិដ្ឋាការ និងការលើកលែងទិដ្ឋាការ និង៣).កិច្ចសហប្រតិបត្តិការផ្សេងៗ រវាងប្រទេសនានាក្នុងតំបន់មហាអនុតំបន់មេគង្គ។
នាឱកាសនោះដែរ កម្ពុជាបានបង្ហាញពីផែនការយុទ្ធសាស្ត្រនានារបស់ក្រសួងទេសចរណ៍ ក្នុងការអភិវឌ្ឍ និងស្តារវិស័យទេសចរណ៍កម្ពុជា ព្រមទាំងបានរំលេចពីសមិទ្ធិផល នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍទេសចរណ៍កម្ពុជា២០១២-២០២០ ផែនការស្តារវិស័យទេសចរណ៍ឡើងវិញអំឡុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ សេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍទេសចរណ៍ ២០២៣-២០៣៥ និងការធ្វើសហឋាមភាព រវាងគម្រោង និងសកម្មភាពនានារបស់ក្រសួងទេសចរណ៍ ដែលមានភាពប្រទាក់ក្រឡាគ្នារវាងឯកសារគោលនយោបាយទេសចរណ៍សំខាន់ៗ ជាមួយយុទ្ធសាស្ត្របង្កើន៥ អភិវឌ្ឍន៍៣របស់ក្រសួងទេសចរណ៍។
បន្ថែមលើនេះទៀត កម្ពុជាក៏បានផ្សព្វផ្សាយជូនអង្គប្រជុំអំពីការត្រៀមរៀបចំព្រឹត្តិការណ៍ធំៗក្នុងស្រុក និងអន្តរជាតិ មានដូចជា៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អក អំបុក និងសំពះព្រះខែប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ និងពិធីបុណ្យសមុទ្រលើកទី១០ ចាប់ពីថ្ងៃទី១-៣ ខែធ្នូ ឆ្នាំ២០២៣ ព្រមជាមួយនឹងយុទ្ធនាការទាក់ទាញទេសចរក្នងឆ្នាំ២០២៤ រួមមាន៖ ១)យុទ្ធនាការ “ទស្សនាសៀមរាបឆ្នាំ២០២៤” តាមរយៈការពង្រឹកវិសាលភាពនៃប័ណ្ណឆ្លងកាត់ព្រំដែន (Border Pass) សម្រាប់ភ្ញៀវទេសចរថៃដែលរស់នៅខេត្តជាប់ព្រំដែនកម្ពុជា ឣាចចូលមកទស្សនាខេត្តសៀមរាបនៅឆ្នាំ២០២៤ ២) នៅឆ្នាំ២០២៤ កម្ពុជានឹងជំរុញលំហូរភ្ញៀវទេសចរពីប្រទេសឥណ្ឌាតាមរយះជើងហោះហើរត្រង់មកកម្ពុជា ក្រោមយុទ្ធនាការ “ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា” ព្រមទាំងជំរុញកំណើនទេសចរចិនមកកម្ពុជាតាមរយៈយុទ្ធនាការ “ឆ្នាំទេសចរណ៍ និងវប្បធម៌កម្ពុជា-ចិន” ផងដែរ។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏បញ្ជាក់ជំហរពីការបន្តការគាំទ្រដល់ប្រទេសសមាជិកមហាអនុតំបន់លើទិសដៅ អាទិភាព រួមមាន៖ ១)គម្រោងទេសចរណ៍ក្របខណ្ឌវិនិយោគក្នុងមហាអនុតំបន់មេគង្គនិង ២) ការផ្តល់ជំនួយបច្ចេកទេសលើការអភិវឌ្ឍន៍សម្បទាទេសចរណ៍ប្រកបដោយនិរន្តរភាពក្នុងតំបន់ក្នុងការអនុវត្តស្តង់ដា ទេសចរណ៍អាស៊ាន និងជំរុញភាពជាដៃគូ រវាងផ្នែករដ្ឋ និងវិស័យឯកជន ៕