Close

ពូជស្រូវ “ចំប៉ីស៧០” ជាប្រភេទស្រូវស្រាលក្រអូប និងដាំបានគ្រប់រដូវកាលសម្រាប់កសិករ ព្រមទាំងប្រើប្រាស់រយៈពេលខ្លីសម្រាប់ដាំដុះ

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ពូជស្រូវ “ចំប៉ីស៧០” ជាប្រភេទស្រូវស្រាលក្រអូប និងដាំបានគ្រប់រដូវកាលសម្រាប់កសិករ ព្រមទាំងប្រើប្រាស់រយៈពេលខ្លីសម្រាប់ដាំដុះ ពូជស្រូវ “ចំប៉ីស៧០” ជាប្រភេទស្រូវស្រាលក្រអូប និងដាំបានគ្រប់រដូវកាលសម្រាប់កសិករ ព្រមទាំងប្រើប្រាស់រយៈពេលខ្លីសម្រាប់ដាំដុះ

ភ្នំពេញ៖ ពូជស្រូវ “ចំប៉ីស៧០” ជាប្រភេទស្រូវស្រាលក្រអូប និងដាំបានគ្រប់រដូវកាលសម្រាប់កសិករ ព្រមទាំងប្រើប្រាស់រយៈពេលខ្លីសម្រាប់ដាំដុះ។ នេះ បើតាម ទំព័រហ្វេសបុករបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្សព្វផ្សាយកាលពីចុងសប្តាហ៍កន្លងមកនេះ។

ប្រភពដដែលនេះបន្តថា ពូជនេះត្រូវបានអ្នកជំនាញនៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអភិវឌ្ឍឡើងនៅក្នុងឆ្នាំ២០១៣ តាមរយៈការបង្កាត់ពូជស្រូវរំដួល ជាប្រភេទកណ្តាលដែលប្រកាន់រដូវ ជាមួយនឹងស្រឡាយស្រូវCNI 9024 ជាស្រឡាយស្រូវស្រាល និងមិនប្រកាន់រដូវ។ ក្រោយពីបានអភិវឌ្ឍពូជស្រូវថ្មីនេះដោយជោគជ័យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចែកពូជស្រូវនេះទៅកាន់កសិករទូទាំងប្រទេស កាលពីចុងឆ្នាំ២០២២។

នាពេលបច្ចុប្បន្ន វិទ្យាស្ថាន CARDI ដែលមានទីតាំងនៅសង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុងដាំដុះពូជស្រូវប្រភេទនេះជាច្រើន ក្នុងគោលបំណងលើកស្ទួយកម្រិតជីវភាពរបស់ប្រជាកសិករកម្ពុជា តាមរយៈការអភិវឌ្ឍបច្ចេកវិទ្យាសមស្រប ដើម្បីបង្កើតផលិតភាពកសិកម្ម ក្រោមទស្សនទាន “បច្ចេកវិទ្យា ដើម្បីវិបុលភាពសង្គម” ។

តាមផែនការ វិទ្យាស្ថាន CARDI គ្រោងប្រមូលផលពូជស្រូវ “ចំប៉ីស៧០” ឱ្យបាន ៦០០តោន ក្នុងឆ្នាំ២០២៤ ដើម្បីចែកបន្តនៅតាមមន្ទីរកសិកម្ម និងសហគមន៍កសិករនៅទូទាំងប្រទេស រួមទាំងក្រុមហ៊ុនឯកជនមួយចំនួន ដែលចង់បានពូជនេះទៅប្រើប្រាស់ ឬបន្សុទ្ធពូជដោយខ្លួនឯង ដោយមិនចាំបាច់ត្រូវចំណាយថវិកាទិញប្រចាំឆ្នាំទៀតឡើយ។

