ក្រសួងកសិកម្មត្រៀមដោះស្រាយបញ្ហាទីផ្សារ និងតម្លៃស្រូវពេលរដូវប្រមូលផល
(បាត់ដំបង)៖ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកសិកម្ម ឯកឧត្តម ងិន ឆាយ រួមជាមួយឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ និងថ្នាក់ដឹកនាំខេត្ត បានចូលរួមដឹកនាំវេទិកាពិភាក្សារវាងអជ្ញាធរមូលដ្ឋាន ស្ថាប័នជំនាញជាមួយរោងម៉ាស៊ីននិងសហគមន៍កសិកម្ម នៅខេត្តបន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់។
វេទិកានេះធ្វើឡើងក្នុងគោលបំណង សម្របសម្រួលដោះស្រាយបញ្ហាទីផ្សារនិងរក្សាស្ថេរភាពថ្លៃស្រូវជូនកសិករ កាត់បន្ថយការបាត់បង់ពេលប្រមូលផលស្រូវ និងដេីម្បីឲ្យរោងម៉ាសុីនក្នងស្រុកទទួលបានស្រូវគុណភាពល្អផងដែរ។
បើតាមឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ ដំណោះស្រាយសម្រាប់រដូវនេះគឺនឹងផ្តោតលេី
១. ការរៀបចំកន្លែងប្រមូលផ្ដុំស្រូវដេីម្បីងាយស្រួលដឹកជញ្ជូន
២. ការរៀបចំសម្របសម្រួលម៉ាស៊ីនច្រូត
៣. សម្របសម្រួលជាមួយរោងម៉ាស៊ីនកិនស្រូវក្នុងការចែកតំបន់គោលដៅទិញ។
៤. ការសម្របសម្រួលការដឹកជញ្ជូន
៥. ការផ្សព្វផ្សាយពីទីតាំងប្រមូលផ្តុំឲ្យរោងម៉ាសុីន អ្នកប្រមូលទិញស្រូវ និងកសិករឲ្យបានដឹងទាំងអស់គ្នា
៦. ការធ្វេីបច្ចុប្បន្នភាព និងផ្សព្វផ្សាយតម្លៃស្រូវឲ្យបានរាល់ថ្ងៃពេលរដូវប្រមូលផល
៧. ការបង្កេីតជាក្រុមតេឡេក្រាមដេីម្បីងាយស្រួលផ្លាស់ប្តូរព័ត៌មាននិងទំនាក់ទំនងសហការគ្នា។
ដោយឡែក ក្រុមមន្ត្រីជំនាញក៏បានណែនាំឲ្យមានការយកចិត្តទុកដាក់ក្នុងការប្រមូលទិញស្រូវ ពីកសិករដោយប្រេីពូជសុទ្ធផ្ការំដួល និងផ្តល់តម្លៃលេីកទឹកចិត្តបន្ថែមលេីសស្រូវធម្មតា។ មន្ត្រីជំនាញក៏នឹងបន្តជួយជំរុញឲ្យកសិករបន្តធ្វេីស្រូវពូជសែនក្រអូប០១ នៅរដូវប្រាំងខាងមុខដែលជាការចូលរួមចំណែកកសាងប្រព័ន្ធពូជសុទ្ធសម្រាប់ការនាំចេញ និងវិស័យស្រូវអង្ករជាតិផងដែរ។
ក្រៅពីនេះការយកចិត្តទុកដាក់លេីការគ្រប់គ្រងស្ថានភាពសន្តិសុខស្បៀងតាមឃុំស្រុក និងខេត្តក៏ជាកិច្ចការសំខាន់មួយដែលត្រូវចាប់ផ្តេីមយកចិត្តទុកដាក់ផងដែរ៕