Close

អ៊ុយក្រែននឹងមិនបោះឆ្នោតឡើយទោះបីជាលោកខាងលិចដាក់សម្ពាធក្តី

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
អ៊ុយក្រែននឹងមិនបោះឆ្នោតឡើយទោះបីជាលោកខាងលិចដាក់សម្ពាធក្តី អ៊ុយក្រែននឹងមិនបោះឆ្នោតឡើយទោះបីជាលោកខាងលិចដាក់សម្ពាធក្តី

បរទេស ៖ កាលពីថ្ងៃម្សិលមិញនេះ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានប្រកាសហើយថាក្នុងស្ថានភាពនេះគឺជាពេលវេលាដែលមិនសមស្របឡើយសម្រាប់អ៊ុយក្រែនក្នុងការបោះឆ្នោតជ្រើសរើសរដ្ឋាភិបាលអាណត្តិថ្មី។

ការបញ្ជាក់អះអាងសាជាថ្មីរបស់មេដឹកនាំអ៊ុយក្រែនរូបនេះបានធ្វើឡើងទោះបីជាបណ្តាប្រទេសលោកខាងលិចអស់រយៈពេលជាច្រើនខែកន្លងមកនេះបានដាក់សំពាធទៅលើសភាជាតិអ៊ុយក្រែនដើម្បីរៀបចំ និងដំណើរការបោះឆ្នោតនៅក្នុងប្រទេសដែលជាផ្នែកមួយនៃការបង្ហាញអំពីមូលដ្ឋានគ្រឹះប្រជាធិបតេយ្យនៅក្នុងប្រទេសដែលកំពុងហួងហែងដោយសារសង្គ្រាមមួយនេះ។

ថ្លែងនៅក្នុងសន្ទរកថាប្រចាំថ្ងៃ លោក Zelensky បានថ្លែងបែបនេះថា ៖ ពួកយើងត្រូវតែសម្រេចចិត្តនៅពេលនេះគឺសម្រាប់តែកិច្ចការងារការពារជាតិ និងពេលវេលាសម្រាប់ការប្រយុទ្ធប៉ុណ្ណោះដើម្បីធានាឲ្យបាននូវជោគវាសនារបស់ពលរដ្ឋអ៊ុយក្រែន។ ខ្ញុំជឿជាក់ថានេះគឺមិនមែនជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់ការបោះឆ្នោតថ្នាក់ជាតិនោះឡើយ ប៉ុន្តែជាពេលដែលត្រូវរួបរួមគ្នា។

ទោះបីជាយ៉ាងណាក្តី កាលពីសប្តាហ៍កន្លងមកនេះ រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែនលោក Dmitry Kuleba បានបញ្ជាក់ថាប្រធានាធិបតីលោក Zelensky កំពុងបន្តធ្វើការពិចារណានៅឡើយសម្រាប់ការបោះឆ្នោតឆ្នាំ២០២៤ ហើយលោកបានធ្វើការកត់សំគាល់ថាវាគឺជាកិច្ចការងារដ៏លំបាកក្នុងការរៀបចំការបោះឆ្នោតនៅពេលេនះ ពីព្រោះថាពលរដ្ឋអ៊ុយក្រែនជាច្រើនលាននាក់កំពុងភៀសខ្លួនចេញពីប្រទេសនៅឡើយ ហើយមនុស្សរាប់ម៉ឺននាក់ទៀតនៅបន្តធ្វើសង្គ្រាមនៅសមរភូមិនៅឡើយ។

គួរឲ្យដឹងដែរថា ការបោះឆ្នោតសភាដែលត្រូវបានគេសន្មត់ថានឹងធ្វើឡើងក្នុងខែនេះ ត្រូវបានពន្យារពេលដោយគ្មានកាលកំណត់នៅឡើយ ដោយសារច្បាប់អាជ្ញាសឹកដែលបង្កើតឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២២ ជាច្បាប់អ៊ុយក្រែនហាមប្រាមការបោះឆ្នោត ឬយុទ្ធនាការក្នុងអំឡុងពេលគ្រាអាសន្ននេះនៅឡើយ៕

អត្ថបទទាក់ទង