សមិទ្ធផលនេះ គឺជាផ្នែកមួយដ៏សំខាន់នៃក្របខណ្ឌការគិតគូររយៈពេល ៥ឆ្នាំដំបូង ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ដោយការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទ គឺជាកិច្ចការអាទិភាពទី៣ នៅក្នុងបញ្ចកោណទី៤ ដែលរដ្ឋាភិបាលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តពង្រឹងតួនាទី និងការអភិវឌ្ឍវិស័យកសិកម្មឱ្យទំនើប សម្បូរបែប និងមានភាពធន់ ដែលគាំទ្រដល់ការអភិវឌ្ឍជនបទ សំដៅធានាសន្តិសុខ និងសុវត្ថិភាពស្បៀង, បង្កើនតម្លៃបន្ថែមខ្ពស់. ជំរុញភាពប្រកួតប្រជែង, និងលើកកម្ពស់គុណភាពនៅជនបទ ស្របតាម “ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” ។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្លាប់បានលើកឡើងថា ចំប៉ីស ៧០ គឺជាពូជស្រូវថ្មី កើតចេញពីពូជស្រូវដែលជាប់ចំណាត់ថ្នាក់លេខ ១ ចំនួន ៥ ដងគឺពូជស្រូវផ្ការំដួល ហើយ បានថ្លែងអំណរគុណអូស្ត្រាលី ដែលបានគាំទ្រលើការស្រាវជ្រាវពូជស្រូវនេះ ពិសេសលើការគាំទ្រវិស័យកសិកម្មនាពេលកន្លងមក។ ជឿជាក់ដែរថា វត្តមានពូជស្រូវថ្មីនេះ នឹងកាន់តែទទួលបានផ្លែផ្កា និងមានទីផ្សារកាន់តែខ្លាំង ហើយធ្វើឱ្យជីវភាពរបស់ប្រជាកសិករកម្ពុជាកាន់តែប្រសើរឡើង។

ជុំវិញបញ្ហានេះ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកជំទាវ គីម ស្រីរ័ត្ន បានលើកឡើងដែរថា ពូជស្រូវ «ចំប៉ីស ៧០» ល្អ មានការដាំដុះ មិនប្រកាន់រដូវ ព្រមទាំងធន់នឹងការប្រែប្រួលអាកាសធាតុ ។ ពូជស្រូវនេះនឹងមានសក្ដានុពលអាចចូលទីផ្សារបាន ហើយវាជាប្រភេទស្រូវក្រអូបទទួលបានតម្លៃខ្ពស់ជាងស្រូវ-អង្ករសធម្មតា ហើយអង្ករចំប៉ីស ៧០ នេះ ក៏អាចបំពេញទីផ្សារនៅប្រទេសអាស៊ានបានដែរ ដោយមិនចាំបាច់ទៅដណ្តើមទីផ្សាររបស់សែនក្រអូប ឬផ្ការំដួលទេ។

ចំណែក ការិយាល័យរុក្ខជម្រើសវិទ្យា នៃវិទ្យាស្ថាន CARDI បានឱ្យដឹងថា នៅចុងឆ្នាំ២០២២ វិទ្យាស្ថានបានបញ្ចេញពូជស្រូវថ្មីមួយប្រភេទ ដែលមានឈ្មោះថា ចំប៉ីស៧០ ជាប្រភេទស្រូវស្រាលក្រអូប។ លក្ខណៈពិសេសរបស់ចំប៉ីស៧០ គឺជាអង្ករមានលក្ខណៈសល្អ មានប្រវែងប្រហាក់ប្រហែលនឹងពូជផ្ការំដួល និងមានក្លិនក្រអូប តែមិនក្រអូបខ្លាំងដូចផ្ការំដួលទេ។ តែអ្វីដែលពិសេសពូជស្រូវថ្មីនេះ ជាពូជមិនប្រកាន់រដូវ មានរយៈពេលធ្វើខ្លី ពី៩០ថ្ងៃ ទៅ៩៥ថ្ងៃ ដែលនឹងធ្វើឱ្យកសិករកាត់បន្ថយថ្លៃចំណាយថ្លៃដើមផ្សេងៗ ដូចជាថ្លៃជីជាដើម។
កសិករអាចធ្វើពូជស្រូវបានចាប់ពី២ ទៅ៣ដងក្នុងមួយឆ្នាំ ដែលអាចផ្គត់ផ្គង់ទីផ្សារបានមួយឆ្នាំពេញ ខុសពីពូជផ្ការំដួលដែលអាចធ្វើបានតែម្តង ក្នុងមួយឆ្នាំប៉ុណ្ណោះ ហើយការដាំដុះពូជនេះ អាចទទួលបានទិន្នផល ចាប់ពី៤តោន ទៅ៤.៥តោន ក្នុងមួយហិកតា។

សូមជម្រាបថា ពូជស្រូវចំប៉ីស៧០ ត្រូវបានដាក់ឈ្មោះ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី គឺជាឈ្មោះតំណាងឱ្យចំណងទំនាក់ទំនងការទូត ខួបលើកទី៧០ រវាងប្រទេសកម្ពុជា និងប្រទេសអូស្ត្រាលី ។ ការអភិវឌ្ឍន៍ពូជស្រូវនេះ បានប្រើប្រាស់ថវិកាមកពី២ប្រភព គឺពីរដ្ឋាភិបាលកម្ពុជា និងមួយផ្នែកទៀតគាំទ្រដោយថវិកាពីរដ្ឋាភិបាលអូស្រ្តាលី៕

អត្ថបទទាក់ទង