Close

ឈប់ម៉ូតូបន្លំខ្លួនទិញនំ ឃើញឱកាសល្អ ឆក់កាបូបស្ត្រីលក់នំពពាយ បានលុយជាង ២ពាន់ដុល្លា

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ព័ត៌មានសន្តិសុខ
ឈប់ម៉ូតូបន្លំខ្លួនទិញនំ ឃើញឱកាសល្អ ឆក់កាបូបស្ត្រីលក់នំពពាយ បានលុយជាង ២ពាន់ដុល្លា ឈប់ម៉ូតូបន្លំខ្លួនទិញនំ ឃើញឱកាសល្អ ឆក់កាបូបស្ត្រីលក់នំពពាយ បានលុយជាង ២ពាន់ដុល្លា

មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈមានករណីស្ត្រីវ័យចំណាស់ជាអ្នកលក់នំពពាយម្នាក់ ត្រូវបានជនសង្ស័យចំនួន៣នាក់ជិះម៉ូតូមួយគ្រឿងមកបន្លំធ្វើជាទិញនំ ហើយឃើញមានឱកាសល្អ ក៏ធ្វើសកម្មភាពឆក់យកកាបូបបានសម្រេច រួចនាំគ្នាជិះរត់គេចខ្លួនចេញទៅបាត់ស្រមោល បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចខាងមុខរបងសាលាចតុមុខ តាមបណ្តោយមហាវិថីព្រះនរោត្តម ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

យោងតាមប្រភពព័ត៌មានពីស្ត្រីជនរងគ្រោះខាងលើ បានអោយដឹងថា មុនពេលកើតហេតុ មានបុរសចំនួន២នាក់ និងនារីម្នាក់ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក បានមកឈប់នៅកន្លែងលក់នំរបស់គាត់ ហើយមានបុរសម្នាក់ជាអ្នកដើរមកទិញនំពពាយចំនួន៣ ហើយរូបគាត់ក៏បានរៀបចំធ្វើនំតាមការកុម្ម៉ងពីបុរសរូបនោះ។

យោងតាមការឱ្យដឹងពីសំណាក់ ស្ត្រីរងគ្រោះបានឱ្យដឹងថា ស្របពេលនោះ រូបគាត់បានទាញដូងយកមកកោស ដើម្បីដាក់ខាងក្នុងនំ ហើយគាត់ក៏បានយកកាបូបដាក់លុយទុកនៅខាងលើកញ្ច្រែងនំ ស្រាប់តែជនសង្ស័យឃើញឱកាសល្អ ក៏បានឆក់យកកាបូបលុយរបស់គាត់បានសម្រេច ហើយរត់ឡើងម៉ូតូ រួចនាំគ្នាជិះរត់គេចខ្លួនចេញទៅបាត់តែម្តង ធ្វើអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលធ្វើដំណើរកាត់តាមផ្លូវ ឃើញដូច្នោះក៏បានជិះដេញតាមពីក្រោយ តែមិនបានប្រុងប្រយ័ត្នធ្វើអោយរអិលដួលម៉ូតូរងរបួសស្រាលថែមទៀតផង។

គួរបញ្ជាក់ផងដែរថា នៅក្នុងហេតុការណ៍មួយនេះ ស្ត្រីចំណាស់ជាអ្នកលក់នំពពាយ ដែលត្រូវជនសង្ស័យបន្លំធ្វើជាទិញនំ ហើយឆក់យកកាបូបបានសម្រេចនោះ គឺនៅក្នុងកាបូបនោះមានទឹកប្រាក់ចំនួន៨លានរៀល និងមាសចំនួន២តម្លឹង ហើយក្រដាសបញ្ចាំចំនួន២ផងដែរ។ បច្ចុប្បន្ន ស្រី្តរងគ្រោះត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ នាំទៅដាក់ពាក្យបណ្តឹងដើម្បីអោយកម្លាំងជំនាញ បើកការស្រាវជ្រាវតាមរកជនសង្ស័យយកយកមកផ្តន្ទាទោសទៅតាមច្បាប់ផងដែរ៕