អាជ្ញាធរជាតិអប្សរាកំពុងរៀបចំរបាសុវត្ថិភាព នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត
សៀមរាប : ក្នុងគោលបំណងធានាឲ្យបាននូវសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឆ្លងចូលទស្សនាប្រាសាទអង្គរវត្ត និងក្រោយពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ឆាប់ៗខាងមុខនេះ អាជ្ញាធរកំពុងរៀបចំរបាសុវត្ថិភាព បង្ការគ្រោះថ្នាក់ដោយយថាហេតុណាមួយ សម្រាប់ភ្ញៀវធ្វើដំណើរនៅលើស្ពានហាលនេះ។
ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា រចនាសម្ព័ន្ធរបស់ស្ពានហាល ត្រូវបានជួសជុលរួចរាល់ទាំងស្រុង នឹងបើកឱ្យភ្ញៀវជាតិ និងអន្តរជាតិ បានឆ្លងចូលទៅទស្សនាប្រាសាទអង្គរវត្តឡើងវិញនាពេលខាងមុខ។
ដោយគិតគូរខ្ពស់អំពីសុវត្ថិភាពរបស់ភ្ញៀវ ដែលបានផ្តោតការចាប់អារម្មណ៍ទៅតែសម្រស់របស់ស្ពាន ដែលទើបជួសជុលរួចរាល់ និងប្រាង្គប្រាសាទអង្គរវត្តដ៏ទាក់ទាញនោះ ភ្ញៀវអាចនិងភ្លេចខ្លួនដើរហួសតួស្ពាន បណ្តាលឱ្យធ្លាក់ទឹក បង្ករជាគ្រោះថ្នាក់ទៅវិញ អាជ្ញាធរជាតិអប្សរាកំពុងរៀបចំដាក់របា សុវត្ថិភាព នៅសងខាងនៃតួស្ពានហាល មានលក្ខណៈជាបង្កប់ ស្ទើរតែមិនអាចមើលឃើញនឹងភ្នែកឡើយ។ ប៉ុន្តែនៅពេលដើរចូលទៅកៀក ភ្ញៀវទេសចរនឹងទទួលបានការពង្ញាក់អារម្មណ៍ ឱ្យបង្កើនការប្រុងប្រយ័ត្ននៅពេលធ្វើដំណើរ។
មួយវិញទៀតឯកឧត្តមអគ្គនាយករង មានប្រសាសន៍បន្ថែមទៀតថា ដោយការព្រួយបារម្ភអំពីភាពសឹករិចរឹលរបស់ថ្ម ទៅថ្ងៃអនាគត ដោយសារកំណើនរបស់ភ្ញៀវធ្វើដំណើរឆ្លងកាត់នោះ អាជ្ញាធរជាតិអប្សរា នៅតែបន្តរក្សាទុកស្ពានបណ្តែតទឹកឱ្យបន្តដំណើរការដដែល៕