កម្ពុជាដាក់គោលដៅបង្កើនគម្របព្រៃឈើឱ្យបាន៦០% នៅឆ្នាំ២០៥០
កម្ពុជា តាមរយៈក្រសួងបរិស្ថានជាសេនាធិការបានដាក់ចេញនូវគោលដៅក្នុងការបង្កើនគម្របព្រៃឱ្យបាន៦០% នៅឆ្នាំ២០៥០។ ការបង្កើនគម្របព្រៃឈើនេះនឹងធ្វើឡើងដោយពង្រឹងការផ្សព្វផ្សាយ និងដាក់ចេញនូវវិធានការដ៏ចម្បងដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីគ្រប់គ្រងធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព។
ជាសកម្មភាពមួយក្នុងការសម្រេចគោលដៅខាងលើ ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ក្នុងខេត្តក្រចេះ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣កន្លងទៅ។
នាឱកាសនោះដែរ ឯកឧត្តម បានលើកឡើងពីការរៀបចំយន្ដការនានាសម្ដៅធ្វើយ៉ាងណាឱ្យការការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយនិរន្តភាពតា មរយៈការអនុវត្តវិធានការ៤ចំណុច ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដែលបានដាក់ចេញដោយលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន។
យ៉ាងណាមិញ វិធានការចម្បងចំនួន៤ ដើម្បីគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ ឲ្យមានប្រសិទ្ធភាពរួមមាន៖ ទី១ ក្រសួងបរិស្ថានជំរុញការអនុវត្តច្បាប់១០០% និងបញ្ចប់នូវវប្បធម៌ អប់រំ ណែនាំ និងចុះកិច្ចសន្យា ហើយដោះលែង ចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ។
ទី២ ក្រសួងបរិស្ថាន សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ជាពិសេសជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ឲ្យបានស្អិតរមួត ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ។
ទី៣គឺ សហការជាមួយអង្គភាពប្រឆាំងនឹងអំពើពុករលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការបង្រ្កាបនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក
និងចុងក្រោយគឺ ជំរុញការដាំដើមឈើឲ្យច្រើនជាងការកាប់ដើម្បីរក្សានូវកំណើន ជាពិសេសការជំរុញ ការដាំស្តារព្រៃឈើ ដែលជាទិសដៅអាទិភាព បង្កើនគម្របព្រៃឈើឲ្យបាន៦០% នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅតាមសហគមន៍ រួមទាំងការអភិរក្សជីវចម្រុះដោយចីរភាព។
ជាការអនុវត្តជាក់ស្ដែង ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការកាលពីថ្ងៃទី១០ តុលា ដោយប្ដេជ្ញាក្នុងការផ្តល់ និងដាំដើមឈើយ៉ាងតិច ១លានដើមក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៤៕