សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងប្រកាសអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនគោលដៅ ១,៥លាននាក់ នៅថ្ងៃស្អែកនេះ
![សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងប្រកាសអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនគោលដៅ ១,៥លាននាក់ នៅថ្ងៃស្អែកនេះ](https://ennasia.com/wp-content/uploads/2023/11/1Update-File-Thumbnail-For-Webside-final-16-2.jpg)
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០២៣នេះ បានបើកវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រង និងការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រមាណ ១,៥លាននាក់ ដែលប្រមុខរាជរដ្ឋាភិបាល នឹងប្រកាសដាក់ឱ្យដំណើរការអនុវត្ត នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
នាឱកាសនោះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ មានគោលបំណងពង្រឹងសមត្ថភាពថ្នាក់ដឹកនាំគ្រឹះស្ថានអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស លើការងារគ្រប់គ្រង និងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យមានមូលដ្ឋានច្បាស់លាស់ សម្រាប់ត្រៀមខ្លួនអនុវត្តកម្មវិធីបណ្តុះបណ្តាល ដែលនឹងប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យតាមផែនការដែលបានគ្រោងទុក។
ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់មន្ត្រីចូលរួមថា កម្មវិធីនេះទទួលបានជោគជ័យ គឺត្រូវអនុវត្តឱ្យបាននូវបាវចនារបស់សម្តេចនាយករដ្ឋមន្ត្រី “រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ” ដែលគ្រប់ភាគីទទួលយកដោយក្តីសោមនស្ស នោះទើបការបណ្តុះបណ្តាលនេះ អាចចាត់ទុកថាទទួលបានជោគជ័យដោយពិតប្រាកដ។ សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី ភាពទាក់ទាញនៃកម្មវិធីបណ្តុះបណ្តាល និងប្រសិទ្ធភាពរបស់លោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងកម្មវិធី គឺជាកត្តាដែលមិនអាចកាត់ផ្តាច់បានឡើយ។
បើតាមក្រសួងការងារ និងបណ្តុះបណ្តាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នា២០២៣នេះ នឹងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដើម្បីផ្តល់ឱកាសឱ្យក្រុមគោលដៅមានជំនាញឆាប់រហ័ស និងអាចមានការងារ មុខរបរសមរម្យក្នុងគោលបំណងលើកកម្ពស់ជីវភាពគ្រួសារ។
ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីបណ្តុះបណ្តាលនេះ ក្រសួងបានរៀបចំនូវវគ្គវិក្រឹត្យការបណ្តុះបណ្តាលគ្រូឧទ្ទេស រៀបចំហេដ្ឋារចនាសម្ព័ន្ធរួមមាន បន្ទប់រៀន បន្ទប់អនុវត្ត និងបន្ទប់ពិសោធន៍ ព្រមទាំងការកំណត់នូវកម្មវិធីសិក្សាផ្តោតលើវិស័យអាទិភាពចំនួន១០ និង ៣៨មុខជំនាញ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងមានឱកាសការងារខ្ពស់។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅក្រុងតាខ្មៅ ខេត្តកណ្ដាល នៅទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានជំរុញឱ្យផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីកម្មវិធីបណ្ដុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារកីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១.៥លាននាក់ នៅតាមបណ្ដាខេត្ត ដើម្បីឱ្យយុវជនគោលដៅបានចូលមកសិក្សាលើជំនាញនេះ។
ជាមួយគ្នានោះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានស្នើឱ្យរៀបចំចុះឈ្មោះពលរដ្ឋ ដែលចង់រៀនជំនាញវិជ្ជាជីវៈនានា ឱ្យកាន់តែងាយស្រួល និងត្រូវដកចេញនូវនីតិវិធីដែលស្មុគស្មាញចោល និងត្រូវសម្របសម្រួលជាមួយភាគីពាក់ព័ន្ធអនុញ្ញាតឱ្យកម្មករនិយោជិតអាចចូលរៀនជំនាញវិជ្ជាជីវៈលើកម្មវិធីបណ្ដុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ចំនួនប្រមាណ ១.៥ លាននាក់ ដល់កម្មករនិយោជិតផងដែរ ដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាពការងារនៅកន្លែងការងារ ដោយត្រូវរៀបចំវគ្គបណ្តុះបណ្តាលនៅវេនពេលយប់ ឬចុងសប្ដាហ៍។
បើតាម សម្តេចបវរធិបតី កម្មវិធីបណ្ដុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារកីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១.៥លាននាក់នេះ គឺបានផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលលើវិស័យសំខាន់ៗចំនួន ១០ ក្នុងនោះមានមុខជំនាញចំនួន ៣៨មុខជំនាញ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ទៀតថា វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ គ្រោងនឹងដំណើរការជាផ្លូវការនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា គោលដៅរបស់រាជរដ្ឋាភិបាលលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ គឺផ្ដោតជាសំខាន់លើការរៀនចប់ចេះ មានការងារធ្វើ និងចំគោលដៅ៕