Close

ប្រទះឃើញបក្សីត្រយងចំពុះស្លាបព្រានៅតំបន់អភិរក្សសត្វខ្សឹបជីក្រែង

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ប្រទះឃើញបក្សីត្រយងចំពុះស្លាបព្រានៅតំបន់អភិរក្សសត្វខ្សឹបជីក្រែង ប្រទះឃើញបក្សីត្រយងចំពុះស្លាបព្រានៅតំបន់អភិរក្សសត្វខ្សឹបជីក្រែង

ភ្នំពេញ ៖ ក្រុមអង្កេតតាមដានជីវចម្រុះប្រចាំតំបន់ទន្លេសាប នៃអង្គការ WCS បានប្រទះឃើញបក្សីត្រយងចំពុះស្លាបព្រា (Platalea leucorodia) នៅតំបន់អភិរក្សសត្វខ្សឹបជីក្រែង ដែលជាផ្នែកមួយនៃតំបន់ការពារទេសភាពទំនាប ទន្លេសាបខាងជើង កាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៣។ នេះជាលើកទី៦ហើយដែល ក្រុមអ្នកអភិរក្សបានប្រទះឃើញនិងកត់ត្រា។

កំណត់ត្រាទីមួយត្រូវបានប្រទះឃើញនៅតំបន់ការពារទេសភាពអាងត្រពាំងថ្មក្នុងឆ្នាំ ២០០៣ កំណត់ត្រាទីពីរនៅតំបន់រ៉ាមសារព្រែកទាល់ក្នុងឆ្នាំ ២០០៤ របាយការណ៍មួយទៀតត្រូវបានកត់ត្រានៅឆ្នាំ ២០០៥ ហើយកំណត់ត្រាទី៤ គឺនៅក្បែតំបន់ភ្នំក្រោម ក្រុងសៀមរាបក្នុងឆ្នាំ ២០១២ និងលើកទី៥ នៅតំបន់ការពារទេសភាពអាងត្រពាំងថ្ម នៅឆ្នាំ២០១៥។

ទាក់ទិននឹងគម្លាតឆ្នាំនៃការប្រទះឃើញប្រភេទសត្វនេះ លោក ស៊ុម ភារុណ ប្រធានកម្មវិធី អង្គការ WCS ប្រចាំតំបន់ទេសភាពទំនាបទន្លេសាប បានឱ្យដឹងថា តាមរយៈគម្រោងទន្លេសាបយើងដែលគាំទ្រដោយសហភាពអ៊ឺរ៉ុប និងមូលនិធិ Margaret A. Cargill Philanthropies ក្រុមការងារតាមដានជីវចម្រុះមូលដ្ឋាន បានបញ្ជាក់អំពីវត្តមាននៃសត្វត្រយងចំពុះស្លាបព្រានេះ អាចជាការវិលត្រឡប់មកកាន់ទីជម្រករកចំណីនៅតំបន់ដីសើមជុំវិញបឹងទន្លេសាប និងតំបន់ដីសណ្ដទន្លេមេគង្គក្រោម ការកត់ត្រាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៥ មក។

លោក ស៊ុម ភារុណ បានឱ្យដឹងទៀតថា ទោះយ៉ាងណាក៏ដោយ ដោយសារភាពកម្រ ឱកាសនៃការប្រទះឃើញប្រភេទសត្វនេះគឺនៅមានកម្រិតទាប។ បញ្ហាប្រឈមមួយទៀតគឺថា សត្វនេះតែងតែស្វែងរកចំណីរបស់វាជាមួយនឹងប្រភេទសត្វផ្សេងទៀតដូចជា រនៀលពណ៌ (Mycteria leucocephala) និង និងត្រយងខ្លួនស (Threskiornis melanocéphalus) ជាដើម ដែលបង្កការលំបាកយ៉ាងខ្លាំងសម្រាប់ក្រុមនៅវាលក្នុងការអង្កេត និងការកំណត់អត្តសញ្ញាណ»។

សត្វត្រយងចំពុះស្លាបព្រា ត្រូវបានចុះក្នុងបញ្ជីក្រហមរបស់ IUCN ជាប្រភេទរងគ្រោះតិចតួចបំផុត ប៉ុន្តែវាកម្រមានណាស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប្រភេទសត្វនេះមានវត្តច្រើននៅក្នុងទ្វីបអឺរ៉ុប អាហ្រ្វិក និងអាស៊ី ហើយជាធម្មតាធ្វើទេសន្តរប្រវេសន៍ទៅកាន់តំបន់ដីសើម នៅអាស៊ីអាគ្នេយ៍ និងប្រទេសឥណ្ឌា។ ការមើលឃើញនេះបង្ហាញពីភាពសម្បូរបែបនៃឋានប្រព័ន្ធដ៏អស្ចារ្យនៃទីជម្រកតំបន់ដីសើមទឹកសាប និងការប្តេជ្ញាចិត្តរបស់សហគមន៍មូលដ្ឋានក្នុងការអភិរក្សតំបន់ដីសើមទាំងនេះសម្រាប់សត្វស្លាបទឹកធំៗ។ ដូច្នេះ វាមានសារៈសំខាន់ណាស់ក្នុងការការពារ និងអភិរក្សទីជម្រកនេះ ដើម្បីជាប្រយោជន៍ដល់ជីវចម្រុះ និងសហគមន៍៕

អត្ថបទទាក់ទង